ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកនាង ពេជ្រ ចរិយា មិនបោះបង់ចោលចម្រៀងមហោរី ទោះមានទីផ្សារចម្រៀងសម័យ
17, Jan 2021 , 10:29 pm        
រូបភាព
ភ្នំពេញ៖ ជាសិល្បការិនីផ្នែកចម្រៀងមហោរីដ៏មានទឹកដមមួយរូប អ្នកនាង ពេជ្រ ចរិយា នឹងមិនបោះបង់ចោលជំនាញសិល្បៈបុរាណ ដែលខ្លួនមានឧបនិស្ស័យតាំងពីកំណើតនោះឡើយ បើទោះបីជាអ្នកនាង កំពុងមានទីផ្សារចម្រៀងសម័យក្ដី។ បានដឹងហើយថាជំនាញសិល្បៈបុរាណ មិនសូវមានការចាប់អារម្មណ៍ច្រើនពីស្រទាប់មហាជន ប៉ុន្តែអ្នកនាង ពេជ្រ ចរិយា នៅតែជំរុញឱ្យក្មួយទាំង៥នាក់របស់ខ្លួន ចាប់យកជំនាញសិល្បៈដូនតាណាមួយ ព្រោះអ្នកនាងយល់ថា នេះគឺជាមរតកដែលមិនអាចកាត់ថ្លៃបាន។


 
តទៅនេះសូមអញ្ជើញប្រិយមិត្តស្ដាប់បទយកការណ៍ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដោយក្ដីរីករាយ៖



 
ជាសិល្បការិនីចម្រៀងបុរាណ មានចម្រៀងមហោរី ចម្រៀងយីកេ និងចម្រៀងប្រពៃណី ដ៏មានទឹកដមពីរោះ អ្នកនាង ពេជ្រ ចរិយា ក៏ជាសិល្បការិនីចម្រៀងសម័យផងដែរ។ ឈានជើងប្រឡូកក្នុងវិស័យសិល្បៈបុរាណ តាំងពីក្នុងអំឡុងឆ្នាំ២០០៩ នារីសម្បុរស្រអែមស្រស់ មុខមានប្រជាប្រិយរូបនេះ មានទីផ្សារខ្ពស់លើចម្រៀងសម័យជាងចម្រៀងមហោរី។ 
 
អង្គុយក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រោមដើមខ្នុរដ៏ធំមួយ នាកណ្ដាលរាជធានីភ្នំពេញ សិល្បៈការិនីដែលកើតក្នុងត្រកូលអ្នកសិល្បៈ ដោយមានម្ដាយជាអ្នកចម្រៀងភ្លេងការប្រចាំភូមិ ហើយឪពុកគឺជាតន្ត្រីករភ្លេងបុរាណ អ្នកនាង ពេជ្រ ចរិយា ពន្យល់បន្ថែមពីទីផ្សារចម្រៀងរបស់ខ្លួន៖«បើនិយាយឱ្យត្រង់ទៅមហោរីហ្នឹងគឺថាមិនសូវទេ មនុស្សភាគច្រើនគេចូលចិត្តចម្រៀងសម័យជាង។ ប៉ុន្តែដែលសម័យនេះ ខ្ញុំមិនមែនទៅច្រៀងនៅរោងការទេណា ខ្ញុំថតឱ្យបង វឌ្ឍនា ហើយខ្ញុំរកបានដោយសារលោកពូខ្លះគាត់មកឱ្យខ្ញុំទៅច្រៀងបទគាត់ ហ្នឹងខ្ញុំរកបានច្រើន។ អ៊ីចឹងបង វឌ្ឍានា និងលោកគ្រូ អ៊ុក សំអាត គាត់ដឹងថាទំនុកនេះ ប៉ារ៉ូលនេះ មនោសញ្ចេតនានេះ គឺត្រូវនឹងនាងខ្ញុំ គាត់ដាក់មកឱ្យត្រូវនឹងសំឡេងរបស់ខ្ញុំតែម្ដង»។


