របរដេរស្លឹក«ឃុនមារ» ជួយជីវភាពអ្នកភូមិថ្មីក្នុងខេត្តសៀមរាបបានច្រើន តែខ្វះទីផ្សារជាក់លាក់
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
របរដេរស្លឹក«ឃុនមារ» ជួយជីវភាពអ្នកភូមិថ្មីក្នុងខេត្តសៀមរាបបានច្រើន តែខ្វះទីផ្សារជាក់លាក់
17, Jan 2021 , 10:59 pm        
រូបភាព
សៀមរាប៖ ប្រជាជនក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ភាគច្រើនមានជីវភាពក្រីក្រ ដោយសារមិនមានមុខរបរច្បាស់លាស់ និងមិនមានការងារទៀងទាត់ ជាពិសេសអ្នករស់នៅទីនេះមួយចំនួនធំ មិនមានដីធ្វើស្រែចម្ការទេ។ របរដេរស្លឹកឃុនមារ គឺជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាជនក្នុងភូមិថ្មី ប៉ុន្តែខ្វះទីផ្សារជាក់លាក់។ លោក នៅ ដា ប្រធានភូមិថ្មី បានទទួលស្គាល់ថា ប្រជាជនក្នុងភូមិនេះ ពិតជាមានជីវភាពទីទាល់ក្រ ហើយលោកពុំទាន់អាចរកដំណោះស្រាយសមស្របណាមួយ ដើម្បីជួយស្ដារជីវភាពរបស់អ្នកភូមិឡើយ។


 
ដើម្បីជ្រាបច្បាស់ពីស្ថានភាពជីវភាព របស់ប្រជាជនក្នុងភូមិថ្មី នៃស្រុកស្វាយលើ តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីមេត្រី៖



 
ដើម្បីអាចទៅដល់ភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៃខេត្តសៀមរាប គេត្រូវធ្វើដំណើរក្នុងចម្ងាយប្រហែល៤គីឡូម៉ែត្រ ដោយគិតចេញពីវត្តព្រះអង្គធំលើកំពូលភ្នំគូលែន។ មកដល់លើកំពូលភ្នំគូលែន ត្រង់ចំណុចតូបលក់សម្លៀកបំពាក់ ដោយនៅដើមតូបមានរបាំងហាមឡានបើកចូល មានផ្លូវបត់ស្ដាំមួយ ដែលទើបឈូសថ្មីទំហំប្រហែល១០ម៉ែត្រ។ 
 
យើងត្រូវធ្វើដំណើរតាមផ្លូវនេះ ប្រហែល២គីឡូម៉ែត្រ នោះយើងនឹងឃើញស្លាកនៅខាងស្ដាំដៃ សរសេរពាក្យថា ផ្លូវចូលទៅវត្តព្រះក្រាល។ ផ្លូវបត់នេះមានទំហំតូច ល្បមអាចឱ្យម៉ូតូជិះបានពីរគឺទៅនឹងមក ឬឡានអាចបើកបានតែមួយប៉ុណ្ណោះ។ យើងត្រូវធ្វើដំណើរតាមផ្លូវតូចនេះ ឆ្លងកាត់ព្រៃឈើតូចធំប្រហែល២គីឡូម៉ែត្រទៀត ទើបទៅដល់ក្នុងភូមិ។
 
ផ្លូវធ្វើដំណើរមានសភាពស្រួល និងពិបាកដោយអន្លើព្រោះស្នាមខូងដោយសារកង់ឡាន។ ជិះកាត់ព្រៃបានប្រហែលពាក់កណ្ដាលផ្លូវ ខ្ញុំបានឃើញក្មេងប្រុសពីរនាក់អាយុប្រហែល១០និង១២ឆ្នាំ កំពុងរៀបចំដាក់អង្គប់កណ្ដុរក្នុងព្រៃ ក្បែរមាត់ផ្លូវ នៅជិតម៉ូតូថ្មីមួយគ្រឿងរបស់ពួកគេ។


