ជាតិ
អាជ្ញាធរ៖ សត្វព្រៃដែលលែងក្នុងតំបន់ឧទ្យានអង្គរ គឺផ្សាំងត្រឹមត្រូវ ដែលមិនបង្កហានិភ័យដល់ទេសចរ
23, Jan 2021 , 11:00 pm        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ ក្រុមអភិរក្សសត្វព្រៃនៃអាជ្ញាធរជាតិអប្សរា អះអាងថាសត្វគ្រប់ប្រភេទដែលយកមកលែងក្នុងតំបន់ឧទ្យានអង្គរ មិនបង្ករផលប៉ះពាល់ដល់អ្នកទេសចរនោះទេ ព្រោះសត្វទាំងនោះមានការផ្សាំងត្រឹមត្រូវមុននឹងដោះលែង។ នេះបើតាមលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន។

 
សម្រាប់ឆ្នាំ២០២០ កន្លងមកគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលជាកិច្ចសហការរវាង អាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance បានដោះលែងសត្វចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរដូចជា សត្វទោចមកុដ១គូ និងសត្វកេងកងតូច១គូ សត្វឆ្មារដាវ១គូ និងផ្សាំសត្វទោចមកុដ១គូ។ កន្លងមកគម្រោងនេះបានដោះលែង សត្វទោចមកុដចំនួន១៣ក្បាល(កើតកូនបានចំនួន៦ក្បាល) សត្វឈ្លូសចំនួន៤ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល និងសត្វភេចំនួន៤ក្បាល។ នេះជាការបញ្ជាក់របស់លោក ជូ រ៉ាឌីណា។
 
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង កញ្ញា ខន ណារី អ្នកសារព័ត៌មាននៃសារព័ត៌មានThmeyThmey25 ជាមួយលោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន ដូចតទៅ៖

 
 
លោក ជូ រ៉ាឌីណា បានបញ្ជាក់ថា រាល់សត្វដែលយកមកលែងក្នុងតំបន់ឧទ្យានអង្គរចាំបាច់ណាស់ត្រូវមានការផ្សាំងជាមុន ព្រោះងាយស្គាល់អត្តចរិករបស់សត្វ និងចៀសវាងបង្ករផលរំខានដល់មនុស្ស នៅពេលលែង ។ លោកបានពន្យល់យ៉ាងដូច្នេះ៖«រយៈពេលផ្សាំងអាស្រ័យតាមសត្វនីមួយៗ សត្វខ្លះអាចប្រើរយៈពេលឆាប់ ហើយសត្វខ្លះអាចប្រើពេលយូរ អាចដល់ពេលមួយឆ្នាំឬច្រើនជាងនេះ»។
 
លោក រ៉ាឌីណា បន្ថែមថារាល់សត្វដែលយកលែងក្នុងតំបន់ឧទ្យានអង្គរ អាជ្ញាធរជាតិអប្សរាបានសិក្សាលម្អិតជាមុនថា ក្នុងតំបន់នោះមានចំណីគ្រប់គ្រាន់អាចឲ្យវាមានលទ្ធភាពស្វែងរកចំណីដោយខ្លួនឯង ម្យ៉ាងទៀតថាសត្វនោះអាចសម្របខ្លួនក្នុងបរិយាកាសនោះដែរឬអត់។
 


MJ before released

មន្រ្តីអភិរក្សសត្វព្រៃរូបនេះបានបញ្ជាក់ថា៖«ដ្បិតរាល់មុនដោះលែងសត្វព្រៃសុទ្ធតែមានការផ្សាំងត្រឹមត្រូវ តែកន្លងមកក៏មានសត្វមួយចំនួនបានបង្ករការរំខានមនុស្សដែរ។ ដើម្បីចៀសវាងបញ្ហានេះ អ្នកទេសចរកុំផ្ដល់ចំណីដល់សត្វទាំងនោះ ព្រោះសត្វទាំងនោះរស់នៅតាមបែបធម្មជាតិ បើសិនយើងផ្ដល់ចំណីដល់សត្វទាំងនោះ វានឹងឈប់ស្វែងរកចំណីដោយខ្លួនឯង និងឈប់រស់នៅតាមរបៀបធម្មជាតិតទៅទៀត»។
 
លោក មឿន សារិន អ្នកមើលថែសត្វព្រៃក្នុងតំបន់ឧទ្យានអង្គរបានបង្ហាញពីក្ដីរំភើប ដែលបានមើលថែសត្វព្រៃក្នុងតំបន់ឧទ្យានអង្គរ ព្រោះជាការងារដែលលោកស្រលាញ់។ មានវ័យ៦៣ឆ្នាំ លោក មឿន សារិនបានមើលថែសត្វព្រៃក្នុងតំបន់ឧទ្យានអង្គរ ៧ឆ្នាំ ដូច្នេះការមើលថែសត្វព្រៃមិនមែនជាការលំបាកសម្រាប់លោកនោះទេ ទោះបីសត្វនិងមនុស្សមានរបៀបរស់នៅខុសគ្នាក៏ដោយ វាអាចមានការលំបាកតិចតួចប៉ុណ្ណោះ។ លោកនិយាយថា៖«ខ្ញុំចូលចិត្តការងារនេះ ខ្ញុំមិនមានភាពនឿយហត់ទេ ហើយចង់ឲ្យសត្វទាំងនេះអាចបន្តកូនចៅច្រើននិងយូរអង្វែងតទៅ»៕




 សត្វកេងកង


សត្វឆ្មារដាវ(រូបផ្ដល់ឲ្យ)


 សត្វទោចមកុដក្នុងដែនជម្រកសត្វសត្វព្រៃអង្គរ(រូបភាពផ្ដល់ដោយលោក ជូ រ៉ាឌីណា)

Tag:
 ស្វា
 ទោច
 អង្គរ
© រក្សាសិទ្ធិដោយ thmeythmey.com