 
បានក្លាយជាមន្ត្រីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១៧ ព្រោះជំនាញសិល្បៈបុរាណ នារីកូនមួយរូបនេះ ស្នើសុំឱ្យមហា ជន ងាកមកស្វែងយល់ពីសិល្បៈវប្បធម៌ជាតិ និងចូលរួមលើកទឹកចិត្តសិល្បករ សិល្បការិនី ផ្នែកបុរាណគ្រប់ទម្រង់ តាមលទ្ធភាពដែលអាចធ្វើទៅបាន៖«បើមហោរី មួយឆ្នាំអីមានតែ២ទៅ៣រោងទេ។ ខ្ញុំចង់ទទូចស្នើសុំឱ្យមហាជនយើង គ្រប់ស្រទាប់វណ្ណៈបែរមកលើកតម្កើង ផ្នែកចម្រៀងមហោរី ឬមួយទម្រង់សិល្បៈបុរាណយើងគ្រប់ទម្រង់ និងជួយផ្សព្វផ្សាយក៏ដូចជាអញ្ជើញ ឬមួយក៏ជួលឱ្យទៅច្រៀង ក្នុងកម្មវិធីផ្សេងៗតាមតែគាត់អាចធ្វើទៅបាន។ នេះចូលលក្ខណៈថាឱ្យពួកគាត់ជួយលើកទឹកចិត្ត ក្នុងការដែលយើងជាអ្នកថែរក្សាវប្បធម៌ដូនតារបស់យើង ជាតិរបស់យើង។ សុំត្រឹមឱ្យតែគាត់ផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត»។
 
តាមពិតទៅនារីដែលមានទេពកោសល្យសិល្បៈទាំងសម័យ និងបុរាណរូបនេះ កាលពីចូលរៀនសិល្បៈដំបូងនៅអាយុប្រហែល៨ឆ្នាំ នាងចូលរៀនផ្នែករបាំបុរាណនិងរបាំប្រពៃណីទេ ប៉ុន្តែនៅពេលដែលបានឃើញ អ្នកគ្រូមួយរូប ច្រៀងមហោរីពីរោះ ទើបទាក់ចិត្តនាងឱ្យចង់រៀនច្រៀងចម្រៀងបុរាណវិញ៖«ប្រឡូកចូលក្នុងវិស័យសិល្បៈ ដើមឡើយខ្ញុំមិនមែនជាអ្នកចម្រៀងទេ ឈានជើងចូលសិល្បៈដំបូងខ្ញុំគឺជាអ្នករាំ គឺរាំរបាំបុរាណនិងប្រពៃណី។ របាំបុរាណមានដូចជានារីជាជួរ អប្សរា ទេពមនោរម្យ ហើយរបាំប្រពៃណីមានរបាំក្រវាញ ត្រឡោក នេសាទ។ ខ្ញុំចេះតែរាំ ក៏ឃើញអ្នកគ្រូ ហ៊ុន សារ៉ាត់ គាត់ច្រៀង ខ្ញុំមានចិត្តមួយ។ ខ្ញុំរាំមែន តែមាត់ខ្ញុំក៏ច្រៀងដែរ ហើយដល់ពេលឃើញគាត់ច្រៀងពីរោះអ៊ីចឹងទៅ ខ្ញុំក៏ចាប់អារម្មណ៍ ក្រៅម៉ោងទំនេរពីរាំ ខ្ញុំក៏មកអង្គុយរៀនច្រៀងជាមួយគាត់»។
 
ថ្វីដ្បិតអាចរាំរបាំបុរាណបានល្អ រហូតមានឱ្យកាសបានទៅសម្ដែងនៅប្រទេសបារាំងជាដើមក្ដី ប៉ុន្តែឧបនិស្ស័យផ្នែកចម្រៀងដែលមានពីកំណើត រួមទាំងមានឈាមពីម្ដាយដែលជាអ្នកចម្រៀងភ្លេងការដ៏ល្បីប្រចាំភូមិផងនោះ ធ្វើឱ្យអ្នកនាង ពេជ្រ ចរិយា ដែលមានសម្ដីសុភាព ជាប់ចិត្តហ្វឹកហាត់ចម្រៀងបុរាណមិនលែងដៃ៖«អ្នកគ្រូក៏គាត់ចាប់បានថាសំឡេងខ្ញុំអាចច្រៀងបាន។ និយាយទៅខ្ញុំមានទេពកោសល្យតពីម្ដាយឪពុកដែរ ព្រោះពុកខ្ញុំគាត់គឺជាអ្នកភ្លេងបុរាណខ្មែរ ហើយម្ដាយខ្ញុំគឺជាអ្នកចម្រៀងក្នុងវង់ភ្លេងការបុរាណ ហ្នឹងហើយដែលអ្នកគ្រូ គាត់ឃើញបែបនេះ ក៏គាត់យកឱ្យមកច្រៀង។ ដោយសារតែខ្ញុំមមាញឹកក្នុងការច្រៀងច្រើន ដូច្នេះខ្ញុំគិតថាខ្ញុំនឹងចាប់យកតែមួយ គ្រាន់តែថាខ្ញុំស្រឡាញ់ការរាំដដែល មានចិត្តថែរក្សា ហើយនៅតែចាំក្នុងចិត្ត»។