 
ពេលខ្ញុំធ្វើដំណើរមកដល់ក្នុងភូមិថ្មី ឃុំខ្នងភ្នំ ស្រុកស្វាយលើ ដែលស្ថិតនៅកណ្ដាលព្រៃភ្នំនោះ ខ្ញុំសង្កេតឃើញថា ផ្ទះតិចតួចបំផុតដែលមានទំហំធំល្មម ប្រក់ស័ង្កសី និងមានជញ្ជាំងក្ដារ។ ប៉ុន្តែផ្ទះភាគដ៏ច្រើនគឺប្រក់និងបាំងជញ្ជាំងដោយស្លឹកឃុនមារ ហើយមានទំហំតូចៗ។
 
នាម៉ោងប្រហែល២រសៀល នៅក្នុងភូមិនេះមានមនុស្សខ្លះដែរ ប៉ុន្តែហាក់មានសភាពស្ងៀមស្ងាត់ ដោយអ្នកខ្លះប្រជុំគ្នា៣ទៅ៤នាក់ជជែកគ្នាលេង អ្នកខ្លះទៀតនៅក្នុងផ្ទះរៀងៗខ្លួន មនុស្សមួយចំនួនកំពុងអង្គុយដេរស្លឹកឃុនមារ នៅខាងមុខផ្ទះរបស់ពួកគេ ហើយផ្ទះខ្លះនៅទទេ។ ចំណែកក្មេងតូចៗនៅទីនេះ មួយចំនួនដែលស្លៀកសម្លៀកបំពាក់ចាស់ ហើយសម្បុរខ្មៅ ច្រើនដើរអត់ស្បែកជើង។
 
ម៉ោងប្រហែល៥ល្ងាច ខ្ញុំបានទៅជួបសម្ភាសន៍អ្នកស្រី ឈឿន ណា វ័យ៤៨ឆ្នាំ ដែលកំពុងអង្គុយដេរស្លឹកឃុនមារនៅខាងមុខផ្ទះ ក្រោមដើមឈើធំមួយដែលខ្ញុំពុំបានចាប់អារម្មណ៍ថាជាដើមអ្វី ហើយប្ដីរបស់គាត់ក៏កំពុងចម្អិនម្ហូបនៅខាងក្រោយខ្នងរបស់អ្នកស្រីដែរ។
 
អង្គុយដេរស្លឹកក្នុងសម្លៀកបំពាក់អាវវាលក្លៀកពណ៌ដូចស្បែកខ្លា ហើយស្លៀកសារ៉ុងបត់ ស្រ្តីសម្បុរសណ្ដែកបាយរូបនេះ បានប្រាប់ដោយសម្ដីរដឺនថា បច្ចុប្បន្នទាំងស្លឹកឃុនមារ និងដងកណ្ដបដែលធ្វើពីដើមត្រែង សុទ្ធតែខ្សត់ និងត្រូវទៅរកដល់ក្នុងព្រៃជ្រៅដូចគ្នា។
 
«អស់ហើយសព្វថ្ងៃនេះនោះ ក្រហើយ។ ទាំងស្លឹកនឹងដងកណ្ដបត្រូវទៅរកឆ្ងាយដូចគ្នា។ ខ្ញុំជាអ្នកទៅកាប់ខ្លួនឯង ប្ដីទៅជួយកាច់ស្លឹក កូនទៅរៀន។ ខ្ញុំមិនមានចម្ការទេ គោក្របីក៏មិនមាន ប៉ុន្តែមាន់និងទាមាន»។អ្នកស្រី ឈឿន ណាថ្លែងដូច្នេះ។


 
មានកូន៤នាក់ ហើយកូនទាំងអស់សុទ្ធតែបានរៀនសូត្រត្រឹមត្រូវ អ្នកស្រី ឈឿន ណា អះអាងថា គាត់រំពឹងលើប្រាក់បានពីការដេរស្លឹកឃុនមារនេះហើយ ដើម្បីដោះស្រាយជីវភាពគ្រួសារ រួមទាំងផ្គត់ផ្គង់ឱ្យកូនរៀន។ ទោះជាយ៉ាងណា របរដេរស្លឹកនេះមិនមានទៀតទាត់ឡើយ គឺមានការបញ្ជាទិញក៏បានដេរ តែបើមិនមានការបញ្ជាទិញទេ ក៏នៅទំនេរ ខណៈពេលដែលអ្នកស្រី ណា មិនមានមុខរបរ ឬការងារផ្សេងអាចរកចំណូលបានគ្រប់រដូវនោះ។
អ្នកស្រី ណា ថ្លែងថា៖ «ស្លឹកធ្លាក់មកម្ដងៗក៏បានផ្ដល់ឱ្យកូនទៅរៀន បើធ្លាប់មកច្រើនបាន៥ដុំ ក៏បាន១០ម៉ឺន។ បើថ្ងៃណាអត់ក៏ទទេ។ ខ្ញុំមានចន្ទីខ្លះដែរ»។ 
 
