ជាតិ
ស្ថិតក្នុងជម្រើសពានរង្វាន់ Oscar ភាពយន្ត «ដើម្បីកូន» ត្រូវបញ្ចាំងជាលើកចុងក្រោយ
16, Jan 2021 , 9:29 pm        
រូបភាព
ភ្នំពេញ៖ «ដើម្បីកូន» ជាភាពយន្តដែលឆ្លុះបញ្ចាំងពីជីវិតទាល់ច្រក ស្រង់ចេញពីតថភាពសង្គមខ្មែរ ដែលបង្ហាញពីអម្រែករបស់ឪពុកខ្វះចំណេះដឹងមួយរូប ដែលព្យាយាមចិញ្ចឹមកូន និងរ៉ាប់រងបន្ទុកគ្រួសារតែម្នាក់ឯង ដោយមិនត្អូញត្អែរមួយម៉ាត់។ ភាពយន្តដែលជាស្នាដៃរបស់ផលិតករខ្មែរ នេះត្រូវចាក់បញ្ចាំងជាលើកចុងក្រោយក្នុងខែមករានេះ  ក្រោយត្រូវបានជ្រើសរើសឲ្យចូលរួមប្រកួតប្រជែងពានភាពយន្តឆ្នើមអន្តរជាតិ «Academy Award» ឬហៅថា អូស្ការ (Oscar) ផង។

 
ជាភាពយន្តបែបកម្សត់ដែលបង្កប់អត្ថន័យជីវិតរាប់មិនអស់ «ដើម្បីកូន» ត្រូវបានបញ្ចាំងជាលើកចុងក្រោយ នៅគ្រប់រោងកុនក្នុងរាជធានីភ្នំពេញចាប់ពីថ្ងៃ ៧ មករាមក បន្ទាប់ពីខកខានបញ្ចាំង២លើករួចមកហើយ ព្រោះតែជំងឺឆ្លងកូវីដ-១៩។ 
ថ្វីដ្បិតរឿង «ដើម្បីកូន» ហាក់បង្ហាញដោយត្រង់ ពីការលះបង់របស់ឪពុកដែលជាកម្មករធាក់ស៊ីក្លូ ចំពោះកូនៗ  ភាពយន្តនេះក៏បានបង្ហាញផងដែរ ពីជីវិតទាល់ច្រក  ព្រោះតែភាពអវិជ្ជា ដោយខំប្រឹងធ្វើការទាំងត្រដរ។ អ្នកទស្សនា មិនត្រឹមតែស្រមៃឃើញ ការលះបង់របស់ឪពុកខ្លួននៅនឹងភ្នែកឡើយ ប៉ុន្តែភាពយន្តនេះអាចស្រាយចំណោទជីវិតរបស់ទស្សនិកជនក្នុងផ្នែកខ្លះផងដែរ។
 
ក្នុងកម្មវិធីបើកដំណើរការចាក់បញ្ចាំងខ្សែភាពយន្ត«ដើម្បីកូន» ឡើងវិញ នៅរោងភាពយន្តប្រាមស៊ីណេផ្លិច នាផ្សារទំនើបសម័យសឃ្វែរនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៧មករាឆ្នាំ២០២១ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីខកខានបញ្ចាំង២លើកព្រោះតែកូវីដ១៩ ពេលនេះរឿង «ដើម្បីកូន» អាចបើកទំព័រថ្មីដោយសង្ឃឹមទាំងស្រុងលើទស្សនិកជន។ 


 
ទោះជាកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាជនក្តី ផលិតកររឿង «វិកលចរិត» រូបនេះ នៅតែរំពឹងថារឿង «ដើម្បីកូន» នឹងទទួលបានការគាំទ្រពីទស្សនិកជន ព្រោះនេះជាលើកចុងក្រោយហើយ នៃការបង្ហាញខ្លួននៃភាពយន្តនេះនៅក្នុងរោងកុន។
«ខ្ញុំសង្ឃឹមថាអ្នកទស្សនានឹងជួយគាំទ្រ ប៉ុន្តែអ្នកមិនមានលទ្ធភាពខ្ញុំក៏មិនហ៊ានបង្ខំដែរ ព្រោះយើងសុទ្ធតែលំបាកព្រោះតែកូវីដដូចគ្នា»។ លោក យ៉ាឡេង ថ្លែងដូច្នេះ។ 
ស្របពេលរឿង «ដើម្បីកូន» ខំដើរទៅមុខទាំងត្រដាបត្រដួសព្រោះជំងឺអាសន្នរោគ ដែលវាយប្រហារស្ទើរពាសពេញសកលលោក ដំណឹងល្អមួយក៏បានចូលមកដល់ជាមួយគ្នាដែរ។ នោះគឺ  ភាពយន្តនេះត្រូវបានជ្រើសរើសយកទៅដាក់ប្រកួតប្រជែងពានរង្វាន់អូស្ការ កាលពីខែកញ្ញា ឆ្នាំ២០២០។ ពេលនេះរឿង «ដើម្បីកូន» កំពុងស្ថិតក្រោមការវាយតម្លៃរបស់គណៈកម្មការនៅសហរដ្ឋអាមេរិក។ 
 
