COVID-19
អន្តរជាតិ
អាមេរិក ប្រកាស​ផ្ដល់ជំនួយ​ប្រចាំឆ្នាំ​ឱ្យ WHO វិញ
22, Jan 2021 , 10:35 am        
រូបភាព
លោក Anthony Fauci មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក។ រូបថត AFP
លោក Anthony Fauci មន្ត្រីសុខាភិបាលជាន់ខ្ពស់អាមេរិក។ រូបថត AFP
​អាមេរិក​របស់​ប្រធានាធិបតី ចូ បៃ​ឌិន បាន​ត្រឡប់​ចូលរួម​ជាមួយ​អង្គការ​សុខភាព​ពិភពលោក (WHO) ហើយ​។ ជាមួយនឹង​ការ​ត្រឡប់​ចូល​វិញ​នេះ អាមេរិក ក៏​ប្រកាស​បង់ថ្លៃ​វិភាគទាន​របស់ខ្លួន​ឲ្យ​អង្គការ​នេះ​វិញ ក្រោយ​ត្រូវ​អតីត​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ផ្អឹប​ទុក​ព្រោះ​មិន​ពេញចិត្ត​ការឆ្លើយតប​ជំងឺ​កូ​វីដ​-១៩ ។ អាមេរិក ក៏​នឹងចូលរួម​ក្នុង​យន្តការ COVAX ដើម្បី​ជំរុញ​ការឆ្លើយតប​ជា​សាកល​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ​។​

 
​ជាការ​ត្រឡប់ក្រោយ​១៨០​ដឺ​ក្រេ​ជំហរ​លោក ដូ​ណា​ល់ ត្រាំ និង​ជាការ​សន្យា​ពេល​ឃោសនា​ផង លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​១ នៃ​អាណត្តិ​ប្រធានាធិបតី បានប្រកាស​នាំ​អាមេរិក​ចូលរួម​ក្នុង​អង្គការ​សុខភាព​ពិភពលោក​វិញ​។ នៅ​ថ្ងៃទី​២ លោក Anthony Fauci អ្នកជំនាញ​ជំងឺឆ្លង​អាមេរិក​ដែល​ចូលរួម​ក្នុង​រដ្ឋបាល​លោក បៃ​ឌិន បានបញ្ជាក់​ជំហរ​នេះ​ម្ដងទៀត​ទៅកាន់​កិច្ចប្រជុំ WHO ។​
 
​ប្រាប់​កិច្ចប្រជុំ WHO តាម​ប្រព័ន្ធ​វីដេអូ លោក Fauci ថា អាមេរិក នឹងចូលរួម​ក្នុង​យន្តការ​COVAX សំដៅ​ជំរុញ​ការ​ចែកចាយ​វ៉ាក់សាំង​ទៅកាន់​ប្រទេស​ក្រីក្រ​។ បើតាម​មន្ត្រី​អាមេរិក​រូបនេះ លោក បៃ​ឌិន នឹង​ចេញ​បញ្ជា​មួយ​បើកផ្លូវ​ដល់​អាមេរិក​ចូលក្នុង​យន្តការ​នេះ និង​កម្មវិធី ACT ដែល​នឹង​ជួយ​រុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​សម្រាប់​ការផលិត​វ៉ាក់សាំង ចែកចាយ និង​ការទទួលបាន​ដោយ​ស្មើភាព ព្រមទាំង​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ផងដែរ​។​
 
​លើសពីនោះ អាមេរិក នឹង​ផ្អាក​ការកាត់បន្ថយ​របស់ខ្លួន​ប្រចាំ WHO ហើយ​បង់​វិភាគទាន​ឡើងវិញ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Fauci ដែល​ត្រូវ​រដ្ឋបាល​ថ្មី​តែងតាំង​ឱ្យ​ដឹកនាំ​ប្រតិភូ​អាមេរិក​។ មន្ត្រី​អាមេរិក​រូបនេះ​បន្តថា ក្រៅពី​អនុវត្តតាម​កាតព្វកិច្ច​ក្នុងនាម​ជា​សមាជិក អាមេរិក នឹងធ្វើ​ការ​ជាមួយ​១៩៣​ប្រទេស​ទៀត​ក្នុងការ​ធ្វើកំណែទម្រង់​អង្គការ​អន្តរជាតិ​មួយ​នេះ​។​
 
​ក្នុង​សប្ដាហ៍​នេះ មន្ត្រី WHO និយាយថា ក្រោម​យន្តការ COVAX ការ​ចែកចាយ​វ៉ាក់សាំង អាច​នឹង​ចាប់ផ្ដើម​នៅ​ខែកុម្ភៈ​ខាងមុខ​។ ប៉ុន្តែ​យន្តការ​នេះ ប្រឈមមុខ​ការខ្វះខាត​វ៉ាក់សាំង ខណៈ​ប្រទេស​អ្នកមាន​នាំគ្នា​ទិញ​វ៉ាក់សាំង​សម្រាប់​ចាក់ឱ្យ​ប្រជាជន​ពួកគេ​ដែរនោះ​។ ជាមួយគ្នានេះ WHO ក៏​នឹង​ព​ន្លឿ​ន​ការផ្ដល់​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​ប​ន្ទា​ន់​វ៉ាក់សាំង​មួយចំនួនទៀត សំដៅ​សម្រួល​ប្រទេស​ក្រីក្រ​ទទួលបាន​វ៉ាក់សាំង​ដោយ​ខ្លួនឯង​ផងដែរ​។​
 
​អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាន​ស្វាគមន៍​ការប្រកាស​របស់​អាមេរិក​ដែល​វិល​មក​ក្នុង WHO វិញ​។ លោក​ថា នេះ​ជា​ថ្ងៃ​ល្អ​សម្រាប់ WHO និង​សម្រាប់​សុខាភិបាល​សាកល​៕
 
 

Tag:
 អាមេរិក​
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com