COVID-19
អន្តរជាតិ
តៃវ៉ាន់ លុប​ចោលការ​ប្រារព្ធ​ពិធីបុណ្យ​គោម​ដ៏​ធំ ព្រោះ​បារម្ភ​ពី​កូ​វីដ​-១៩
20, Jan 2021 , 1:57 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
​ដោយ ឈួន ឈី​វ​អ៊ីង
 
​តៃវ៉ាន់ បានសម្រេច​ចិត្ត​រំសាយ​ការ​ប្រារព្ធ​ពិធីបុណ្យ​បង្ហោះគោម​ដ៏​ធំ​មួយ ដែល​នឹង​ធ្វើឡើង​នៅ​អំឡុង​បុណ្យចូលឆ្នាំ​ចិន​នាពេល​ខាងមុខនេះ​។ ការលុបចោល​នេះ ធ្វើឡើង​ជាមួយ​ក្ដីបារម្ភ​ពី​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដែល​កើន​ឡើងវិញ​នៅ​រយៈពេល​ចុងក្រោយ​។​

 
​នៅ​ថ្ងៃទី​១៩ ខែមករា តៃវ៉ាន់​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​-១៩ ក្នុងស្រុក​ថ្មី​ចំនួន​៤ ដែលជា​ចំនួន​ច្រើន​សម្រាប់​ប្រទេស​នេះ​ក្នុង​រយៈពេល​១១​ខែ​ចុងក្រោយ​។ ករណី​វិជ្ជមាន​ថ្មី​បាន​កើតឡើង នៅក្នុង​មន្ទីរពេទ្យ​នៅ​ទីក្រុង Taoyuan ។ រដ្ឋាភិបាល​ក៏បាន​ផ្ទេ​អ្នកជំងឺ​ជាង​២០០​នាក់ ចេញពី​មន្ទីរពេទ្យ​នេះ​ទៅ​កន្លែង​ផ្សេង​។​
 
​ជាមួយ​ករណី​ឆ្លង​ក្នុងស្រុក​នេះ តៃវ៉ាន់​ក៏​លុបចោល​ពិធីបុណ្យ​បង្ហោះគោម​របស់ខ្លួន​។ រដ្ឋមន្ត្រី​គមនាគមន៍​និង​ទំនាក់ទំនង លោក Lin Chia-lung ប្រាប់​ទីភ្នាក់ងារ​ពត៌មាន Reuters ថា ពិធីបុណ្យ គោម​នៅ​តៃវ៉ាន់ ដែល​តែងតែ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​សម្គាល់​ការបញ្ចប់​ឆ្នាំ​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នា​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ ត្រូវបាន​រំសាយ​ចោល​ព្រោះតែ​កូ​វីដ​-១៩ ។ 
 
​ជា​រៀងរាល់ឆ្នាំ ពិធីបុណ្យ​នេះ​តែង​មានការ​បង្ហោះគោម និង​មាន​ការបាញ់​កាំជ្រួច ដែល​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់ពាន់នាក់​។ លោក Lin ក៏បាន​បន្ថែមទៀតថា ការរំសាយ​នេះ​ជាការ​សម្រេចចិត្ត​ដ៏​ពិបាក​មួយ ប៉ុន្តែ​កិច្ចការពារ​ការរីក​រា​ល​ដាល​កូ​វីដ​-១៩ ជា​អាទិភាព​ដំបូង​។ 
 
​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ដែលមាន​ទីតាំងនៅ​ទីក្រុង Hsinchu ដែលជា​កន្លែង​ត្រូវ​ប្រារព្ធ​ពិធី បាន​ស្នើឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​រំសាយ​កម្មវិធី​បុណ្យ​នេះ ព្រោះ​បារម្ភ ពី​ការរីក​រាលដាល​ជា​សហគមន៍​ដែល​អាច​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ក្រុមហ៊ុន​របស់​ពួកគេ​។ ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ធំជាងគេ​ក្នុង​ពិភពលោក​របស់​តៃវ៉ាន់ Taiwan Semiconductor Manufacturing Co ក៏មាន​រោងចក្រ​នៅ​ទីក្រុង​នោះដែរ​។ 
 
​គិត​មកដល់ពេលនេះ​តៃវ៉ាន់​មាន​ករណី​កូ​វីដ​-១៩ សរុប​ចំនួន ៨៦៨​ករណី ដែល​ភាគច្រើន​ជា​ករណី​ឆ្លង​មកពី​ប្រទេសក្រៅ ហើយ​ក៏មាន​អ្នកស្លាប់​ចំនួន​៧​នាក់​ដែរ​៕ 
 

Tag:
 តៃវ៉ាន់​
  កូ​វីដ​-១៩
© រក្សាសិទ្ធិដោយ thmeythmey.com