យ៉ាងណាមិញ លោក យ៉ាឡេង មានប្រសាសន៍ថា ដោយសារតែកូវីដ ការផ្ញើរឿងទៅជូនគណៈកម្មការ មានការលំបាកជាងឆ្នាំមុនៗ ហើយលោកពន្យល់ដូច្នេះ៖« យើងត្រូវបញ្ចាំងកុននេះ២ទៅ៣ដង ដើម្បីអាចឱ្យគណៈកម្មការបានមើលគ្រប់គ្នា ព្រោះគាត់មិនអាចមកជុំគ្នាបាន ហើយទម្រាំគណៈកម្មការនៅកម្ពុជា សម្រេចជ្រើសរើស។ ពេលយើងផ្ញើជូនគណៈកម្មការនៅអាមេរិកមើល យើងត្រូវកូពី ឌីស ចំនួន៥០ឌីស ដើម្បីឱ្យគណៈកម្មការមើលនៅតាមផ្ទះ ប៉ុន្តែឆ្នាំមុនៗគេគ្រាន់តែផ្ញើលីងតាមអនឡាញ ១ប៉ុណ្ណោះ»។



 
លោកបន្តថា ៖«ដំណាក់កាលនេះគណៈកម្មការកំពុងមើល និងដាក់ពិន្ទុរឿង យើងនឹងដឹងលទ្ធផលប្រហែលក្នុងអំឡុងខែកុម្ភៈឬមីនា។ ខ្ញុំមិនទាន់ហ៊ានរំពឹកថាជាប់ ឬយ៉ាងណាទេ ប៉ុន្តែនេះក៏ជាកិត្តិយសមួយ ដែលភាពយន្តរបស់ខ្ញុំបានទៅដល់អូស្ការ។ គណៈកម្មការថារឿង «ដើម្បីកូន» បង្ហាញពីគុណតម្លៃឪពុក ប្រពៃណីវប្បធម៌ និងចរិតរបស់ឪពុកក្នុងសង្គមខ្មែរ ហើយវាជារឿងដែលអូស្ការចង់បាន ព្រោះអូស្ការមិនដែលទទួលបានរឿងប្រភេទនេះពីមុនមក»។ 
 
ពាក់ព័ន្ធនឹងការប្រជែងយកពានរង្វាន់អូស្ការនេះដែរ ផលិតកររូបនេះ ក៏បានបញ្ជាក់ដែរពីការចិញ្ចឹមចិត្តផលិតភាពយន្តមួយ ដើម្បីដាក់ប្រកួតប្រជែងយកពានពិភពលោកផងដែរ។ ប្រហែល២ឆ្នាំទៅមុខ រឿងបែបវិទ្យាសាស្ត្រ ដែលបំពេញអារម្មណ៍អ្នកទស្សនាទូទាំងពិភពលោក អាចនឹងចេញជារូបរាង។ រឿងនោះហើយដែលលោក យ៉ាឡេង ត្រូវផលិតត្រៀមប្រកួតយកពានរង្វាន់នោះ។ 
 
«ខ្ញុំប៉ងយូរហើយថា ខ្ញុំនឹងផលិតភាពយន្តមួយដើម្បីយកពានតែម្ដង ប៉ុន្តែបើមិនបានទទួលទេ ខ្ញុំនឹងប្រាប់ទស្សនិកជនរបស់ខ្ញុំថា សមត្ថភាពរបស់ខ្ញុំបានតែត្រឹមហ្នឹងទេ ប៉ុន្តែខ្ញុំនឹងធ្វើវាឱ្យល្អបំផុត។ ទាល់តែខ្ញុំមានលទ្ធភាពគ្រប់គ្រាន់ទើបខ្ញុំធ្វើ ព្រោះរឿងនោះត្រូវការឧបករណ៍ និងសម្ភារទំនើបច្រើន។ យើងអាចចាយទុនយ៉ាងតិច ១៥ម៉ឺនដុល្លារ»។ លោក យ៉ាឡេងថ្លែងដូច្នេះ។ 


