ជាតិ
បទសម្ភាសន៍
បុព្វបុរសខ្មែរ ធ្វើគន្លឹះថ្មប្រាសាទ ដើម្បីឲ្យងាយជួសជុល
24, Jan 2021 , 1:59 pm        
រូបភាព
សៀមរាប៖ ក្រៅពីគំនិតនៃការសាងសង់ប្រាសាទអង្គរវត្តដ៏អស្ចារ្យ បុព្វបុរសខ្មែរ ក៏បានគិតគូរយ៉ាងល្អិតល្អន់ពីការរៀបចំរចនាសម្ព័ន្ធផ្លូវដើរក្នុងបរិវេណប្រាសាទ ដោយមានថ្មធំ តូចជាច្រើនក្នុងទម្រង់ផ្សេងពីគ្នា។ បុរាណវិទូ លោក អ៊ឹម សុខរិទ្ធី លើកឡើងថា ការតម្រៀបថ្មបែបនេះ ជាគន្លឹះដើម្បីឲ្យងាយស្រួលជួសជុល។


សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាង លោក គី សុខលីម និងលោក អ៊ឹម សុខរិទ្ធី បុរាណវិទូ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ខាងក្រោមដូចតទៅ៖

ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងនៅដើមសតវត្សរ៍ទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២។ ចម្លាក់នៃប្រាងប្រាសាទដ៏ស្កឹមស្កៃនេះ បានទាក់ទាញភ្ញៀវទេសចរឲ្យទៅកម្សាន្តខេត្តសៀមរាប ហើយក្លាយជាខេត្តមានសក្ដានុពលទេសចរផងដែរ។ ក្រៅពីសំណង់នៃតួប្រាសាទ បុព្វបុរសខ្មែរ ក៏រៀបចំបានយ៉ាងល្អនៃរចនាសម្ព័ន្ធផ្លូវដើរខាងក្រោមក្នុងបរិវេណប្រាសាទ ដោយតម្រៀបថ្មធំៗ ហើយអមដោយថ្មតូចៗ សម្រាប់ដោះនៅពេលជួសជុលឡើងវិញ។
 
លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ លើកឡើងថា ការរៀបថ្ម និងថ្មទាំងអស់មិនដូចគ្នាទេ។ បុព្វបុរសខ្មែរ រៀបចំថ្មដោយភ្ជាប់ពីមួយទៅមួយ ហើយតែងទុកកន្លែងដាក់ថ្មមួយសម្រាប់ជាកូនសោរដោះគន្លឹះ បិទ បើក កុំឲ្យថ្មរើ ឬរង្គើ ជ្រុះ។ 
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ThmeyThmey បុរាណវិទូរូបនេះលើកឡើងដូច្នេះថា៖«ថ្មទាំងអស់អាចខាំគ្នាជាប់ទាំងអស់ គឺដោយសារមួយនេះយើងញាត់វាទៅ វាជាគន្លឹះ ឬជាសោរអ៊ីចឹង សម្រាប់ចាក់បិទទាំងអស់ ថ្មឲ្យបានជាប់ល្អ»។ លោក បន្តថា បើសិនជាថ្មមួយនេះខូច ឬក៏ឆ្កឹះចេញ ថ្មទាំងអស់នឹងចាប់ផ្ដើមដើរ (រង្គើ) ព្រោះមិនមានអ្វីបិទវាជាប់។
 
ថ្មគន្លឹះ ឬថ្មដែលជាកូនសោរគ្រឹះនេះ គឺពិតជាមានសារសំខាន់ណាស់ ពិសេសអ្នកជួសជុលប្រាសាទ ត្រូវរកឲ្យឃើញនូវថ្មទាំងនេះ ដើម្បីបើកហើយរុះរើថ្មចេញដោយមិនធ្វើឲ្យថ្មបែកពេលជួសជុលនោះ។ នេះបើតាមការបញ្ជាក់ពីបុរាណវិទូ អ៊ឹម សុខរិទ្ធី ដោយបន្ថែមថា ក្រោយពេលជួសជុលរួច ត្រូវតម្រៀបថ្មឲ្យដូចដើមវិញ និងដាក់ថ្មកូនសោរនេះ ដើម្បីចាក់បិទគ្រឹះផងដែរ។ 






 

Tag:
 ថ្មប្រាសាទ
 អ៊ឹម សុខរិទ្ធី
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com