ជាតិ
អាមេរិក ផ្តល់ថវិកាជាង៤០ម៉ឺនដុល្លារសម្រាប់ជួសជុលប្រាសាទភ្នំបាខែង និងប្រាសាទព្រះវិហារ
17, Jan 2021 , 4:29 pm        
រូបភាព
សៀមរាប៖ ស្ថានទូតសហរដ្ឋអាមេរិក តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសម្រាប់ការអភិរក្សវប្បធម៌ (AFCP) បានអនុម័តថវិកាជំនួយជាង៤០ម៉ឺនដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកលើការងារអភិរក្សវប្បធម៌ប្រាសាទ។ ជំនួយនៅពេលនេះ គឺដើម្បីបន្តការងារជួសជុលមួយផ្នែកនៃប្រាសាទភ្នំបាខែង នាខេត្តសៀមរាប និងមួយផ្នែកនៃប្រាសាទព្រះវិហារ នាខេត្តព្រះវិហារ។


 

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy នាពិធីចុះហត្ថលេខាផ្តល់ថវិកា នៅរសៀលថ្ងៃទី១៦ ខែមករា នាប្រាសាទភ្នំបាខែង បានថ្លែងថា ស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា បានអនុម័តលើជំនួយជាថវិកាចំនួន ១២ម៉ឺនដុល្លារ ជូនដល់អាជ្ញាធរជាតិព្រះវិហារ ដើម្បីអភិរក្សជណ្ដើរខាងជើងនៃប្រាសាទព្រះវិហារ។ ហើយជំនួយនេះ នឹងជួយផងដែរលើការជួសជុលឡើងវិញនូវប្រព័ន្ធបង្ហូរទឹកសម័យបុរាណ ដែលស្ថិតនៅសងខាងនៃជណ្ដើរខាងលើនេះ។
 
បន្ថែមពីនេះ ជំនួយចំនួន ៣០ម៉ឺនដុល្លារទៀត ត្រូវបានប្រគល់ជូនដល់មូលនិធិប្រាសាទពិភពលោក ដែលហៅកាត់ថា WMF សម្រាប់បន្ដការងារអភិរក្សដំណាក់កាលទី៥ លើគម្រោងជួសជុលប្រាសាទភ្នំបាខែង។ គម្រោងនេះ គឺជាកិច្ចសហប្រតិបត្តិការរវាងមូលនិធិប្រាសាទពិភពលោក និងអាជ្ញាធរជាតិអប្សរា។
 
តាមការបញ្ជាក់ពីលោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក នារយៈពេលជាង២ទស្សវត្សមកនេះ សហរដ្ឋអាមេរិកបានផ្តល់មូលនិធិជាង៥លានដុល្លាររួចទៅហើយសម្រាប់ការអភិរក្សវប្បធម៌នៅកម្ពុជា។ លោកបន្ថែមថា ការផ្តល់ជំនួយនៅពេលនេះ គឺមិនត្រឹមតែសម្រាប់ការអភិរក្សប្រាសាទនោះ ថែមទាំងផ្តល់ការងារដល់បុគ្គលិកខ្មែរជាច្រើននាក់លើការងារអភិរក្សប្រាសាទរបស់ខ្លួន ក៏ដូចជារួមចំណែកលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។ លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើការងារអភិរក្សវប្បធម៌  ក៏ផ្តោតលើការអនុវត្តច្បាប់ ដែលកន្លងមកលើករណីនាំយកវត្ថុបុរាណជាច្រើនត្រឡប់មកប្រទេសកម្ពុជាវិញជាដើម។ល។
 
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានចាត់ទុកជំនួយនៅពេលនេះ ថាជាសក្ខីភាពដ៏មានសារសំខាន់សម្រាប់ប្រទេសទាំងពីរ ក៏ដូចជារវាងប្រជាជាតិនៃប្រទេសទាំងពីរ។ លោកស្រីបន្ថែមថា ជំនួយនេះ គឺមិនត្រឹមសម្រាប់ការជួយផ្នែកអភិរក្សមរតកបេតិកភណ្ឌនៅកម្ពុជាប៉ុណ្ណោះទេ តែសម្រាប់បេតិកភណ្ឌរបស់មនុស្សជាតិទាំងមូលផងដែរ។ លើសពីនេះ លោកស្រីរដ្ឋមន្រ្តីយល់ថា ជំនួយនៅពេលនេះបានឆ្លុះបញ្ចាំងនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ហើយបង្ហាញថា ទោះស្ថិតក្នុងបរិយាកាសដ៏លំបាកនៃជំងឺកូវីដ១៩យ៉ាងណាក្ដី តែការអភិរក្សវប្បធម៌នៅតែដំណើរការ៕
 












Tag:
 ប្រាសាទភ្នំបាខែង
  ប្រាសាទព្រះវិហារ
  ទូតអាមេរិក
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com