កីឡាអន្តរជាតិ
អន្តរជាតិ
FIFA ព្រមានកីឡាករណាចូលរួមពាន European Super League នឹងមិនឲ្យលេង World Cup
× សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប្រកាសនៅថ្ងៃទី២២ ខែមករានេះថា កីឡាកររូបណាដែលចូលរួមការប្រកួតពានរង្វាន់ដែលគ្រោងបង្កើតថ្មី European Super League នឹងត្រូវរារាំងមិនឲ្យលេងក្នុងការប្រកួត World Cup ឬជំនួបអន្តរជាតិផ្សេងៗ។ FIFA មិនទទួលស្គាល់ពាន Super League នេះឡើយ។
FIFA និងសហព័ន្ធកីឡាបាល់ទាត់ចំនួន៦ ដែលរួមមានទាំង UEFA ផង បានបញ្ជាក់ជាថ្មីថាការប្រកួតប្រជែងពានរង្វាន់ដែលមានឈ្មោះ European Super League នេះ «នឹងមិនត្រូវបានទទួលស្គាល់ឡើយ»។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រោយការជជែកដេញដោលលើគំនិតបង្កើតពាននេះ សមាជិកដែលបានចូលរួមយល់ឃើញថា នេះជាការគំរាមកំហែងដល់ការប្រកួតពានរង្វាន់ក្របខណ្ឌអឺរ៉ុបដ៏ល្បីឈ្មោះ UEFA Champions League។
តាមរយៈសេចក្តីប្រកាសរបស់លោក Gianni Infantino ប្រធាន FIFA លោក រួមជាមួយប្រធានសហព័ន្ធទាំង៦ទ្វីបសរសេរថា៖ «ក្លិប ឬកីឡាករណាមួយដែលចូលរួមក្នុងការប្រកួតប្រជែងពាន European Super League នឹងមិនត្រូវអនុញ្ញាតឲ្យចូលរួមក្នុងការប្រកួតដែលរៀបចំដោយ FIFA ឬសហព័ន្ធដែលស្ថិតក្រោមការដឹកនាំរបស់ពួកគេឡើយ»។
សហព័ន្ធកីឡាបាល់ទាត់ទាំង៦ទ្វីប ដែលគាំទ្រចំណាត់ការរបស់ FIFA រួមមាន សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC), សហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិក (CAF), សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងជើង (Concacaf), សហព័ន្ធកីឡាបាល់ទាត់អាមេរិកឡាទីន (Conmebol), សហព័ន្ធកីឡាបាល់ទាត់អូសេអានី (OFC) និង សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA)។
កាលពីខែតុលា លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona ធ្លាប់បានអះអាងដែរថា ក្លិបអ្នកមានបុណ្យបានទទួលយកសំណើដើម្បីចូលរួមលេងនៅក្នុងពាន European Super League រួចហើយ។
ស្របពេលគ្នានេះ FIFA ក៏បានលើកឡើងពីការបង្កើតពានថ្មី European Premier League នៅក្នុងរបាយការណ៍នោះដែរ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោក កំពុងពិភាក្សាលើការអនុញ្ញាតឲ្យដំណើរការពានដែលមានតម្លៃ៦ពាន់លានដុល្លារ ហើយមានក្រុមពីលីគកំពូលអឺរ៉ុបទាំង៥ចូលរួម។ European Premier League គ្រោងនឹងចាប់ផ្តើមការប្រកួតសាកល្បងនៅឆ្នាំ ២០២២៕
Tag:
FIFA
European Super League
© រក្សាសិទ្ធិដោយ thmeythmey.com