ជាតិ
សមាគម​រោងចក្រ​នៅ​អាស៊ី​រួមគ្នា ផ្លាស់ប្ដូរ​លក្ខខណ្ឌ​បញ្ជា​ទិញ ដើម្បី​ឲ្យ​អ្នក​ផលិត​កាន់តែ​មានអំណាច
21, Jan 2021 , 4:55 pm        
រូបភាព
​ភ្នំពេញ​៖ សមាគម​រោងចក្រ​នៅ​អាស៊ី​រួមគ្នា ផ្លាស់ប្ដូរ​លក្ខខណ្ឌ​ជាមួយ​បណ្ដា​អ្នកបញ្ជា​ទិញ​ម៉ាក់​ល្បីៗ ដើម្បី​ឲ្យ​អ្នក​ផលិត​កាន់តែ​មានអំណាច​ជាង​មុន ។ មូលហេតុ​ពួកគេ​រួម​កម្លាំង​គ្នា​បែបនេះ ដោយសារ​ពិនិត្យឃើញ​អតុល្យភាព​អំណាច​កាន់តែខ្លាំង​ឡើង រវាង​អ្នកបញ្ជា​ទិញ​និង​អ្នក​ផលិត នៅ​អំឡុងពេល​កូ​វីដ​-១៩ លើ​ការលុបចោល​ការបញ្ជាទិញ​។




STAR Network ជា​បណ្ដាញ​អន្តរ​អាស៊ី​ទីមួយ​នៃ​សមាគម​អ្នក​ផលិត​ក្នុង​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​សមាជិក​គាំទ្រ​ចំនួន​៩​នោះ បានចេញ​សេចក្តីប្រកាស​មួយ​ថា ពួកគេ​ចង់​រួម​កម្លាំង​គ្នា​ក្នុងនាម​ជា​អ្នក​ផលិត​នៅ​អាស៊ី សម្រាប់​ឯកភាពគ្នា​លើ​ជំហរ​រួម​ស្ដីពី​លក្ខខណ្ឌ​ទូទាត់​ប្រាក់​និង​ការប្រគល់​ទំនិញ​។ សម្រាប់ STAR Network ការរួម​គ្នា​នេះ អាច​ឲ្យ​ពួកគេ​មាន​សំឡេង​កាន់តែខ្លាំង ក្នុងការ​ពិភាក្សា​លក្ខខណ្ឌ​បុគ្គល​និង​លក្ខខណ្ឌ​រួម ជាមួយ​អ្នកបញ្ជា​ទិញ​។​
 
​បើតាម STAR Network អតុល្យភាព​អំណាច រវាង​អ្នកបញ្ជា​ទិញ​និង​អ្នក​ផលិត នៅ​អំឡុងពេល​កូ​វីដ​-១៩ ក្នុងនោះ គឺ​ការលុបចោល​ការបញ្ជាទិញ ពី​ក្រុមហ៊ុន​ម៉ាក​ល្បីៗ ជាពិសេស​អឺរ៉ុប​និង​អាមេរិក​។ ការលុបចោល​នេះ បណ្ដាល​ឲ្យ​អ្នក​ផលិត​នៅ​អាស៊ី​ជាច្រើន​ស្ថិតក្នុង​ស្ថានភាព​លំបាក​។​
 
​ដោយ​ពិនិត្យឃើញ​ដូច្នេះ សមាគម​នានា​នឹងធ្វើ​ការងារ​ជា​៥​ក្រុម ដោយ​កំណត់​បន្ទាត់​«​បន្ទាត់​ក្រហម​» ដើម្បី​ធ្វើ​លក្ខខណ្ឌ​ក្នុង​ការបញ្ជាទិញ​។  STAR Network បានចេញ​សេចក្តីប្រកាស កាលពី​ថ្ងៃទី​១៨ មករា ដោយបាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​រហូតដល់​ខែមីនា ឆ្នាំ​២០២១ សមាគម​នានា​នឹងធ្វើ​ការងារ​ជាមួយ​ក្រុមការងារ​ចំនួន​៥ ដោយ​កំណត់​(​បន្ទាត់​ក្រហម​) របស់​ពួកគេ សំណើ​និង​អនុសាសន៍​លើ​ប្រធានបទ​នានា ដូចជា​ការអនុវត្ត​លើ​ការទូទាត់​និង​ការប្រគល់​ទំនិញ​, ការធ្វើផែនការ​និង​ការដោះស្រាយ​ដូរ​ព័ត៌មាន និង​ការចរចា​ក​ភាគី​ទី​៣​។​...​ទោះបី​យ៉ាងណាក្ដី មុនពេល​ម៉ាក អ្នកបញ្ជា​ទិញ និង​ភាគី​ពាក់ព័ន្ធ​ដទៃៗ ចូលរួម​តុ​ពិភាក្សា រោងចក្រ​និង​សមាគម​នឹង​ប្រើប្រាស់​(​លំហ​សុវត្ថិភាព​) នៃ​គំនិត​ផ្ដួ​ត​ផ្ដើម​ថ្មី​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​លក្ខខណ្ឌ​តម្រូវ​និង​អនុសាសន៍​រួមគ្នា ហើយ​បន្ទាប់មក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ពួកគេ​ជា​សំឡេង​តែមួយ​»​។ 
 
