កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ថា Pogba សប្បាយចិត្ត​ជាមួយ Man Utd វិញ​ហើយ
21, Jan 2021 , 2:58 pm        
រូបភាព
​លោក Ole Gunnar Solskjaer ជឿជាក់ថា Paul Pogba សប្បាយចិត្ត​ឡើងវិញ​ហើយ បន្ទាប់ពី​ខ្សែបម្រើ​ឆ្នើម​រូបនេះ​បាន​ជួយ​ក្រុម និង​សាទរ​យ៉ាងខ្លាំង​ចំពោះ​ជ័យជម្នះ​របស់ Manchester Unitd លើ​ក្រុម Fulham​។​


Pogba ជា​អ្នករក​គ្រាប់​បាល់​ជ័យជម្នះ​ដើម្បី​ជួយ​ក្រុម​បិសាច​ក្រហម​ដណ្តើមបាន​ចំណាត់ថ្នាក់​កំពូល​តារាង Premier League ជាថ្មី​វិញ ក្រោយ​យកឈ្នះ Fulham ២-១ នៅ​ជំនួប​លី​គ​សប្តាហ៍​ទី​១៩ នៅ​រាត្រី​ថ្ងៃទី​២០ ខែមករា នៅឯ Craven Cottage​។​
 
Edinson Cavani ជា​អ្នករក​គ្រាប់​បាល់​តាម​ស្មើ​ឱ្យ Man Utd នៅ​នាទី​២១ បន្ទាប់ពី Ademola Lookman ស៊ុត​គ្រាប់​បើកឆាក​ឱ្យ Fulham នៅ​នាទី​ទី​៥​។ Pogba បាន​ក្លាយជា​វីរបុរស​ក្នុងជំនួប​ដ៏​សំខាន់​នេះ ក្រោយ​ស៊ុត​ជើងឆ្វេង​ពី​ចម្ងាយ​សម្រេច​គ្រាប់​ជ័យជម្នះ​ឱ្យ​ក្រុម​លោក Solskjaer នៅ​នាទី​៦៥ ដើម្បី​ទទួលបាន​៣​ពិន្ទុ​បន្ថែម​។​
 
​កន្លងមក Pogba តាមរយៈ​ពី​ភ្នាក់ងារ​របស់ខ្លួន​លោក Mino Raiola ធ្លាប់បាន​អះអាងថា​ម្ចាស់​ថា​ខ្សែបម្រើ​អន្តរជាតិ​បារាំង​រូបនេះ មិន​សប្បាយចិត្ត​ក្នុងការ​បន្ត​ជាមួយ​បិសាច​ក្រហម​ទៀតឡើយ ស្របពេល​ទំនាក់ទំនង​ជាមួយ​អតីត​ក្លិប​ចាស់ Juventus និង Real Madrid ក៏​កើនឡើង​ផងដែរ​។​
 
​យ៉ាងណាក៏ដោយ នៅពេល​អ្នកសារព័ត៌មាន​សួរ​អំពី Pogba នៅ Old Trafford យ៉ាង​មេច​ទៅហើយនោះ​? លោក Solskjaer ឆ្លើយថា​៖ «​គាត់​កំពុង​រីករាយ​នឹង​ការលេង​បាល់​របស់គាត់​នៅទីនេះ គាត់​សប្បាយចិត្ត​គាត់​មាន​សតិ​ស្មារតី​ល្អ​នៅពេល​លេង​លើ​ទីលាន ហើយ​យើង​ពិតជា​បានដឹង​ពី​ទេពកោសល្យ​របស់គាត់​។ ថ្ងៃនេះ​យើង​សម្រេចចិត្ត​ឱ្យ​គាត់​លេង​នៅ​តំបន់​បម្រើ ហើយ​គាត់​ធ្វើ​បានល្អ ហើយនឹង​សម​នឹង​តំណែង​នេះ​»​។​
 
​ចាប់តាំងពី​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ​បាន​វិល​ទៅកាន់​ទឹកដី​អង់គ្លេស​ពី Juventus ឆ្នាំ ២០១៦ គ្មាន​កីឡាករ​ណា​ម្នាក់​អាច​រក​គ្រាប់​បាល់​ស៊ុត​ពី​ចម្ងាយ​ច្រើនជាង Pogba ដែល​រកបាន​៦​គ្រាប់​ឡើយ​។​
 
​តាមរយៈ​ជ័យជម្នះ​នេះ Man Utd បាន​កើន​ដល់​ដល់​៤០​ពិន្ទុ ពី​ការប្រកួត​១៩​លើក ឈរ​នៅ​កំពូល​តារាង​លី​គ​កំពូល​អង់គ្លេស នាំមុខ​ក្រុម​លេខ​២ Manchester City និង​លេខ​៣ Leicester City ចំនួន​ពីរ​ពិន្ទុ​។ យ៉ាងណាក៏ដោយ Man City នៅសល់​ការប្រកួត​១​លើក​ក្នុង​ដៃ ដែល​ធ្វើឱ្យ​ពួកគេ​មានឱកាស​ដើម្បី​ឡើងទៅ​ឈរ​កំពូល​តារាង​វិញ​៕

Tag:
 Paul Pogba
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com