ស្របពេលខ្ញុំកំពុងសួរនាំអ្នកស្រី ឈឿន ណា ស្រាប់តែអ្នកស្រី ជាម បាន ដែលជាអ្នកនាំដំណឹងពីការបញ្ជាទិញស្លឹកឃុនមារទៅកាន់អ្នកភូមិ បានមកដល់ផ្ទះអ្នកជិតខាងម្នាក់ ដែលនៅទល់មុខផ្ទះអ្នកស្រី ឈឿន ណា។ អ្នកស្រី ជាម បាន សម្បុរស្រអែមសក់ចងទៅក្រោយតែរាងក្រញាសបន្តិច ធ្មេញខ្មៅ កំពុងដើរយកប្រាក់កក់ឱ្យទៅគ្រួសារណា ដែលចង់ដេរស្លឹកឃុនមារ សម្រាប់ការបញ្ជាទិញថ្មី។
 
បើតាមអ្នកស្រី ជាម បាន ប្រជាជនរស់ក្នុងភូមិនេះ ភាពច្រើនទីពឹងរបរដេរស្លឹកឃុនមាស្ទើរតែទាំងស្រុង។ «ស្រុកនេះក្រណាស់មិនមានធ្វើចម្ការទេ។ ភូមិនេះមានអ្នកដេរស្លឹកនេះសឹងទាំងអស់ អត់ដេរតែ៣គ្រួសារទេ ព្រោះរាល់ថ្ងៃនេះបានបាយហូបក៏ដោយសារស្លឹកនេះដែរ។ ដេរបាន១០ម៉ឺន ទៅទិញអង្ករមួយបេរ ភ្លែត ម្ហូប អង្ករ ខោអាវ ក៏នៅនឹងអាហ្នឹងទាំងអស់។ អ្នកទិញនៅសៀមរាប ម្ដងគេត្រូវការ៥០ដុំ គេតេមកប្រាប់ខ្ញុំ ខ្ញុំដើរចែកចាយគ្នា ម្នាក់៥ដុំ ម្នាក់៣ដុំ បើថាបានតិច២០ដុំ ខ្ញុំចែកម្នាក់បាន២ដុំ។ ១ដុំមាន៤ម៉ែត្រ»។


 
ជាប្រធានភូមិថ្មី ឃុំខ្នងភ្នំ លោក នៅ ដា បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ប្រជាជនក្នុងភូមិថ្មីមាន៦៦គ្រួសារ ដោយមនុស្សចាស់មាន៣០ភាគរយ យុវជន៥០ភាគរយ សល់ប៉ុន្មានជាកុមារ។ តាមការប៉ាន់ប្រមាណរបស់ប្រធានភូមិរូបនេះ ប្រជាជនប្រហែល៧០ភាគរយ ប្រកបរបរដេរស្លឹកឃុនមារ សល់ប៉ុន្មានចាប់របរលក់ដូរ និងធ្វើស្មៅចម្ការស្វាយចន្ទីឱ្យគេ។ លោក នៅ ដា បានទទួលស្គាល់ថា ប្រជាជននៅទីនេះភាគច្រើន មានជីវភាពក្រីក្រ។ «អ្នកភូមិនេះដេរស្លឹកតាំងពីឆ្នាំ១៩៩៩រហូតមកបច្ចុប្បន្ន។ អ្នកអត់ច្រើន អ្នកមានតិចណាស់នៅទីនេះ។ មូលហេតុដែលអត់ច្រើន ព្រោះមិនសូវមានមុខរបររក ហើយចម្ការក៏អត់មាន។ គាត់ដេរស្លឹកដើម្បីបានប្រាក់ទិញម្ហូប ប៊ីចេង អង្ករ។ នៅទីនេះទាល់តែដល់រដូវចន្ទីទើបមានរបររកពេញដៃ»។ 
 
