COVID-19
អន្តរជាតិ
WHO នឹង​ព​ន្លឿ​ន​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ប​ន្ទា​ន់​វ៉ាក់សាំង​កូ​វីដ​-១៩ ដើម្បី​ជួយ​ប្រទេស​ក្រីក្រ
21, Jan 2021 , 4:12 pm        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​អង្គការ​សុខភាព​ពិភពលោក (WHO) គ្រោង​នឹង​អនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាន់​វ៉ាក់សាំង​មួយចំនួន​នៅពេល​ខ្លី​ខាងមុខ ដើម្បី​ជួយ​ឱ្យ​ប្រទេស​ក្រីក្រ​ឆាប់​ទទួលបាន​វ៉ាក់សាំង​។ នេះ​បើតាម​ឯកសារ​របស់​កម្មវិធី COVAX នៅ​ថ្ងៃទី​២០ ខែមករា​។ វ៉ាក់សាំង​ក្រុមហ៊ុន​អឺរ៉ុប​របស់​ចិន និង​រុស្ស៊ី ទំនងជា​ទទួល​បានកា​រ​អនុញ្ញាត​បន្តបន្ទាប់​គ្នា ខណៈដែល WHO ព​ន្លឿ​ន​ការត្រួតពិនិត្យ​បេក្ខភាព​វ៉ាក់សាំង​នានា​។



 
​មកទល់ពេលនេះ អង្គការ​សុខភាព​ពិភពលោក បានទទួល​ស្គាល់​ប្រសិទ្ធភាព​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer តែមួយ​ប៉ុណ្ណោះ​តាមរយៈ​ការបញ្ចូល​ក្នុង​បញ្ជី​វ៉ាក់សាំង​ប្រើប្រាស់​បន្ទាន់​។ ការទទួលស្គាល់​ប្រសិទ្ធភាព​វ៉ាក់សាំង​ផ្សេងទៀត​ពី​សំណាក់​អង្គការ​អន្តរជាតិ​មួយ​នេះ នឹង​ក្លាយជា​ចំណែក​មួយ​នៃ​ការជួយ​ប្រទេស​ក្រីក្រ ដែល​សមត្ថភាព​ក្នុងការ​ត្រួតពិនិត្យ​ប្រសិទ្ធភាព​វ៉ាក់សាំង​នៅមានកម្រិត ឱ្យប្រើ​ប្រាស់​វ៉ាក់សាំង​ទាំងនោះ​បាន​ដូច​ប្រទេស​អ្នកមាន​ដែរ​។ 
 
​នៅក្នុង​របាយការណ៍​ផ្ទៃក្នុង​មួយ​របស់ COVAX ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃទី​២០ ខែមករា អង្គការ WHO នឹង​ទទួលស្គាល់​ប្រសិទ្ធភាព​វ៉ាក់សាំង​បន្ថែមទៀត នៅក្នុងពេល​ឆាប់ៗ​ខាងមុខ​។ WHO អាច​ផ្តល់​អាជ្ញា​បណ្ណ​ដល់​វ៉ាកសាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​AstraZeneca ដែល​ផលិត​ដោយ​វិទ្យាស្ថាន Serum នៅ​ឥណ្ឌា​ក្នុង​ខែមករា ឬ​ខែកុម្ភៈ​។ វ៉ាក់សាំង​ដដែល​នេះ ដែល​ផលិត​ដោយ​ក្រុមហ៊ុន​កូរ៉េខាងត្បូង SK Bioscience អាច​ទទួលស្គាល់​ប្រសិទ្ធភាព​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ខាងមុខ​។ 
 
​កន្លងមក COVAX បាន​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​របស់ AstraZeneca ដែល​ផលិត​នៅ​ឥណ្ឌា​ជាង​៤០០​លាន​ដូ​ស​។​
 
​ក្នុង​របាយការណ៍​ដដែល WHO ត្រូវបាន​រំពឹងថា នឹង​ទទួលស្គាល់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Moderna នៅក្នុង​ខែកុម្ភៈ​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​នេះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅក្នុង​អាមេរិក និង​អឺរ៉ុប​រួចហើយ​។ ដោយឡែក វ៉ាក់សាំង​របស់ Johnson & Johnson អាច​ត្រូវបាន​ទទួលស្គាល់​ប្រសិទ្ធភាព​នៅក្នុង​ខែឧសភា ឬ​ខែមិថុនា​។ កន្លងមក កូរ៉េខាងត្បូង បាន​ចុះ​កុងត្រា​ទិញ​វ៉ាក់សាំង​នេះ បើទោះបីជា​មិនទាន់​បង្ហាញ​លទ្ធផល​នៅក្នុង​ដំណាក់កាល​ពិសោធន៍​ចុងក្រោយ​ក៏ដោយ​។ 
 
​វ៉ាក់សាំង​នៅក្នុង​តំបន់​អាស៊ី ក៏មាន​ឈ្មោះ​នៅក្នុង​បញ្ជី​ដែល​នឹងត្រូវ​ទទួលស្គាល់​ប្រសិទ្ធភាព​ដោយ WHO ដែរ​។ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ចិន​ទាំងពីរ Sinopharm និង Sinovac អាច​នឹងត្រូវ​បានទទួល​ស្គាល់​នៅ​ខែមីនា​។ រីឯ​វ៉ាក់សាំង​របស់​រុស្ស៊ី Sputnik V មិនទាន់​កំណត់​ពេលវេលា​ទទួលស្គាល់​នៅឡើយ​ទេ​។ 
 
​ក្រោម​សហ​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក និង​សម្ព័ន្ធ​វ៉ាក់សាំង (GAVI) យន្តការ COVAX ជា​គម្រោង​មួយ ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ចែកចាយ​វ៉ាក់សាំង​យ៉ាងហោចណាស់​ពី ២​ពាន់​លាន​ដូ​ស ទៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ចំនួន​នោះ វ៉ាក់សាំង​យ៉ាងហោចណាស់ ១,៣​ពាន់​លាន​ដូ​ស នឹង​ចែកចាយ​ទៅ​ប្រទេស​ក្រីក្រ​។ ប៉ុន្តែ​គម្រោង​នេះ កំពុង​ប្រឈម​កង្វះ​មូលនិធិ និង​បរិមាណ​វ៉ាក់សាំង ស្របពេល​ប្រទេស​អ្នកមាន បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​វ៉ាក់សាំង​ជាច្រើន​លាន​ដូ​ស​ទុក​។ 
 
​គិត​មក​ត្រឹម​ពេលនេះ ពិភពលោក មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ជាង ៩៧​លាន​ករណី និង​អ្នក​ស្លាប់មាន​ជាង ២​លាន​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ប្រមាណ ៦៩​លាន​នាក់​៕ 

Tag:
 WHO
  កូ​វីដ​-១៩
  ចិន​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com