ជាតិ
អាជ្ញាធរ​ជាតិ​អប្សរា នឹង​កែលម្អ​បរិវេណ​ព្រះ​លានជល់ដំរី ដោយ​ប្រើពេល ៦​ខែ​
20, Jan 2021 , 9:59 pm        
រូបភាព
ដោយ:
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ប្រើពេល​៦​ខែ ដើម្បី​រៀបចំ​គម្រោង​កែលម្អ​បរិវេណ​ព្រះ​លានជល់ដំរី​ឡើងវិញ ក្នុង​គោលបំណង​បង្កើន​សោ​ភណ្ឌ​ភាព​ឲ្យ​ល្អប្រសើរ ដើម្បី​ថែរក្សា​សំណង់​ប្រាសាទ​ដែលមាន​ក្នុង​បរិវេណ​ឲ្យ​បានយូរ​អង្វែង និង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកទេសច​រ​។ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា គម្រោង​កែលម្អ​នៅ​បរិវេណ​ព្រះ​លានជល់ដំរី មាន​ភាពស្រដៀងគ្នា​ទៅនឹង​គម្រោង​កែលម្អ​មុខ​ប្រាសាទ​អង្គ​វត្ត ដោយមាន​រៀបចំ​ដាំ​ស្មៅ រួម​នឹង​ស្ថាបនា​ផ្លូវ​ក្បែរ​ព្រះ​លានជល់ដំរី​ផងដែរ​។​

 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកនាង​ទស្សនា​បទ​សម្ភាស​រវាង កញ្ញា ខន ណា​រី អ្នកសារព័ត៌មាន​នៃ​សារព័ត៌មាន​ThmeyThmey25 ជាមួយ លោក យិ​ត ចាន់​ដារ​ដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​៖


 
​លោក យិ​ត ចាន់​ដារ​ដ្ឋ បាន​ពន្យល់ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​សិក្សា​ពី​ហានិភ័យ​ដែល​កំពុង​កើត​មាននៅ​លើផ្លូវ​សព្វថ្ងៃ ដែល​ការ​ចរាចរណ៍​នៅ​កៀក​តួ​ប្រាសាទ ដែល​បង្ក​ផលប៉ះពាល់​ដោយ​សំឡេង​ញ័រ ដល់​ថ្ម​ប្រាសាទ​ជាដើម​។ អាជ្ញាធរ បាន​ស្ថាបនា​ផ្លូវ​ថ្មី​ជំនួស គឺ​លើផ្លូវ​ដីក្រហម​សព្វថ្ងៃ ដែលមាន​ទីតាំង​មុខ បរិវេណ​ប្រាសាទ​សួរ​ព្រ័ត​១២ ឆ្ពោះទៅមុខ​ប្រាសាទព្រះពិធូរ បត់​ឆ្វេង​ឆ្ពោះទៅ​ខ្លោងទ្វារ​ដី​ឆ្នាំង​។ ចំណែក​ផ្លូវ​ចាស់ អាជ្ញាធរ​កំពុង​រៀបចំ​កែប្រែ ក្រាល​ថ្ម ដាំ​ស្មៅ លម្អ​បរិស្ថាន​លានជល់ដំរី ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ​។​
 
​គម្រោង​កែលម្អ​នេះ គឺ​ចាប់ពី​ចំណុច​មុខ​ខាងជើង​នៃ​ប្រាសាទបាយ័ន រហូតដល់​មុខ​ប្រាសាទព្រះពិធូរ ដែល​បានចាប់ផ្ដើម​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២១ និង​គ្រោង​បញ្ចប់​ទាំងស្រុង​ក្នុង​រយៈពេល ៦​ខែ​ខាងមុខ​។ ក្រៅពី​គម្រោង​កែលម្អ​បរិវេណ​ព្រះ​លានជល់ដំរី អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​កែលម្អ​ផ្លូវ​នានា ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​កាន់​តែមាន​ភាពងាយស្រួល​ផងដែរ ក្នុង​ឆ្នាំ​២០២១​។ នេះ​បើតាម​លោក យិ​ត ចាន់​ដារ​ដ្ឋ ។​


 
​ព្រះ​លានជល់ដំរី បាន​សាងសង់ឡើង​នៅ​ចុង​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ។ ទីតាំង​នេះ ជា​កន្លែង​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ យាង​ទត​កងទ័ព​មុន​ពេលចេញ​ធ្វើសង្គ្រាម និង​ត្រលប់​មកពី​ធ្វើសង្គ្រាម​វិញ និង​ជា​កន្លែង​សំខាន់​សម្រាប់​ប្រារព្ធ​ពិធី​ផ្សេងៗ​។ បច្ចុប្បន្ន​ទីតាំង​នេះ​ជាទី​តាំង​មួយ​ដែល​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ ព្រោះ​មាន​ប្រាសាទ​ជាច្រើន​ព័ទ្ធជុំវិញ​មានដូចជា​ប្រាសាទបាយ័ន ប្រាសាទ​បា​ភួ​ន ប្រាសាទព្រះពិធូរ ប្រាសាទភិមានអាកាស ប្រាសាទ​សួរ​ព័​ត្រ ជាដើម​៕








 
 
 
 
 

Tag:
 ​ព្រះ​លានជល់ដំរី​
 ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com