ជាតិ
ក្រសួងសេដ្ឋកិច្ច កំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីងាយគ្រប់គ្រង
16, Jan 2021 , 1:29 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ដោយ:
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាសស្ដីពីការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស ដើម្បីឲ្យមានសង្គតិភាពក្នុងការគ្រប់គ្រង ប្រមូលចំណូលពន្ធគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព តម្លាភាព និងសមធម៌ ស្របតាមការរីកចម្រើនសេដ្ឋកិច្ចនៃកម្ពុជា។

 
តាមសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ចុះថ្ងៃទី១២ មករា ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមប្រព័ន្ធស្វ័យប្រកាស ដែលប្រកបអាជីវកម្មនៅកម្ពុជា និងបានចុះបញ្ជីពន្ធដារចាប់ពីឆ្នាំ២០២១តទៅ។ ដោយឡែកការកំណត់ថ្នាក់អ្នកជាប់ពន្ធតាមប្រព័ន្ធស្វ័យប្រកាស ត្រូវផ្អែកលើកម្រិតផលរបរប្រចាំឆ្នាំទៅតាមវិស័យចម្បង រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យសេវាកម្ម និងពាណិជ្ជកម្ម។
 
ការកំណត់ចំណាត់ថ្នាក់អ្នកជាប់ពន្ធតាមប្រព័ន្ធស្វ័យប្រកាស ត្រូវបានចាត់ថ្នាក់ជាបីប្រភេទរួមមាន អ្នកជាប់ពន្ធតូច, អ្នកជាប់ពន្ធមធ្យម និងអ្នកជាប់ពន្ធធំ។ ប្រកាសខាងលើ បញ្ជាក់ថា សម្រាប់អ្នកជាប់ពន្ធតូច ជាសហគ្រាសឯកបុគ្គល ឬសហគ្រាសសហកម្មសិទ្ធ ដែលមានផលរបរប្រចាំឆ្នាំ ២៥០លានរៀល ដល់ ១ ០០០ លានរៀលសម្រាប់វិស័យកសិកម្ម, សេវាកម្ម និងពាណិជ្ជកម្ម, មានផលរបរប្រចាំឆ្នាំ ពី ២៥០លានរៀល ដល់ ១ ៦០០លានរៀល សម្រាប់វិស័យឧស្សាហកម្ម។ 
 
ជាមួយគ្នានេះ អ្នកជាប់ពន្ធតូច ត្រូវមានផលរបររយៈពេល ៣ខែជាប់គ្នាណាមួយ ដែលបញ្ចប់ក្នុងឆ្នាំប្រតិទិនចរន្តចាប់ពី ៦០លានរៀលឡើងទៅ ដោយរំពឹងថាមានផលរបរក្នុងរយៈពេល ៣ខែជាប់គ្នា ចាប់ពី ៦០លានរៀលឡើងទៅ។ លើសពីនេះ អ្នកជាប់ពន្ធតូច ត្រូវចូលរួមដេញថ្លៃ ពិគ្រោះថ្លៃ ឬស្ទង់ថ្លៃ ក្នុងការផ្គត់ផ្គង់ទំនិញ ឬសេវាកម្ម រួមទាំងភាស៊ី។ 
 
ក្រសួងសេដ្ឋកិច្ច បន្តថា ចំពោះអ្នកជាប់ពន្ធមធ្យមវិញ ជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌដែលមានផលរបរ ប្រចាំឆ្នាំលើសពី ១ ០០០ លានរៀលដល់ ៤ ០០០លានរៀល សម្រាប់វិស័យកសិកម្ម និងមានផលរបរប្រចាំឆ្នាំលើសពី ១ ០០០លានរៀល ដល់ ៦ ០០០លានរៀល សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម។សម្រាប់វិស័យឧស្សាហកម្ម ត្រូវមានផលរបរប្រចាំឆ្នាំលើសពី ១ ៦០០លានរៀល ដល់ ៨ ០០០លានរៀល។
 
បើតាមប្រកាសដដែល អ្នកជាប់ពន្ធមធ្យម ជាសហគ្រាសដែលចុះបញ្ជីជានីតិបុគ្គល ការិយាល័យតំណាង ឬជាស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ, ជាបេសកកម្មទូត និងកុងស៊ុលបរទេស អង្គការអន្តរជាតិ និងភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ឬគម្រោងដែលស្ថិតក្រោមស្ថាប័នទាំងនេះ។
 
ដោយឡែក អ្នកជាប់ពន្ធធំ ជាបុគ្គលដែលស្ថិតក្នុងលក្ខខណ្ឌមានផលរបរប្រចាំឆ្នាំលើសពី ៤ ០០០លានរៀល សម្រាប់វិស័យកសិកម្ម, សម្រាប់វិស័យសេវាកម្ម និងពាណិជ្ជកម្ម ត្រូវមានផលរបរ ប្រចាំឆ្នាំលើសពី ៦ ០០០លានរៀល និងវិស័យឧស្សាហកម្ម ត្រូវមានផលរបរប្រចាំឆ្នាំលើសពី ៨ ០០០លានរៀល។ ទន្ទឹមនឹងនេះ អ្នកជាប់ពន្ធធំ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុជាតិ សាខាក្រុមហ៊ុនបរទេស ឬជាសហគ្រាសដែលបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។
 
ប្រកាសដែលចុះហត្ថលេខាដោយ លោក អូន ព័ន្ធមុនីរ័ត្ន បន្ថែមថា ក្នុងករណីផលរបរដែលអ្នកជាប់ពន្ធបានប្រកាសមិនឆ្លុះបញ្ចាំងនូវផលរបរជាក់ស្ដែងរបស់អ្នកជាប់ពន្ធទេនោះ អគ្គនាយកដ្ឋានពន្ធដារមានសិទ្ធិធ្វើចំណាត់ថ្នាក់អ្នកជាប់ពន្ធឡើងវិញ ដោយផ្អែកលើតម្លៃទ្រព្យសកម្មដែលបានប្រើប្រាស់ក្នុងអាជីវកម្មរបស់សហគ្រាស៕ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com