ជាតិ
ក្រុមហ៊ុនចិនមួយ គ្រោងបង្កើតវិទ្យាស្ថានរុក្ខជាតិឱសថ នៅកម្ពុជា
23, Jan 2021 , 9:09 am        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ក្រុមហ៊ុន Khmer Holding Group កំពុងដំណើរការគម្រោងវិនិយោគលើការដំាដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិ ដំណាំកសិកម្ម និងផលិតផលជីសរីរាង្គ រួមទាំងបង្កើតតំបន់សេដ្ឋកិច្ចពិសេស សម្រាប់បម្រើដល់វិស័យកសិកម្ម ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមទំព័រហ្វេសប៊ុក លោក វេង សាខុន រដ្ឋមន្ត្រីនៃក្រសួងកសិកម្ម កាលពីថ្ងៃទី២០ ខែមករា។




គម្រោងខាងលើប្រព្រឹត្តទៅលើគោលបំណងចម្បង៣ គឺវិនិយោគលើការដំាដុះរុក្ខជាតិឱសថ។ ការបង្កើតវិទ្យាស្ថានស្រាវជ្រាវលើរុក្ខជាតិឱសថ ដំណាំកសិកម្ម ព្រមទាំងផលិតផលជីសរីរាង្គ និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដោយប្រមូលផ្ដុំផលិតផលកសិកម្ម ឃ្លាំងស្តុកត្រជាក់កែច្នៃ និងនាំចេញ។
 
តាមរយៈគម្រោងនេះ ក្រុមហ៊ុនចិន បានចុះសិក្សាស្រាវជ្រាវទៅតាមបណ្ដាខេត្តគោលដៅរួមមាន ខេត្តមណ្ឌលគិរី ឧត្ដរមានជ័យ ស្ទឹងត្រែង និងខេត្តកោះកុង ក្នុងការសិក្សាលើគុណភាពដី ប្រភពទឹក ស្ថានក្សេត្របរិស្ថាន ផ្លូវគមនាគមន៍ ដើម្បីជ្រើសរើសជាកន្លែង បង្កើតវិទ្យាស្ថានដំាដុះ ស្រាវជ្រាវរុក្ខជាតិឱសថ និងសាងសង់រោងចក្រចម្រាញ់ កែច្នៃ វេចខ្ចប់ សម្រាប់ការនាំចេញ។ ដោយឡែកខេត្តកំពង់ស្ពឺ ជ្រើសជាតំបន់សេដ្ឋកិច្ចពិសេស បម្រើដល់វិស័យកសិឧស្សាហកម្ម។
 
លោក វេង សាខុន បានលើកឡើងថា ដើម្បីអនុវត្តគម្រោងប្រកបដោយជោគជ័យ និងរលូត ជាជំហានដំបូង គឺកំណត់ទីតាំងដី ទាំងឯកជន និងសម្បទានព្រមទាំងស្វែងរកដៃគូសហការ។ រដ្ឋមន្រ្តីកសិកម្ម បន្តថា ចំណែកការបង្កើតវិទ្យាស្ថានស្រាវជ្រាវ គួរជ្រើសរើសសាកលវិទ្យាល័យភូមិន្ទកសិកម្មជាជម្រើសទី១ និងជម្រើសទី២ គឺខេត្តស្ទឹងត្រែង លើដីកម្មសិទ្ធិក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ចំពោះតំបន់សេដ្ឋកិច្ចពិសេស ជាជម្រើសល្អគួរជ្រើសទីតាំងខេត្តកំពង់ស្ពឺ។ 
 
គួររំលឹកផងដែរថា បច្ចុប្បន្នទីតាំងមួយចំនួនសម្រេចជ្រើសជាអាទិភាពរួចរាល់ហើយ ក្នុងគម្រោងនេះ និងរង់ចាំការវាយតម្លៃចុងក្រោយតែប៉ុណ្ណោះ ពោលគឺកំពុងរៀបចំឯកសារគតិយុត្ត ដើម្បីដាក់ជូនក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)ដើម្បីសម្រេចពិនិត្យចុងក្រោយ៕ 
 

Tag:
 ThmeyThmey25
  ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  ក្រុមហ៊ុន Khmer Holding Group
  វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com