អន្តរជាតិ
សិង្ហ​បុរី ស្វាគមន៍​អាមេរិក​ចូលរួម​កិច្ចព្រមព្រៀង​ប៉ារីស​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​វិញ​
22, Jan 2021 , 8:29 am        
រូបភាព
​ដោយ ៖ឈួន ឈី​វ​អ៊ីង
 
​ក្រសួង​ការបទេស​របស់​សិង្ហ​បុរី នៅ​ថ្ងៃទី​២១ មករា ប្រកាសថា សិង្ហ​បុរី ស្វាគមន៍​អាមេរិក នឹង​ត្រលប់​ចូលរួម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ស្តីពី​បញ្ហា​ប​ម្រែ​ប​ម្រូ​ល​អាកាសធាតុ​ជាថ្មី​ម្តងទៀត​។ សិង្ហ​បុរី​អះអាងថា វត្តមាន​អាមេរិក​នឹង​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​ការប្រយុទ្ធ​នឹង​បញ្ហា​ប្រឈម​សាកល​មួយ​នេះ​។​

 
​សហរដ្ឋអាមេរិក​បាន​ចាក​ចេញពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ផ្លូវការ​តាំងពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ មកក្រោម​រដ្ឋបាល​រប​ស់​ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ ។ ប៉ុន្តែ​អាមេរិក នឹងចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នេះ​វិញ ក្នុង​អាណត្តិ​ប្រធានាធិបតី​ថ្មី ចូ បៃ​ឌិន ។ លោក បៃ​ឌិន ដែល​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២០ ខែមករា បាន​ចុះហត្ថលេខា​លើ​បញ្ជា​មួយ​ដែល​នឹង​ចាប់ផ្ដើម​នីតិវិធី​ចូលរួម​ឡើងវិញ​។​
 
​ដែន​កោះ​សិង្ហ​បុរី ស្វាគមន៍​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​អាមេរិក​ថ្មី​។ ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថ្ងៃទី​២១ ខែមករា ក្រសួងការបរទេស​សិ​ង្ហ​បុរី បញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ ជាការ​គំរាមកំហែង​ដ៏​ធំ​មួយ​របស់​ពិភពលោក មនុស្សជាតិ ហើយ​ដែល​តម្រូវ​ឲ្យ​មានការ​រួបរួមគ្នា​ដើម្បី​និរន្តរ៍ភាព​នៃ​សាកលលោក​។​
 
«​ការសម្រេចចិត្ត​ត្រលប់​មកវិញ​របស់​អា​មេ​រិ​ក ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ជា​ការវិវត្ត​វិជ្ជមាន​មួយ​ដែល​នាំមក​ការជំរុញ​ដ៏​សំខាន់​មួយ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សាកល​ក្នុងការ​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​រួមគ្នា​។​» ក្រសួងការបរទេស​សិ​ង្ហ​បុរី​លើកឡើង​បែបនេះ មុន​បន្តថា វា​ក៏​បង្ហាញ​ការតាំង​ចិត្ត​របស់​អាមេរិក​ដើម្បី​ដឹកនាំ​ពិភពលោក​ក្នុងការ​ការពារ​អាកាស​ធាតុ​ឲ្យ​ទាន់ពេលវេលា​និង​ធ្វើការ​ជាមួយនឹង​សហគមន៍​អន្តរជាតិ​សំដៅ​ជំរុញ​ការប្រឹងប្រែង​ពហុភាគី​។​
 
​ក្នុង​សេចក្ដីប្រកាស​ដដែល ក្រសួងការបរទេស​សិ​ង្ហ​បុរី​ក៏​ប្រកាស​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ធ្វើការ​ជាមួយ​អាមេរិក ក៏ដូចជា​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដទៃទៀត​ក្នុងការ​សម្រេចបាន គោលដៅ​របស់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​៕
 
 

Tag:
 សិង្ហ​បុរី​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com