ចំណែកអ្នកស្រី ជាម បាន ដែលអង្គុយលើកៅអីថ្ម ក្រោមផ្ទះអ្នកជិតខាង បានអះអាងថាមនុស្សក្នុងភូមិប្រាកដជាពិបាករស់នៅ ប្រសិនបើមិនមានមុខរបរដេរស្លឹកឃុនមារ។ «បើអត់អានេះ(ស្លឹកឃុនមារ) ក៏ដួលដែរគ្រួសារពួកខ្ញុំនោះ ចុះបើចម្ការក៏គេមិនឱ្យធ្វើ បើមិនធ្វើអានេះតើបានអី? សូម្បីតែកូនតូចក៏រត់ទៅកញ្ឆក់ត្រង់ណេះត្រង់ណោះដែរ(ក្មេងតូចឆ្លៀតទៅធ្វើការតាមកម្លាំងគ្រាន់បានប្រាក់ខ្លះ)។ ដល់ខែចន្ទីក៏បានចន្ទីខ្លះ។ ពេលគេបញ្ជាទិញ ឆក់ទៅកាច់ស្លឹកផង ឆក់ទៅរើសចន្ទីផង។ គេដេរស្លឹកទុក បើសិនយើងដឹកទៅឱ្យគេ បានតម្លៃមួយម៉ែត្រមួយម៉ឺនបីពាន់រៀល ប៉ុន្តែបើគេដឹកខ្លួនគេ គេឱ្យតែមួយម៉ឺនរៀលទេ»។


 
អង្គុយខ្ទាស់ស្លឹកឃុនមារពីម្ខាងទៅម្ខាងយ៉ាងរហ័ស អ្នកស្រី ឈឿន ណា ទទួលបានតម្លៃមួយម៉ឺនរៀន ក្នុងទំហំស្លឹកបណ្ដោយមួយម៉ែត្រនិងទទឹងពីរម៉ែត្រ។ ស្រ្តីសក់សខាងគល់ និងខ្មៅខាងចុងរូបនេះ យល់ថាតម្លៃនេះគឺថ្លៃសម្រាប់អ្នកស្រី ប្រសិនបើមានការបញ្ជាទិញជារឿយៗ។«តម្លៃនេះខ្ញុំថាថ្លៃហើយ ប៉ុណ្ណេះក៏អរហើយ ឱ្យតែបានធ្លាក់មករឿយៗទៅ។ គេតេមកតាមផ្ទះមីងឯលិច គាត់ក៏ដើរចែកចាយ។ បើធ្លាក់មកតិចប៉ះណាម្នាក់បានពីរដុំ ជួនមួយដុំ គ្រាន់បានទិញម្សៅស៊ុប អំបិលហូប»។
 
ក្នុងនាមជាអ្នកនាំសារពីអ្នកបញ្ជាទិញ ទៅអ្នកផលិត អ្នកស្រី ជាម បាន អាយុ៦០ឆ្នាំ បានចាប់របរដេរស្លឹកឃុនមារ តាំងពីប្រមាណ២០ឆ្នាំមុន ដែលកាលនោះតម្លៃបានតែ៣ពាន់រៀលក្នុងមួយម៉ែត្រនោះ បានប្រាប់ថា អ្នកស្រីមិនបានយកប្រាក់ចំណេញ រាល់ពេលបោះការងារឱ្យអ្នកភូមិម្ដងៗឡើយ។ ទោះជាយ៉ាងណា ស្ត្រីពាក់អាវផ្កាចម្រុះពណ៌ដៃវែងរូបនេះ ក៏សុំប្រាក់ពីអ្នកដេរខ្លះដែរ ប្រសិនបើអ្នកស្រីមិនបានដេរស្លឹកខ្លួនឯង។ «ពេលខ្ញុំមិនបានដេរខ្ញុំសុំម្នាក់ពីរពាន់រៀល អ្នកខ្លះគាត់ដេរបានប្រាក់៣០ម៉ឺនជាង គាត់ឱ្យខ្ញុំ១ម៉ឺន អ្នកខ្លះបានក្រែលគេឱ្យ៥ពាន់រៀលទៅណា។ បើខ្ញុំដេរខ្លួនឯងផងខ្ញុំមិនយកទេ ព្រោះយើងអត់ដូចគ្នា។ នឹកឃើញបើយើងយកច្រើនទៅ ការលំបាកទៅបេះដូចគ្នា។ បើធ្លាក់មកច្រើនខ្ញុំឱ្យគេម្នាក់៥ដុំ ខ្ញុំយក៦ដុំឬ៧ដុំ ព្រោះខ្ញុំ២នាក់ម្ដាយកូន ខ្ញុំយកឱ្យច្រើនជាងគេ»។
 
