ជាតិ
សុខភាព
ស្វែងយល់​ពី​អាហារ​ដែល​ងាយ​នឹង​មាន​ប្រតិកម្ម​នឹង​ថ្នាំ​
17, Jan 2021 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
អាហារ​ដែល​យើង​ញ៉ាំ​រាល់ដង​អាច​នឹង​មាន​រំខាន​ដល់​ថ្នាំ​ដែល​អ្នក​ញ៉ាំ​ដែរ​។ អ្នកជំងឺ​ជា​ច្រើន​ប្រហែលជា​មិន​សម្គាល់​ដឹង​ទេ​ថា អាហារ​ផ្តល់​សុខភាព​ណាមួយ​អាច​មាន​ផលវិបាក​ធ្ងន់ធ្ងរ​នៅ​ពេល​ញ៉ាំ​ជាមួយនឹង​ថ្នាំ​។

 
អ្នកជំនាញ​ខាង​ថ្នាំ ជា​ពិសេស​ឱសថការី​ទាំងឡាយ​គួរតែ​សម្គាល់​ផង​ទៅ​លើ​មុខងារ​របស់​ថ្នាំ​ឱ្យ​បាន​ច្បាស់លាស់ ជា​ពិសេស​ការ​ប្រឈម​នឹង​ប្រតិកម្ម​នានា​ជាមួយនឹង​អាហារ ដោយ​មិន​ខ្វល់​ថា​ថ្នាំ​នោះ​ជា​ថ្នាំ​គ្មាន​វេជ្ជបញ្ជា ឬ​មាន​វេជ្ជបញ្ជា​ឡើយ​។
 
ខាងក្រោម​នេះ​គឺជា​ថ្នាំ និង​អាហារ​ដែល​មាន​ប្រតិកម្ម​នឹង​គ្នា ហើយ​មាន​គ្រោះថ្នាក់​បំផុត​មួយ​ចំនួន​ដែល​ឱសថការី​ទាំងឡាយ​អាច​ជួយ​បង្ការ​បាន​។
 
អាហារ​សម្បូរ​កាល់ស្យូម និង​ថ្នាំ​ផ្សះ
អាហារ​ធ្វើ​ពី​ទឹកដោះគោ​ដូច​ជា ទឹកដោះគោ យ៉ា​អួ និង​ហ្វ្រូ​ម៉ាស​សុទ្ធតែ​អាច​រំខាន​ដល់​ថ្នាំ​បាន​ច្រើន​ប្រភេទ​ដូច​ជា ថ្នាំ​ផ្សះ​ប្រភេទ Tetracycline, Doxycycline និង Ciprofloxacin ជាដើម​។
 
ថ្នាំ​ផ្សះ​ទាំងនេះ​ប្រហែលជា​ទៅ​តោង​ជាតិ​កាលស្យូម​ក្នុង​ទឹកដោះគោ ដើម្បី​បង្កើត​បានជា​សារធាតុ​មិន​រលាយ​ក្នុង​ក្រពះ និង​ពោះវៀនតូច​ផ្នែក​ខាងលើ ហើយ​រាង​កាយ​ក៏​មិន​អាច​បឺត​ស្រូប​យក​ទៅ​ប្រើប្រាស់​បាន​ដែរ​។
 
អាហារ​ត្រាំ និង​ថ្នាំ​ជំងឺផ្លូវចិត្ត​ប្រភេទ MAIOs
អាហារ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយសារ​ធាតុ Tyramine ដែល​មាន​ជាប់​ទាក់ទង​នឹង​ការ​បង្កើន​សម្ពាធ​ឈាម​យ៉ាង​គ្រោះថ្នាក់​មួយ​លើ​អ្នកជំងឺ​ប្រើ​ថ្នាំ​ជំងឺផ្លូវចិត្ត Monoamine Oxidase Inhibitors (MAIOs) និង​ថ្នាំ​សម្រាប់​អ្នកជំងឺ Parkinson’s Disease​។
 
អាហារ​សម្បូរ​វីតាមីន K និង​ថ្នាំ Warfarin
ឱសថការី​ទាំងឡាយ​គួរតែ​ពិគ្រោះ​ជាមួយ​អ្នកជំងឺ​ដែល​កំពុង​តែ​ប្រើ​ថ្នាំ Warfarin ដើម្បី​ថែរក្សា​ជំងឺ​ឱ្យ​ចៀសវាង​ការ​ញ៉ាំ​អាហារ​ណា​សម្បូរ​វីតាមីន K ដូច​ជា​ស្ពៃ​ស្ពី​ណា​ច និង​ប​ន្លៃ​ពណ៌​បៃតង​ផ្សេង​ៗ​ទៀត​។
 
វីតាមីន K មាន​សារៈសំខាន់​ណាស់​សម្រាប់​ការ​ផលិត​សារធាតុ​កំណក​ឈាម​ដើម្បី​កុំឱ្យ​ហូរ​ឈាម ប៉ុន្តែ​ថ្នាំ​ប្រឆាំង​ការ​កកឈាម​ដូច​ជា Warfarin បែរជា​មាន​ឥទ្ធិពល​ផ្ទុយ​គ្នា​នឹង​វីតាមីន K ទៅ​វិញ​។ ដូច្នេះ​ការ​បង្កើន​ការ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​មួយ​នេះ​ពិតជា​មិនល្អ​ចំពោះ​ឥទ្ធិពល​របស់​ថ្នាំ Warfarin ឡើយ​។
 
គ្រឿង​ស្រវឹង និង​ថ្នាំ​រំញោច​មាន​វេជ្ជបញ្ជា
អ្នកជំងឺ​គួរតែ​កុំ​លេបថ្នាំ​ជាមួយ​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​វា​អាច​នឹង​មាន​ប្រតិកម្ម​មួយ​ចំនួន​ធ្ងន់ធ្ងរ​កើតឡើង​។ ឧទាហរណ៍ ការ​ប្រើ​ថ្នាំ​រំញោច​ជាមួយនឹង​ការ​ផឹកស្រា​អាច​បណ្តាល​ឱ្យ​អ្នកជំងឺ​ពុល​បាន​។ រឿង​នេះ​កើតឡើង​ពិតជា​ពិសេស​នៅ​ពេល​ថ្នាំ​នេះ​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន ប៉ុន្តែ​វា​ក៏​អាច​កើតឡើង​នៅ​ពេល​អ្នកជំងឺ​ប្រើ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​ដែរ​។
 
ទឹក​ផ្លែក្រូច​ខ្វិច និង​ក្រូច​ខ្វិច​ជាមួយ​ថ្នាំ Statins
អ្នកជំងឺ​គួរតែ​ចៀសវាង​ការ​ញ៉ាំ​ក្រូច​ខ្វិច ឬ​ទឹក​របស់​វា​ខណៈ​ពេល​កំពុង​តែ​ប្រើ​ថ្នាំ Statins​។ សមាសធាតុ​ក្នុង​ផ្លែក្រូច​ខ្វិច​ឈ្មោះ​ថា Furanocoumarin អាច​នឹង​ធ្វើ​ឱ្យ​កើនឡើង​ឥទ្ធិពល​របស់​ថ្នាំ​បាន​តាម​រយៈ​ការ​មាន​ប្រតិកម្ម​ជាមួយ​អង់ស៊ីម​ក្នុង​ពោះវៀនតូច និង​ថ្លើម​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com