 
អ្នកនាង ពេជ្រ ចរិយា មានបងប្អូន៥នាក់ស្រី៣ ដោយ៤រូបគឺជាសិល្បករ និងសិល្បការិនីផ្នែកសិល្បៈបុរាណ ហើយក្នុងចំណោម៤រូបនោះ មានម្នាក់បានបោះបង់ចោលសិល្បៈវិញ ដោយនៅសល់តែស្រី៣នាក់ប៉ុណ្ណោះ នៅរក្សាអាជីពសិល្បៈបុរាណរបស់ខ្លួនបានខ្ជាប់ខ្ជួន។ 
 
ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ដោយមានអាវសកមូលដៃវែង និងមានសំពត់ហូលពណ៌មាស ដ៏ស្រស់សមសួន អ្នកនាង ចរិយា ចាប់ផ្ដើមមានកេរ្ដិ៍ឈ្មោះ និងមានមហាជនស្គាល់ច្រើន នៅពេលដែលនាងបានប្រឡងជាប់លេខមួយផ្នែកចម្រៀងបុរាណ នៅក្នុងស្ថានីយទូរទស្សន៍មួយ៖«និយាយទៅ និយាយរៀងអួតបន្តិច ថាគេរៀងសរសើរខ្ញុំដែរ ព្រោះបុរាណមិនសូវមានអ្នកចម្រៀងច្រើនទេ មានតិចតួចបំផុត ហើយកម្រនឹងមានអ្នកច្រៀងបាន។ 
 
ប្រហែលជាខ្ទង់ឆ្នាំ២០០៩ និង២០១០ ខ្ញុំបានប្រឡងក្នុងកម្មវិធីប៉ុស្ដិ៍បាយ័ន ក្នុងកម្មវិធីមរតកវប្បធម៌ នាងខ្ញុំប្រឡងជាប់លេខ១ ក្នុងជំនាន់ទី១។ កាលនោះអ្នកគ្រូរបស់ខ្ញុំ គាត់បានបង្ហាត់បង្រៀននាងខ្ញុំឱ្យបានទៅប្រឡង  ហើយក៏មានសាស្ត្រា យ៉ាន់ បូរិន ដែលលោកស្ដាប់សំឡេងខ្ញុំ លោកមានប្រសាសន៍ថា នាងខ្ញុំច្រៀងល្អ»។
 
ក្នុងទឹកសម្ដីស្រាល នារីកើតក្នុងខេត្តកំពង់ធំ នាស្រុកបារាយរូបនេះ ទទួលស្គាល់ថាការហ្វឹកហាត់ច្រៀងចម្រៀងមហោរី ពិតជាមានការលំបាក ដែលអាចជាហេតុនាំឱ្យមិនសូវមានការចាប់អារម្មណ៍រៀន។ ទោះជាយ៉ាងណាក៏ដោយ កត្តាទីផ្សារគឺជារនាំងដ៏ធំបំផុត ធ្វើឱ្យសិល្បៈបុរាណមួយទម្រង់នេះ ខ្សត់អ្នកចេះដែរ៖«ការហាត់ច្រៀងមហោរីគឺវាមានផលលំបាក អ៊ីចឹងហើយបានជាមិនសូវមានអ្នកហាត់រៀន។ ប៉ុន្តែនាងខ្ញុំគិតថាអ្វីក៏ដោយ នៅពេលដែលយើងមិនទាន់ចេះ យើងពិបាក តែនៅពេលដែលយើងចេះគឺវាមានភាពងាយស្រួល។


