កម្ពុជា​-​ឥណ្ឌា ឯកភាពគ្នា ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ផុតរលត់
COVID-19
ជាតិ
កម្ពុជា​-​ឥណ្ឌា ឯកភាពគ្នា ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ផុតរលត់
21, Jan 2021 , 10:47 am        
រូបភាព
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​ពី​ជើងហោះហើរ​ត្រង់នេះ ជាមួយ​លោកស្រី ទេ​វ្យា​នី ឧ​ត្ត​ម ខូ​ប្រា​ហ្កា​ដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​
លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​ពី​ជើងហោះហើរ​ត្រង់នេះ ជាមួយ​លោកស្រី ទេ​វ្យា​នី ឧ​ត្ត​ម ខូ​ប្រា​ហ្កា​ដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​
ភ្នំពេញ​៖ កម្ពុជា និង​ឥណ្ឌា បាន​ឯកភាពគ្នា ត​ភ្ជាប់​ជើងហោះហើរ​ត្រង់ ក្រោយពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ត្រូវបាន​បញ្ចប់ ដើម្បី​ជំរុញ​សកម្មភាព​ទេសចរណ៍​ឡើងវិញ​។ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ពិភាក្សា​ពី​ជើងហោះហើរ​ត្រង់នេះ ជាមួយ​លោកស្រី ទេ​វ្យា​នី ឧ​ត្ត​ម ខូ​ប្រា​ហ្កា​ដេ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា កាល​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​។​


 
​បើតាម​លោក ថោង ខុន ការរៀបចំ​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌា នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ស្និទ​ថែមទៀត​។ ដោយសារ​មើលឃើញ​ពី​ចំណុច​វិជ្ជមាន​នេះ ទើប​លោក ថោង ខុន ស្នើ​ឱ្យមាន​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​កម្ពុជា​-​ឥណ្ឌា ក្រោយ​ត្រូវបាន​ពន្យារពេល​អស់​ច្រើន​ឆ្នាំ ដោយសារ​ការរំខាន​នៃ​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោកស្រី ទេ​វ្យា​នី ទទួលយក​សំណើរ​របស់លោក ថោង ខុន ។ លោកស្រី ចាត់ទុក​ការងារ​នេះ ជា​ការងារ​អាទិភាព​ក្នុង​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​របស់​លោកស្រី ។​ ក្រសួងទេសចរណ៍ បាន​ស្រង់​សម្តី​លោកស្រី ទេ​វ្យា​នី ដូច្នេះ​ថា​៖«​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា នឹង​រួមសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ក្នុង​ការបន្ត​រៀបចំ​ទិវា​យោ​គៈ​អន្តរជាតិ (International Yuga Day) នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ និង​ខេត្តបាត់ដំបង​ជាដើម​»​។​
 
​មិនតែប៉ុណ្ណោះ​ស្ថានទូត​ឥណ្ឌា ក៏បាន​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​បន្តទៀត ព្រមទាំង​អភិវឌ្ឍន៍​ទេសចរណ៍​ឌីជីថល​ទៀតផង​។ បន្ថែម​ពីនេះ​លោកស្រី​ឯកអគ្គរដ្ឋទូត​ឥណ្ឌា សន្យា​ជួយ​សម្របសម្រួល​ដល់​ការបណ្ដុះបណ្ដាល​អ្នកជំនាញ​ទេសចរណ៍​តាមរយៈ​ប្រព័ន្ធ​វីដេអូ​អន​ឡាញ​ផងដែរ​។​
 
​ក្រៅពីនេះ ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​ក៏​នឹង​ជួយ​កែលម្អ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​តាម​តំបន់​អេកូ​ទេសចរណ៍ ទេសចរណ៍វប្បធម៌ ដូចជា​ការកែលម្អ​ផ្លូវ​ចូល ផ្លាកសញ្ញា ការបណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ឱ្យទទួល​ជំនាញ​ក្នុងការ​ស្វាគមន៍​ភ្ញៀវទេសចរ​កាន់តែ​ល្អប្រសើរ​។​
 
​ភាគី​ទាំងពីរ​នឹង​បង្កើត​ក្រុមការងារ ដែលមាន​សមាសភាព​ពី​ក្រសួងទេសចរណ៍ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួង​ព័ត៌មាន និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ក៏ដូចជា​ក្រុមការងារ​នៅ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ក្រុមការងារ​ឥណ្ឌា​នៅ​រដ្ឋធានី​ញូ​វ​ដេលី​ផងដែរ​៕
 

Tag:
 អាកាសចរ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com