​ជំហាន​ទី​២​នៃ​គំនិត​ផ្តួចផ្ដើម​លក្ខខណ្ឌ​ថ្មី​នេះ នឹងត្រូវ​ជំរុញ​ឲ្យ​អនុវត្ត​ក្នុង​វិស័យ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ និង​កាត់ដេរ​សម្លៀកបំពាក់​។ អង្គការ​និង​បណ្ដាញ​ជាច្រើន​ក្នុង​វិស័យ​ឧស្សាហ​កម្មនេះ បាន​គាំទ្រ​គំនិត​នេះ ហើយ​ពួកគេ​នឹង​ធ្វើជា​អ្នកជំនាញ​សម្រាប់​គាំទ្រ​ក្រុមការងារ រួមទាំង​ផ្ដល់​ការប្រឹក្សា​យោបល់​ផងដែរ​។ 
 
Miran Ali អ្នកនាំពាក្យ STAR Network សង្កត់ធ្ងន់ថា​៖ «​ជំហរ​រួម​នេះ នឹងមាន​អំណាច​។​...​កូ​វីដ​-១៩ បាន​ផ្លាស់ប្ដូរ​អ្វីៗ​គ្រប់យ៉ាង​។ ទោះបី​យ៉ាងណាក្ដី វា​មិន​បញ្ចប់​ជាមួយ​កូ​វីដ​នេះ​ទេ​!»​។ 
​លើសពីនេះ STAR Network, Gesellschaft für Internationale Zusammenarbeit (GIZ) និង FABRIC Asia ក៏​បានរួម​កម្លាំង​ជាមួយ​សហព័ន្ធ​ស​ម្លៀ​បំពាក់​អន្តរជាតិ​(IAF) ដើម្បី​បង្កើត​គំនិត​ផ្តួចផ្ដើម​នេះ​ផងដែរ​។ STAR Network មាន​សមាជិក​គាំទ្រ​រួមមាន GMAC, BGMEA, BKMEA, CNTAC, PTMA, PHMA, TMA, MGMA និង VITAS ។​
 
​ជុំវិញ​ករណីនេះ លោក ខេន លូ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) យល់ថា ការរួម​កម្លាំង​គ្នា គឺ​ផ្ដល់​ផលប្រយោជន៍​ប្រទេស​ទាំង​អស់ នៅ​អាស៊ី​ទាំងមូល​។ លោក បញ្ជាក់ថា លក្ខខណ្ឌ​ថ្មី​នេះ ផ្ដោត​សំខាន់​លើ​រយៈពេល​ទូទាត់​ប្រាក់ និង​ចំណុច​សំខាន់​ផ្សេងទៀត ដែល​ផ្ដល់​ផល​វិជ្ជមាន​ដល់​ភាគី​ផលិត​។ 
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​២១ មករា​នេះ លោក ខេន លូ បាន​បញ្ជាក់ថា​៖ «​បញ្ហា​នៃ​រវាង​អ្នក​ផលិត​និង​អ្នកបញ្ជា​ទិញ​កន្លង​មិនមែន​តែ​កម្ពុជា​ទេ គឺ​ប្រទេស​ទាំងអស់​, អ៊ីចឹង​មិនមែន​តែ​កម្ពុជា​ទេ គឺ​នៅ​អាស៊ី​ទាំងអស់ បណ្ដា​រោងចក្រ​អ្នក​ផលិត​នឹង​ទទួលបាន​ប្រយោជន៍​ពី​គម្រោង​នេះ​។ ដូច​ដឹង​ហើយ ដោយសារ​បញ្ហា​កូ​វីដ​-១៩ អ្នកបញ្ជា​ទិញ​ភាគច្រើន​ជួប​បញ្ហា​ការទូទាត់​ប្រាក់ ដូច​នៅ​រោងចក្រ​ខ្លះ​ទូទាត់​ប្រាក់​មាន​រយៈ​៣០​ថ្ងៃ​ទៅ​១៨០​ថ្ងៃ ដែល​ធ្វើ​ឲ្យ​អ្នក​រោងចក្រ​ខ្លះ​ខ្វះ​ប្រាក់​ទូទាត់​ឲ្យ​កម្មករ​។ លក្ខ​ខ​ណ្ខ​ថ្មី​ហ្នឹង​គឺ​យើង​ចង់​បង្រួម​រយៈពេល ហើយ​មាន​ចំណុច​សំខាន់ៗ​ច្រើន​ទៀត​ដែល​បណ្ដា​សហគម​នៅ​អាស៊ី​កំពុង​ពិភាក្សាគ្នា​»​។ 
 