ពាក់ព័ន្ធករណីអ្នកភូមិមិនអាចអាស្រ័យផលលើដីរបស់ខ្លួន ដូចកាលពីមុន ព្រោះតែជាប់ក្នុងដែនឧទ្យានជាតិ លោក នៅ ដា បកស្រាយដូច្នេះ៖«បញ្ហាព្រៃឈើគេឈប់ឱ្យកាប់បន្ត ប៉ុន្តែប្រសិនបើយើងមានដំណាំដូចជាចន្ទី គេទុកឱ្យថែនិងអាស្រ័យផលបន្ត ប៉ុន្តែបើព្រៃសុទ្ធគេមិនឱ្យកាប់ទេ»។
 
បញ្ហាជីវភាពទីទាល់ក្ររបស់ប្រជាជនក្នុងភូមិ នៅតែជាបញ្ហាពិបាកដោះស្រាយ សម្រាប់ប្រធានភូមិថ្មី ដែលទើបមកកាន់តំណែងនៅទីនេះបានជាង២ឆ្នាំនោះ។ លោក ដា បញ្ជាក់ថាលោកពុំទាន់អាចមានវិធី ចងរចនាសម្ព័ន្ធរកទីផ្សារស្លឹកឃុនមារ ឬបង្កើតមុខរបរថ្មីណាមួយឱ្យរឹងមាំ សម្រាប់ប្រជាជនក្នុងភូមិឡើយ។ «ខាងថ្នាក់ជាតិក៏ដូចជារដ្ឋាភិបាល មិនបានបង្កើតមុខរបរអ្វីឱ្យពួកគាត់ទេ។ មិនដឹងបង្កើតមុខរបរអ្វីឱ្យគាត់ មានតែចិញ្ចឹមមាន់ ចិញ្ចឹមជ្រូក។ ឯមុខរបរដេរស្លឹកនេះ ទាល់តែគេបញ្ជាទិញ ទើបបានដេរ។ យើងក៏មិនទាន់អាចផ្សព្វផ្សាយពង្រីកទីផ្សារឱ្យគាត់ដែរ»។


 
នៅក្នុងភូមិថ្មី ឃុំខ្នងភ្នំនេះ ក៏មានកន្លែងកម្សាន្តបែបធម្មជាតិច្រើនដែរ ប៉ុន្តែវាពុំទាន់បានរៀបចំស្រួលបួលនៅឡើយ ព្រោះជាប់ក្នុងដែនអភិរក្ស។ «ការប្រឈមរបស់អ្នកភូមិនេះគឺខ្វះខាតខ្លាំងណាស់។ នៅទីនេះកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរណ៍ មានច្រើនកន្លែងដែរប្រហែល៣ទៅ៤កន្លែង មានអន្លង់ជើងចាប ទឹកធ្លាក់ក្បាលស្ទឹង។ សក្ដានុពលទេសចរណ៍នៅមិនទាន់បានពេញលេញមែនទែនទេ ព្រោះនៅប៉ះពាល់ខាងបរិស្ថាន»។
 