 
ដោយសារកូវីដ១៩ ក្នុងឆ្នាំ២០២០ គម្រោងថ្មីៗរបស់លោក យ៉ាឡេង មិនអាចចេញរួចបើទោះបីជាគេមើលឃើញថា លោកបានប្រឹងជម្នះខ្លាំងយ៉ាងណាក្ដី។ ប៉ុន្តែក្នុងឆ្នាំ២០២១ បុរសដែលបានមានពិសោធន៍ ក្នុងវិស័យភាពយន្តប្រមាណ២០ឆ្នាំមកហើយនេះ គ្រោងផលិតភាពយន្តយ៉ាងតិចឱ្យបាន២រឿង ដើម្បីបំពេញតម្រូវការទីផ្សារ ដោយវាជាប្រភេទរឿង ជីវិត និងរឿង Action Funny។ 
 
ក្នុងពេលបញ្ចាំងរឿង «ដើម្បីកូន»លើកទីមួយ លោក  យ៉ាឡេង រៀបរាប់ថា ខ្លួនបានបាត់ភ្ញៀវប្រហែល៣០ភាគរយព្រោះតែកូវីដ១៩ បើធៀបនឹងចំនួនអ្នកទស្សនារឿង «វិកលចរិត»។ 
ការបញ្ចាំងជាលើចុងក្រោយនេះ រោងកុនប្រាមស៊ីណេផ្លិច លេចេនស៊ីណេផ្លិច និងមេជើស៊ីណេផ្លិច បញ្ចុះតម្លៃជាពិសេសសម្រាប់សំបុត្រចូលទស្សនា ដើម្បីជួយសម្រួលដល់អតិថិជនក្នុងវិបត្តិកូវីដ។ ចាប់បញ្ចាំងតាំងពីថ្ងៃទី៧មករា ឆ្នាំ២០២១ រឿង «ដើម្បីកូន» អាចត្រូវបញ្ចាំងយ៉ាងតិចពេញមួយសប្ដាហ៍ ឬអាចយូរជាងនេះ អាស្រ័យលើសន្ទុះនៃអ្នកគាំទ្រ។ រូប៤
ជាមួយគ្នានេះ លោក យ៉ាឡេង នៅតែទទូចដល់ឱ្យប្រជាជនខ្មែរ គាំទ្រភាពយន្តជាតិ ជាពិសេសភាពយន្តដែលមានគុណភាព តាមរយៈការចូលទស្សនា ការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយ ដល់អ្នកដែលបានស្គាល់ ដើម្បីឱ្យមានការគាំទ្រដែលជំរុញដល់ការផលិតភាពយន្តកាន់តែច្រើនថែមទៀត។ 
 
សូមបញ្ជាក់ថា លោក ហ៊ុយ យ៉ាឡេង ត្រូវបានទស្សនិកជនក្នុងប្រទេស ក៏ដូចជាបរទេសស្គាល់ច្រើន ដោយសារតែស្នាដៃរបស់លោកក្នុងការផលិតរឿង «វិកលចរិត»។ ភាពយន្តនេះ បានចូលក្នុងមហោស្រពភាពយន្តជាច្រើន ដូចជានៅហុងកុង ម៉ាឡេស៊ី ថៃ និងទទួលបានពានពីប្រទេសចិនផងដែរ។ ចំណែករឿង   «ដើម្បីកូន»វិញ ជាគម្រោងសម្រាប់ចុងឆ្នាំ២០២១ ភាពយន្តនេះនឹងត្រូវនាំទៅបង្ហាញក្នុងមហោស្រពភាពយន្តនានា ជាច្រើននៅក្រៅប្រទេស ដោយចាប់ផ្តើមមុនគេនៅចិន៕ 
 
 
 
 

Tag:
 សិល្បៈ
 ភាពយន្ត
  រោងកុន
© រក្សាសិទ្ធិដោយ thmeythmey.com