ជាតិ
រយៈពេល៧ខែ ខេត្តព្រៃវែង នាំចេញស្រូវទៅវៀតណាមជិត ១លានតោន ខណៈបច្ចុប្បន្នទីផ្សារបន្លែ និងត្រីប្រសើរឡើងវិញ
16, Jan 2021 , 11:29 pm        
រូបភាព
ការនាំចេញស្រូវក្នុងខេត្តព្រៃវែង (រូបភាពពីហ្វេសប៊ុកលោកអ៊ុកសំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង)
ការនាំចេញស្រូវក្នុងខេត្តព្រៃវែង (រូបភាពពីហ្វេសប៊ុកលោកអ៊ុកសំណាង ប្រធានមន្ទីរកសិកម្មខេត្តព្រៃវែង)
ដោយ:
ភ្នំពេញ៖ របាយការណ៍របស់មន្ទីរកសិកម្មខេត្តព្រៃវែង ស្ដីពីការនាំចេញស្រូវទៅប្រទេសវៀតណាមតាមច្រកនីមួយៗ រយៈពេល៧ខែ គិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខេត្តព្រៃវែង បាននាំចេញស្រូវទៅវៀតណាមសរុប ៩៩០.៨០៣ តោន ដែលមានតម្លៃជាមធ្យម ១.០៤០ រៀលក្នុងមួយគីឡូក្រាម។

 
បើតាមរបាយការណ៍ដដែល ស្រូវទាំងនោះត្រូវបាននាំចេញតាមច្រកបន្ទាយចក្រី ច្រកកោះរការ ច្រកកោះសំពៅ ច្រកពាមអន្ទា និងច្រកបាទី។ ក្រៅពីមានការនាំចេញស្រូវទៅប្រទេសវៀតណាម ដែលជួយលើកកម្ពស់សេដ្ឋកិច្ចកសិករខេត្តព្រៃវែង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា បច្ចុប្បន្នផលិតផលកសិកម្មក្នុងខេត្តព្រៃវែង ហាក់មានសន្ទុះវិញក្រោយបិទបញ្ចប់នៃព្រឹត្តិការណ៍ ២៨វិច្ឆិកា។
 
ប្រធានមន្ទីរកសិកម្មរូបនេះ ប្រាប់យ៉ាងដូច្នេះ៖«ប្រមាណមួយសប្ដាហ៍ហើយ ដែលទីផ្សារកសិកម្មមានសន្ទុះបន្តិចវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍២៨វិច្ឆិកា ក៏ដូចជាមានការទប់ស្កាត់ការនាំចូលផលិតផលកសិកម្មពីខាងក្រៅ»។ លោក អ៊ុក សំណាង បន្តថា សម្រាប់តម្លៃបន្លែស្លឹកដូចជាស្ពៃ សាលាដ មានតម្លៃជាមធ្យម ១ ០០០រៀលក្នុងមួយគីឡូក្រាម។ ចំណែកតម្លៃពងទា មានតម្លៃ ៣៣០រៀល និងសម្រាប់តម្លៃត្រី(ត្រីប្រា,ត្រីឆ្ពិន)កើនដល់ ៤ ០០០រៀល ទៅ ៥ ៥០០រៀលក្នុងមួយគីឡូក្រាម។
 
ការផ្អាកការនាំចូលត្រី និងផលិតកសិកម្មមួយចំនួនដែលកម្ពុជាអាចផលិតបាន ជាផ្នែកមួយជួយឲ្យមានភាពប្រសើរឡើងវិញ នៃវិស័យកសិកម្មក្នុងស្រុក ក្រៅពីការបិទបញ្ចប់នៃព្រឹត្តិការណ៍ ២៨វិច្ឆិកា។ នេះជាការបញ្ជាក់របស់លោក អ៊ុក សំណាង។
 
លោក ផន រ៉ានី អ្នកចិញ្ចឹមត្រី នៅភូមិទួលតារី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង បានបង្ហាញពីអារម្មណ៍សប្បាយចិត្តក្រោយទីផ្សារត្រី ប្រសើរឡើងវិញ ក្នុងនោះតម្លៃត្រីអណ្ដែង ចាប់ពី ៥ ៥០០រៀល ដល់ ៦ ០០០រៀលក្នុងមួយគីឡូក្រាម ខណៈតំបន់ខ្លះអាចឡើងដល់ ៧ ០០០រៀលក្នុងមួយគីឡូក្រាម។
 
លោក ផន រ៉ានី បានចិញ្ចឹមត្រីក្រាញ់ ត្រីរ៉ស់ ត្រីអណ្ដែង និងត្រីឡាព្យា ដោយសាររាជរដ្ឋាភិបាលបិទការនាំចូលត្រីពីខាងក្រៅ ទើបធ្វើឲ្យទីផ្សារត្រីក្នុងស្រុកងើបឡើងវិញ។ ផ្សារត្រីប្រសើរឡើងវិញ លោក រ៉ានី គ្រោងបង្កើនការចិញ្ចឹមត្រីរបស់លោកថែមទៀតផងដែរ៕
 

Tag:
 ស្រូវ
 ត្រី
 ព្រៃវែង
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com