ស្លឹកឃុនមារ មានសណ្ឋានស្រដៀងទៅនឹងស្លឹករបស់ដើមឆ័ត្រ ឬស្លឹករបស់ដើមផ្កាចំប៉ី គ្រាន់តែស្លឹកឃុនមា មានកម្រាស់ស្ដើងរលោង និងវែងជាង ហើយដើមរបស់វាធំផុតប៉ុនមេជើង ដោយវាជារុក្ខជាតិវល្លិ។ គេអាចកាច់ស្លឹករបស់វាបានរហូត ហើយដើមរបស់វាចេះតែលូតលាស់បន្ត។ ចំណែកដងកណ្ដបវិញ គេធ្វើពីដើមត្រែង។ ដើមត្រែងក្នុងមួយដើម គេអាចច្រៀកបានពី៤ទៅ៥ចម្រៀក អាស្រ័យលើដើមតូចឬធំ។ ស្លឹកឃុនមារនេះ គេអាចយកទៅប្រក់ដំបូលផ្ទះ ធ្វើជញ្ជាំងផ្ទះ ប្រក់រោងលម្ហែ ធ្វើផ្ទះឱ្យមាន់ ប្រក់ដំបូលរោងគោ និងបិទបាំងបង្គន់ជាដើម ដែលមើលទៅមានរបៀបរៀបរយ និងស្អាតមួយបែប។
 
ការដេរស្លឹកឃុនមារមើលទៅមិនពិបាកទេ គ្រាន់តែគេបត់ស្លឹកនោះទៅលើដងកណ្ដប លៃយ៉ាងណាឱ្យស្មើទំហំគ្នា ហើយគេយកបន្ទះឈើដែលគេបានបិតយ៉ាងស្ដើង ទំហំប្រហែលប៉ុនជើងធូប ទៅខ្ទាស់នឹងស្លឹក ពីម្ខាងទៅម្ខាង។ គេខ្ទាស់ស្លឹកនេះមួយសន្លឹកម្ដងៗ រហូតពេញដងកណ្ដបប្រវែង២ម៉ែត្រ។ គេដេរស្លឹកឃុនមារ ទាំងដែលវានៅស្រស់តែម្ដង មានន័យថាគេកាច់មកភ្លាម គេអាចដេរបានភ្លាម ហើយក៏គេអាចយកទៅប្រក់ដំបូល ឬបាំងជញ្ជាំងផ្ទះបានភ្លាមដែរ។


 
បើតាមអ្នកភូមិ លក្ខណៈពិសេសបំផុតរបស់ស្លឹកឃុនមារ គឺដុតមិនងាយឆេះ ហើយបើឆេះក៏មិនរាលដែរ។ ស្លឹកឃុនមារ អាចរក្សាគុណភាពបាន៥ឆ្នាំ ក្រោយប្រក់ផ្ទះ។ ផ្ទះដែលប្រក់និងបាំងដោយស្លឹកនេះអាចរក្សាភាពត្រជាក់ទាំងក្នុងរដូវក្ដៅនិងរដូវរងារ។ បច្ចុប្បន្នទាំងស្លឹកឃុនមារ និងដើមត្រែង សុទ្ធតែខ្សត់ ហើយត្រូវទៅរកក្នុងព្រៃជ្រៅៗ។
 
គេដេរស្លឹកនេះតម្រូវទៅតាមអតិថិជនចង់បាន មានបណ្តោយ២ម៉ែត្រ ៣ម៉ែត្រ ៥ម៉ែត្រ ឬប្រវែងផ្សេងពីនេះទៀត ហើយទទឹងមានត្រឹម២ម៉ែត្រប៉ុណ្ណោះ។ គេរៀបស្លឹកមួយកណ្ដបម្ដងៗ ដាក់គងលើគ្នា ប៉ុន្តែមិនឱ្យញឹកពេក ឬរង្វើលពេកទេ ហើយភ្ជាប់ដោយខ្សែធ្វើពីកូនឫស្សីតូចៗ ដែលកើតចេញពីថ្នាំងឫស្សីពក ដោយគេបានហាលយ៉ាងស្ងួតល្អហើយនោះ។ គេរៀបស្លឹកដែលដេររួច រហូតដល់ប្រវែងដែលគេចង់បាន។
ប្រសិនបើលោកអ្នកមានបំណងចង់ទិញស្លឹកឃុនមារ ដើម្បីជួយជីវភាពអ្នកភូមិថ្មី អាចទាក់ទងទៅអ្នកស្រី ជាម បាន តាមរយៈលេខទូរសព្ទ ០៧៨ ៩៤ ៥៣ ៩១៕

Tag:
 ស្លឹកឃុនមារ
 មុខរបរ
 ជីវភាព
 ទីផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com