ចិន​អនុញ្ញាត​ឲ្យ​គ្រូ និង​កីឡាករ​កាយសម្ព័ន្ធ​១០​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ខ្លួន
កីឡាជាតិ
ជាតិ
ចិន​អនុញ្ញាត​ឲ្យ​គ្រូ និង​កីឡាករ​កាយសម្ព័ន្ធ​១០​រូប​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ខ្លួន
21, Jan 2021 , 11:53 am        
រូបភាព
 លោក ថោង ខុន ប្រធាន CAMSOC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
លោក ថោង ខុន ប្រធាន CAMSOC និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា
​បើ​គ្មាន​ការប្រែប្រួល​ទេ សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា នឹង​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​មួយចំនួន​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​វែង​នៅ​ប្រទេស​ចិន នៅ​ឆ្នាំ​២០២១ នេះ ។ បន្ថែម​លើ​នេះ ភាគី​ចិន សន្យា​ផ្តល់​គ្រូ​ជំនាញ​កីឡា​កាយសម្ព័ន្ធ​មក​បង្វឹក​ដល់​កីឡាករ​នៅ​ប្រទេស​កម្ពុជា​។ នៅ​ឆ្នាំ​នេះដែរ កម្ពុជា ក៏​គ្រោង​បញ្ជូន​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​លើ​ប្រភេទ​កីឡា​ផ្សេងៗ​ប្រមាណ​១០០​នាក់​ទៅ​ហ្វឹកហាត់​នៅ​ទីនោះ​ផងដែរ​។   

 
​នា​ពិធី​បិទ​ការប្រកួត​កីឡា​កាយសម្ព័ន្ធ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​របស់ខ្លួន​ប្រចាំឆ្នាំ​២០២០ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ដំណើរការ​រៀបចំ និង​ការរីកចម្រើន​ផ្នែក​បច្ចេកទេស​របស់​កីឡាករ ទោះ​កម្ពុជា​ទទួលរង​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។ លោក សង្កេតឃើញ​សមត្ថភាព​កីឡាករ​កីឡាការិនី​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។  
 


 
​ជាមួយគ្នានេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​រូបនេះ បានលើកឡើង​ពី​គម្រោង​របស់​សហព័ន្ធ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​កីឡា​កម្រិត​ខ្ពស់​ដល់​កីឡាករ​កីឡាការិនី​កាយសម្ព័ន្ធ​កម្ពុជា​។ បើ​គ្មានអ្វី​ប្រែប្រួល​ទេ នៅ​ឆ្នាំ​២០២១ នេះ សហព័ន្ធ​នឹង​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​មួយចំនួន​ទៅ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​រយៈពេល​វែង​នៅ​ប្រទេស​ចិន​។ 
 
«​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​កីឡា​កម្រិត​ខ្ពស់ គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម បាន​ឯកភាព​ជាមួយ​ក្រុម​ជំនាញ​កីឡា និង​ក្រុម​សិក្សា​ស្រាវជ្រាវ​មកពី​ក្រុមហ៊ុន​កីឡា​អន្តរជាតិ តំណាង​ឲ្យ​អាជ្ញាធរ​កីឡា​នៃ​សាធារណរដ្ឋ​ចិន បានផ្តល់​ឲ្យ​កីឡាករ​កាយសម្ព័ន្ធ​អា​ធី​ស្ទិ​ក​ចំនួន​១០​រូប ដើម្បី​ត្រៀម​ទៅ​ហ្វឹកហាត់​រយៈពេល​វែង​នៅ​ចិន និង​ផ្តល់​គ្រូ​ជំនាញ​កម្រិត​ខ្ពស់ មក​បង្វឹក​កីឡាករ​កីឡាការិនី​អា​អេ​រ៉ូ​ប៊ិក​នៅ​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់លោក ថោង ខុន​។ 
 


 
​បើតាម​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣(CAMSOC) ក្រៅពី​កីឡា​កាយសម្ព័ន្ធ កម្ពុជា ក៏​គ្រោង​បញ្ជូន​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​លើ​ប្រភេទ​កីឡា​ផ្សេងៗ​ទៅ​ហ្វឹកហាត់​នៅ​ទី​នោះដែរ​។ ប៉ុន្តែ​គម្រោង​នេះ​អាច​ដំណើរការ​ទៅបាន​តាម​ការគ្រោងទុក លុះត្រា​ណា​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក ក៏ដូចជា​នៅ​ប្រទេស​ចិន មាន​ស្ថានភាព​ធូរស្បើយ​។ 
 
