ជាតិ
ទោះបន្លែធ្លាក់ថ្លៃ ក៏កសិករ សំ សារុន នៅតែបន្តដាំបន្លែ
23, Jan 2021 , 8:19 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ សព្វថ្ងៃទីផ្សារបន្លែនៅតែជាបញ្ហាក្នុងវិស័យកសិកម្ម។ លោក សំ សារុន ជាកសិករស្ថិតក្នុងភូមិអូរតាវ៉ាម ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក៏កំពុងជួបបញ្ហាដូចកសិករនៅតាមតំបន់នានាដែរ។ ទោះមានបញ្ហាតម្លៃធ្លាក់ថ្លៃ លោក សំ សារុន អះអាងថានៅតែបន្តដាំបន្លែបន្តទៀត។

 
ដ្បិតស្ថានភាពបន្លែមិនសូវល្អតែលោក សំ សារុន មិនបោះបង់ការដាំបន្លែឡើយ ។ លោកសង្ឃឹមថាទីផ្សារបន្លែនឹងប្រសើរឡើង ក្រោយពីមន្ទីរកសិកម្មសន្យា ជួយរកទីផ្សារឲ្យកសិករ។ លោក សំ សារុន ប្រាប់យ៉ាងដូច្នេះ៖«បន្លែបានធ្លាក់ថ្លៃមួយអាទិត្យហើយសម្រាប់ខាត់ដើមតម្លៃ ២ ០០០រៀលទៅ ៣ ០០០រៀលក្នុងមួយគីឡូហើយខាត់ណាផ្កាអាចបាន ៣ ៥០០រៀលក្នុងមួយគីឡូ»។
 
កសិករវ័យ៤៩ឆ្នាំ រូបនេះ បានប្រាប់ថា ទោះទីផ្សារមិនសូវល្អតែពលរដ្ឋក្នុងឃុំស្រង់ តែងប្ដូរមុខបន្លែ ដើម្បីកុំឲ្យដាំជាន់គ្នា។ លោក សារុន ថាទីផ្សារបន្លែដែលល្អ គឺនៅរដូវបុណ្យទាន ដែលខាត់ណាដើមអាចមានតម្លៃដល់ ១០ ០០០រៀលទៅ ១៥ ០០០រៀលក្នុងមួយគីឡូក្រាម ខណៈខាត់ណាផ្កា អាចលក់បានតម្លៃ ៦ ០០០រៀលទៅ ៧ ០០០រៀលក្នុងមួយគីឡូក្រាម។
 


ចំការខាត់ណារបស់ សំ សារុន

«កន្លងមកសម្រាប់ការធ្លាក់តម្លៃបន្លែរបស់ក្នុងឃុំស្រង់មានជារើយៗ តែវាឡើងចុះៗ តាមតែមាត់ឈ្មួញ តែមួយអាទិត្យនេះធ្លាក់ថ្លៃហើយ មិនសូវមានអ្នកទិញទៀត។ ធ្លាប់មានមន្រ្តីកសិកម្មចុះពិនិត្យមើលបន្លែ និងជំរុញឲ្យកសិករកុំឈប់ដាំ ខាងមន្ទីរកសិកម្ម នឹងជួយរកទីផ្សារ អ៊ីចឹងហើយ បានកសិករមានទឹកចិត្តដាំ និងសង្ឃឹមថាទីផ្សារនឹងប្រសើរឡើង»។ នេះជាការលើកឡើងរបស់កសិករ សំ សារុន។
 
លោក ចែម ភឺនរីមវុទ្ធី អភិបាលស្រុកគងពិសី អះអាងថា លោកតែងចុះពិនិត្យស្ថានភាពបន្លែកសិករផ្ទាល់ ដើម្បីជំរុញកសិករបន្តការដាំដុះ និងកុំឲ្យបោះបង់ការងារនេះ។ «សម្រាប់ឃុំស្រង់ ស្រុកគង់ពិសី ខេត្តកំពង់ស្ពឺ ផ្ទាល់ជាតំបន់ដែលមានពលរដ្ឋភាគច្រើនដាំបន្លែ ចូលចិត្តដាំបន្លែវិលជុំតាមរដូវកាល និងអាកាសធាតុមាន ខាត់ណាផ្កា ខាត់ណាដើម ស្ពៃ ប៉េងប៉ោះ ជាដើម»។ នេះបើតាមលោក រីមវុទ្ធី៕


 រូបភាពពីរដ្ឋបាលខេត្តកំពង់ស្ពឺ

Tag:
 ខាត់ណា
 កំពង់ស្ពឺ
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com