 
ទាក់ទងនឹងការញ៉ាំ សម្រាប់នាងខ្ញុំ គឺញ៉ាំធម្មតា បើថាប្រហុកឆៅខ្ញុំមិនចេះញ៉ាំទេ តែបើឆ្អិនខ្ញុំចូលចិត្តណាស់។ ប៉ុន្តែយើងចេះថែរក្សាសុខភាពរបស់យើង មិនមែនថាគ្រឿងអស់ទាំងនោះ វាមកធ្វើឱ្យយើងមានបញ្ហាទេ គ្រាន់តែថាបើយើងឈឺ ឬមិនស្រួលខ្លួន បើអាចផ្អាកបាន យើងផ្អាកសិនទៅ ចាំសុខភាពយើងធម្មតា ចាំយើងញ៉ាំវិញ»។
 
មានវ័យ២៨ឆ្នាំ អ្នកនាង ពេជ្រ ចរិយា ដែលកើតក្នុងត្រកូលអ្នកសិល្បៈបុរាណ មានគម្រោងបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ លើជំនាញដែលខ្លួនចេះទាំងអស់៖«ខ្ញុំមានគំនិតមួយចង់បណ្ដុះបណ្ដាលក្មេងៗ ឱ្យគាត់ចេះដឹងពីផ្នែកចម្រៀងបុរាណ ចម្រៀងមហោរី និងទម្រង់បុរាណយើងផ្សេងៗ ព្រោះនេះជាមរតករបស់ដូនតាយើងចែកឱ្យ អ៊ីចឹងខ្ញុំចង់ផ្ទេរចំណេះដឹងរបស់ខ្ញុំទៅឱ្យគាត់។ ភាគច្រើនគេគិតថា មករៀនផ្នែកទម្រង់បុរាណហ្នឹងមិនដឹងរកអ្វីបានសោះ គេទៅធនាគារ ទៅធ្វើអ្វីផ្សេងអ៊ីចឹងណា គេរកលុយបានច្រើនវាមែន។ ប៉ុន្តែទឹកចិត្តរបស់ខ្ញុំ គឺខ្ញុំចង់ថែរក្សា ខ្ញុំនឹងចាប់កន្លែងហ្នឹងឱ្យជាប់ ខ្ញុំមិនលែងទេ ទោះជាថាទៅសម័យខ្ញុំរកបានក៏ដោយ។ ទៅប៉ុស្ដិ៍ខ្ញុំច្រៀង តែខ្ញុំមិនចាប់ជាអាជីពទេ»។


 
មានបំណងចង់ឱ្យប្រជាជនខ្មែរជាពិសេសម្ដាយឪពុក និងអាណាព្យាបាល ជំរុញកូនៗឱ្យចូលរៀនសិល្បៈបុរាណ  ប្រសិនបើពួកគេចូលចិត្ត។ អ្នកនាង ពេជ្រ ចរិយា ក៏កំពុងព្យាយាមបណ្ដុះបណ្ដាលក្មួយរបស់ខ្លួនទាំងប្រាំនាក់ ឱ្យមានជំនាញសិល្បៈបុរាណ ទៅតាមឧបនិស្ស័យរបស់ពួកគេរៀងៗខ្លួនដែរ៖«យើងផ្សព្វផ្សាយឱ្យគេមកមែនចុះសាច់របស់យើង ហេតុអ្វីយើងមិនឱ្យចូល អ៊ីចឹងត្រូវចេញពីខ្លួនយើងសិន។ ក្មួយរបស់ខ្ញុំ ខ្ញុំយកមករៀន ឥឡូវបាន៣នាក់ហើយ ២នាក់ទៀតនឹងមកក្រោយ ស្រី៣ប្រុស២។ ខ្ញុំបង្រៀនច្រៀង អ្នកខ្លះក៏ចូលខាងយីកេ អ្នកខ្លះខាងរបាំបុរាណ»៕
 

Tag:
 ចម្រៀង
  មហោរី
 សិល្បៈ
 វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com