​លោក​បានបញ្ជាក់​បន្ថែម​ថា​៖«​ក្នុងនាម​ជា​មិត្តភក្តិ​ដ៏​ល្អ គឺ​ភាគី​ចិន​បាន​ត្រៀម​ទទួល​កីឡាករ​កីឡាការិនី និង​គ្រូបង្វឹក​របស់​យើង​ចំនួន​១០០​នាក់ ក្នុងនោះ​ចំពោះ​កីឡា​កាយសម្ព័ន្ធ ក៏បាន​ត្រៀម​កីឡាករ និង​គ្រូបង្វឹក​អា​ធី​ស្ទិ​ក​ចំនួន​១០​នាក់​ដែរ​។ នេះ​ជាការ​ត្រៀម​ហ្វឹកហាត់​រយៈពេល​យូរ​...​ទៅ​នៅ​ចិន​នេះ ខ្ញុំ​សូម​ឲ្យ​លោកគ្រូ​អ្នកគ្រូ និង​ចៅៗ​ទាំងអស់​ត្រូវយក​ចិត្ត​ទុកដាក់ ព្រោះ​ទាំង​អា​អេ​រ៉ូ​ប៊ិក និង​អា​ធី​ស្ទិ​កនៅ​ចិន គឺ​គាត់​ពូកែ​»​។ 
 
​លោក ណ​យ ផា​ណា អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា ចាត់ទុក​ការហ្វឹកហាត់​នៅ​ចិន​ជា​ឱកាស​សម្រាប់​កីឡាករ​កាយសម្ព័ន្ធ​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ ដ្បិត​ចិន​ជា​ប្រទេស​មាន​សក្តានុពល​ខ្ពស់​លើ​ប្រភេទ​កីឡា​នេះ​។ វា ក៏​ជា​ជំហាន​ក្នុង​ដំណើរ​ឆ្ពោះទៅ​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២១ នៅ​វៀតណាម និង​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​
 


លោក ណយ ផាណា អគ្គលេខាធិការនៃសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា, រូបពី Cambodia SEA Games 2023

​បើតាម​អគ្គលេខាធិការ​រូបនេះ គម្រោង​បញ្ជូន​កីឡាករ និង​គ្រូបង្វឹក​ទៅ​ហ្វឹកហាត់​នៅ​ចិន នឹង​ប្រព្រឹត្តទៅ​ចុងខែ​កក្កដា ឬ​ដើមខែ​សីហា ឆ្នាំ​២០២១ ក្នុងករណី​មិនមាន​អ្វី​ប្រែប្រួល​។ លោក បន្ថែមថា សហព័ន្ធ​ក៏មាន​គម្រោង​ហៅ​គ្រូ​ជំនាញ​មកពី​ប្រទេស​រុស្ស៊ី​មក​បង្វឹក​កីឡាករ​នៅ​កម្ពុជា​ផងដែរ​។ ខណៈ​បច្ចុប្បន្ន​ការស្នើសុំ​នេះ កំពុងស្ថិត​ក្នុង​ដំណើរការ​។ 
 
​លោក ណ​យ ផា​ណា បា​បង្ហាញ​ការ​ជឿជាក់ថា ក្រុមកីឡា​កាយសម្ព័ន្ធ​នឹង​អាច​ឈានទៅ​ដណ្តើមបាន​មេដាយ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ បើ​ពួកគេ​បាន​ចេញទៅ​ហ្វឹកហាត់​នៅ​ប្រទេស​តាម​ការគ្រោងទុក និង​ការ​ចេញទៅ​ចូល​ការប្រកួត​នានា និង​បោះជំរំ​ហ្វឹកហាត់​រយៈពេល​ខ្លី​នៅក្រៅ​ប្រទេស​ញឹកញាប់​។ 
 
​ជាមួយគ្នានេះ លោក ថោង ខុន បានចាត់ទុក​ឆ្នាំ​២០២១ ជា​ឆ្នាំ​ចាប់ផ្តើម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ពោលគឺ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​អស់ទាំង​គណៈកម្មកា​រ​ជំនាញ​ទាំង​១៤​នៃ CAMSOC, NOCC និង​សហព័ន្ធ​កីឡា​ជាតិ ត្រូវ​អនុវត្តតាម​ផែនការ​ក្នុង​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​របស់ខ្លួន​។ លោក សង្កត់ធ្ងន់ថា ឆ្នាំ​២០២១ ជា​ឆ្នាំ​កំណត់​ជោគវាសនា​របស់​កម្ពុជា ដើម្បី​ឈានទៅ​ជោគជ័យ​នៅ​ឆ្នាំ​២០២៣​។    
 
​លោក​បានលើកឡើង​ដូច្នេះ​ថា​៖«​ឆ្នាំ​២០២១ ជា​ឆ្នាំ ដែល​យើង​ត្រូវខិតខំ​ធ្វើយ៉ាងណា​ហ្វឹកហាត់​ឲ្យ​បាន​កាន់តែ​ល្អ ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​រួចរាល់​ឲ្យ​បាន​៧០​ទៅ​៨០​ភាគរយ​នៃ​ការត្រៀម​របស់​យើង គឺ​ទាំង​ការហ្វឹកហាត់​របស់​ក្មួយៗ​កីឡាករ​កីឡាការិនី ទាំង​ការបណ្តុះបណ្តាល​គ្រូបង្វឹក និង​អាជ្ញាកណ្តាល​ចៅក្រម និង​គ្រប់បែបយ៉ាង​ទាំងអស់​។ ព្រោះ​ដល់​ឆ្នាំ​២០២២ យើង​មិនមាន​ពេល​នោះទេ​»៕  
 


 
 
 
 

Tag:
 ​កាយសម្ព័ន្ធ​
  ថោង ខុន​
  ណ​យ ផា​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com