​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​យល់ថា ជា​រឿង​ល្អ​ដែរ ដែល​GMAC បាន​ចូលរួម​ជាមួយ​បណ្ដាញ​សមាគម​រោងចក្រ​នៅ​អាស៊ី ដើម្បី​រួម​កម្លាំង​គ្នា​និង​កែប្រែ​លក្ខខណ្ឌ​នៃ​ការបញ្ជាទិញ​។ លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ប្រព័ន្ធ Telegram ថា​៖ «​ការចូលរួម​របស់ GMAC គឺជា​រឿង​ល្អ​»​។ 
 
​ការយាយី​ស្ទើរ​ពេញ​មួយឆ្នាំ​នៃ​ឆ្នាំ​២០២០ ដោយ​ជំងឺ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ​វិស័យ​កាត់ដេរ រង​ការប៉ះពាល់​ខ្លាំង ដែលមាន​រោងចក្រ​ជាង​១០០​បាន​បិទទ្វារ​។ កន្លងមក លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ បាន​បញ្ជាក់ថា ការបិទទ្វារ​រោងចក្រ​ជាង​១០០​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​កម្មករ​-​កម្មការិនី​ជាង​៧,១​ម៉ឺន​នាក់​។  
 
​កាលពី​ថ្ងៃទី​២០​មករា​នេះ ADB បង្ហាញថា ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់​នៅ​កម្ពុជា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​កំណើន​ការងារ ភាព​ប្រកួតប្រជែង​អន្តរជាតិ និង​បដិវត្ត​ឧស្សាហកម្ម​ទី​៤ (៤IR) ។ បើតាម​ADB បដិវត្ត​ឧស្សាហកម្ម​ទី​៤ នឹង​លុបបំបាត់​ការងារ​ក្នុង​វិស័យ​ឧស្សា​កម្ម​កាត់ដេរ​។ ប៉ុន្តែ​ការបាត់បង់​នេះ នឹងធ្វើ​ឲ្យ​តម្រូវការ​ផលិតភាព​ខ្ពស់ជាង​មុន ដែល​បង្កើត​កំណើន​ការងារ​៣៩​ភាគរយ ក្នុង​ឧស្សាហកម្ម​កាត់ដេរ​សម្រាប់​កម្មករ​ជំនាញ​នៅ​កម្ពុជា ។ ទោះបី​ជាមាន​ភាព​វិជ្ជមាន​នៃ​កំ​ណើ​រ​ការងារ​វិស័យ​ទាំងពីរ​នេះ ក៏​ADB ព្រមាន​ថា ការ​ងាក​ទៅ​ចាប់​ជំនាញ​ថ្មី ស្របតាម​ដំណើរ ៤IR នឹងមាន​ស្ត្រី​កម្មករ​រោងចក្រ​កម្ពុជា​៨១​ភាគរយ​ផលប៉ះពាល់​។ 
 
​ជុំវិញ​ការព្រមាន​នៃ​ផលប៉ះពាល់​នេះ លោក ហេង សួរ ថា​ទាំង​រដ្ឋាភិបាល​និង​ដៃគូ មើលឃើញ​បញ្ហា​នេះ​ដូចគ្នា​។ លោក​សង្កត់ធ្ងន់ថា​៖ «​ហេតុដូច្នេះ​ហើយ​ទើប​យើង​ដាក់ចេញ​នូវ​ផែនការមេ ក្នុងការ​អភិវឌ្ឍ​វិស័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ យើង​គ្រោង​វិនិយោគ​ជាង​៥០០​លាន​ដុល្លារ​ក្នុងការ​ពង្រឹង​ជំនាញ​នៅ​កម្ពុជា​នេះ​»​។ 
 
​ដើម្បី​ជំរុញ​ការវិនិយោគ និង​កំណើនសេដ្ឋកិច្ច រដ្ឋាភិបាល​កម្ពុជា​កំពុង​ធ្វើ​វិសោធនកម្ម​ច្បាប់​ជាច្រើន ដូចជា ច្បាប់​សហគ្រាស​ពាណិជ្ជកម្ម​, ច្បាប់​ស្ដី​វិធាន​ពាណិជ្ជកម្ម​និង​បញ្ជីពាណិជ្ជកម្ម និង​ច្បាប់​ស្ដីពី​ការងារ​ជាដើម​។ កាល​ថ្ងៃទី​១៨​មករា ឆ្នាំ​២០២១ ក្រសួងការបរទេស និង​សហ​ប្រតិ​ប្តិ​ការ​អន្តរជាតិ បានដាក់​ឲ្យ​អនុវត្ត​យុទ្ធសាស្ត្រ​ការទូត​សេដ្ឋកិច្ច​ឆ្នាំ​២០២១​ដល់​២០២៣ សម្រាប់​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​និង​ទាក់ទាញ​អ្នកវិនិយោគ​ផងដែរ​៕ 

Tag:
 វាយ​ន​ភណ្ឌ​
  រោងចក្រ​កាត់ដេរ
© រក្សាសិទ្ធិដោយ thmeythmey.com