ជាតិ
សង្គមជាតិ
មន្ទីរសុខាភិបាលបន្ទាយមានជ័យ អះអាងថា គ្មានការយកប្រាក់ជាង១ម៉ឺនដុល្លារជាថ្នូរចូលក្របខណ្ឌ រដ្ឋ រូបពីមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ
× ភ្នំពេញ៖ មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានបដិសេធថា គ្មានការយកប្រាក់ជាង១ម៉ឺនដុល្លារជាថ្នូរចូលក្របខណ្ឌរដ្ឋឡើយ។ ការបដិសេធនេះ ធ្វើឡើងក្រោយពីសារព័ត៌មានដើមរាំង ផ្សាយថា អ្នកចូលក្របខណ្ឌពេទ្យរដ្ឋ ត្រូវអស់លុយម្នាក់ៗ១៥០០០ដុល្លារ នៅខេត្តបន្ទាយមានជ័យ។
មន្ទីរសុខាភិបាលបន្ទាយមានជ័យ បានបកស្រាយថា ការជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា និងអ្នកស្ម័គ្រចិត្តកំពុងបំពេញការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្ត គឺមានគោលការណ៍ និងលក្ខខណ្ឌជ្រើសរើសត្រឹមត្រូវ។
មន្ទីរសុខាភិបាលខេត្ត ក៏បានអះអាងថា មន្ទីរសុខាភិបាលខេត្ត បានបង្កើតគណៈកម្មការ ដើម្បីទទួលពាក្យ និងពិនិត្យលើសំណុំឯកសារ ដោយមានកំណត់ហេតុ និងឯកសារពាក់ព័ន្ធត្រឹមត្រូវ ដើម្បីបញ្ជូនទៅក្រសួងសុខាភិបាល។
បើតាមមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ សិទ្ធិសម្រេចនៃការជ្រើសរើសចូលក្នុងក្របខណ្ឌរដ្ឋ មិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់មន្ទីរសុខាភិបាលខេត្តឡើយ។ ប៉ុន្តែសិទ្ធិសម្រេចនៃការជ្រើសរើសចូលក្នុងក្របខណ្ឌរដ្ឋ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងសម្រេចពីគណៈកម្មការក្រសួងសុខាភិបាល។
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា លទ្ធផលនៃការជ្រើសរើសអ្នកចូលក្នុងក្របខណ្ឌពេទ្យរដ្ឋ មិនទាន់ត្រូវបានក្រសួងសុខាភិបាលប្រកាសជាផ្លូវការនៅឡើយទេ។
មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ការផ្សព្វផ្សាយព័ត៌មាន ដោយត្រូវតែបង្ហាញនូវភស្តុតាងជាក់លាក់ ដើម្បីឲ្យមន្ត្រីសុខាភិបាលស្រាវជ្រាវ និងអនុវត្តតាមនិតីវិធីច្បាប់៕
Tag:
សារព័ត៌មាន
សុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com