អន្តរជាតិ
ម៉ិ​ក​ស៊ិ​ក​អំពាវនាវ​ឲ្យ​លោក Biden ដោះស្រាយ​បញ្ហា​ឋានៈ​អន្តោប្រវេសន៍​របស់​ពល​រដ្ឋ​ម៉ិ​ក​ស៊ិ​ក​នៅក្នុង​សហរដ្ឋអាមេរិក​
21, Jan 2021 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​។​
​រូប​ឯកសារ​៖ ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​ក លោក Andres Manuel Lopez Obrador ថ្លែង​សុន្ទរកថា នៅ​វិមាន​ប្រធានាធិបតី ក្នុង​រដ្ឋធានី​ម៉ិ​ក​ស៊ី​កូ ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០២០​។​
 ​ប្រធានាធិបតី​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​លោក​Joe Biden គួរ​ធ្វើតាម​ការសន្យា​របស់ខ្លួន​ពេលធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឲ្យ​បាន​ឆាប់ ដើម្បី​អនុវត្ត​នូវ​ផែនការ​អន្តោប្រវេសន៍​មួយ ដែល​រួមមាន​ទាំង​ការផ្តល់​សញ្ជាតិ​ដល់​ពលរដ្ឋ​ម៉ិ​ក​ស៊ិ​ក ដែល​កំពុងធ្វើការ​នៅក្នុង​សហរដ្ឋអាមេរិក​ផងដែរ​។​

 
​បញ្ហា​អន្តោប្រវេសន៍​បាន​ក្លាយជា​បញ្ហា​អាទិភាព​មួយ​សម្រាប់​លោក Biden ដែលមាន​គម្រោង​លុបចោល​វិធានការ​តឹងរ៉ឹង​មួយចំនួន​របស់លោក​អតីត​ប្រធានាធិបតី Donald Trump និង​ធ្វើកំណែទម្រង់​ទូលំទូលាយ​មួយ ដែល​ប្រហែលជា​អាច​ផ្ដល់ឱកាស​ឲ្យ​អ្នករស់នៅ​ខុសច្បាប់​ក្នុង​សហរដ្ឋអាមេរិក​ចំនួន ១១ លាន​នាក់ ទទួលបាន​សញ្ជាតិ​អាមេរិក​បាន​។​
 
​ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Lopez Obrador និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា នៅថ្ងៃនេះ ឬ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ លោក Joe Biden នឹង​បង្ហាញ​ពី​ផែនការ​អន្តោប្រវេសន៍​របស់លោក​»​។​
 
​លោក Obrador បញ្ជាក់ថា វិធានការ​អន្តោប្រវេសន៍​របស់លោក Biden គួរ​គាំទ្រ​បណ្ដា​ប្រទេស​ក្រីក្រ​នៅ​ទ្វីបអាមេរិក​កណ្ដាល និង​តំបន់​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក ដែលជា​តំបន់​ដែលមាន​ជន​ចំណាកស្រុក​ជាច្រើន​ធ្វើដំណើរ​ទៅកាន់​សហរដ្ឋអាមេរិក​។​
 
​កាលពីដើម​សប្តាហ៍​នេះ ក្រុម​ទាហាន​និង​ប៉ូលិស​នៅក្នុង​ប្រទេស​ក្វា​តេ​ម៉ា​ឡា បាន​ប៉ះទង្គិច​ជាមួយ​ក្រុម​ជន​ចំណាកស្រុក​ដែល​សម្រុក​ធ្វើដំណើរ​សំដៅ​ទៅកាន់​សហរដ្ឋអាមេរិក ដោយបាន​រារាំង​ពួកគេ​ភាគច្រើន​មិន​ឲ្យ​បន្តដំណើរ​ទៅមុខទៀត បន្ទាប់ពី​ជន​ចំណាកស្រុក​ហុង​ឌូ​រ៉ា​ស​ប្រមាណ ៨.០០០ នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ក្វា​តេ​ម៉ា​ឡា​។​
 
​នាពេល​បច្ចុប្បន្ននេះ មាន​ជាតិ​សាសន៍ Hispanic ដែលមាន​ដើមកំណើត​ពី​ប្រទេស​ម៉ិ​ក​ស៊ិ​កជាង ៣៦ លាន​នាក់ កំពុង​រស់នៅក្នុង​សហរដ្ឋអាមេរិក​។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com