ជាតិ
វិបត្តិកូវីដ-១៩ ជំរុញឲ្យសាលារៀនមួយចំនួន ដាំបន្លែលក់ ដើម្បីយកថវិកាជួយសិស្សក្រីក្រ
23, Jan 2021 , 5:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ វិបត្តិកូវីដ-១៩ បានជំរុញឲ្យសាលារៀនខ្លះ បង្កើនការដាំបន្លែបន្ថែមទៀត សម្រាប់លក់ យកថវិកាទៅជួយដល់សិស្សក្រីក្រ និងអភិវឌ្ឍសាលារៀន។

 
លោក ប៉ិច ឈឿត នាយកវិទ្យាល័យពេជ្រចិន្តា ដែលស្ថិតនៅក្នុងភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រាប់សារព័ត៌មានថ្មីៗថា វិទ្យាល័យនេះ បានដាំបន្លែអស់រយៈពេលជិត២០ឆ្នាំមកហើយ។ លោក បញ្ជាក់ថា ក្នុងអំឡុងវិបត្តិកូវីដ-១៩នេះ សាលារបស់លោក នៅតែបន្តដាំបន្លែរហូត ដោយគ្មានអាក់ខានម្តងណាឡើយ បើទោះបីសាលារៀនរបស់លោក និងសាលារៀនដទៃទៀតផ្អាកដំណើរការក្តី។ 
 
បន្លែដែលវិទ្យាល័យពេជ្រចិន្តាដាំក្នុងទំហំទទឹង២២ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ ក្នុងអំឡុងបរិបទកូវីដ-១៩នេះ មានដូចជាស្ពៃក្តោប ស្ពៃហាង ស្ពៃក្រញាញ់ ផ្កាខាត់ណាស និង ផ្កាខាត់ណាបៃតង។ បើតាមលោក ប៉ិច ឈឿត បន្លែទាំងអស់នោះគឺដាំដោយប្រើជីធម្មជាតិសុទ្ធសាធ។ 
 
លោកនាយក បន្តថា បន្លែដែលដាំក្នុងវិទ្យាល័យពេជ្រចិន្តាកន្លងមក កាលពីមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩ ភាគច្រើនគឺយកទៅផ្គត់ផ្គង់ដល់សិស្សានុសិស្ស ប៉ុន្តែក្នុងបរិបទកូវីដ-១៩ សាលា សម្រេចយកទៅលក់ឲ្យសហគមន៍វិញ។ លោក បញ្ជាក់ថា ថវិកាដែលបានពីការលក់បន្លែ គឺសាលាយកទៅជួយដល់សិស្សក្រីក្រ ហើយថវិកាមួយផ្នែកទៀត សាលាសន្សំទុកយកទៅអភិវឌ្ឍសាលារៀនរបស់ខ្លួន នៅពេលចាំបាច់នៅថ្ងៃខាងមុខ។ 
 

 រូបភាពទី១ បន្លែ​ដែល​ដាំនៅ​ក្នុង​រោង​សំណាញ់​សុវត្ថិភាព​ក្នុងវិទ្យាល័យ​ពេជ្រ​ចិន្តា ខេត្ត​បាត់ដំបង រូបភាពពីលោក ប៉ិច ឈឿត នាយក​វិទ្យាល័យពេជ្រចិន្តា

«បន្លែទាំងអស់នោះគឺយើងយកលក់ឲ្យសហគមន៍ ដែលយើងដាក់ថា បន្លែសុវត្ថិភាព។ ថវិកាដែលទទួលបានពីការលក់បន្លែនោះ ខាងសាលាបែងចែកជា២។ ទី១ ជួយដល់សិស្សងាយរងគ្រោះ និងជួយទប់ស្កាត់សិស្សដែលបោះបង់ការសិក្សា។ ប្រសិនបើគាត់ខ្វះសៀវភៅ ឬកង់អីហ្នឹងគឺយើងថវិកានោះទិញជូនគាត់។   ទី២ យើងយកទៅដាក់ក្នុងកញ្ចប់អភិវឌ្ឍន៍សាលា ទាំងហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថាន»។ នេះជាការរៀបរាប់របស់លោក ប៉ិច ឈឿត ដោយបន្ថែមថា ថវិកាដែលទទួលបានពីការប្រមូលផលបន្លែនោះម្តងៗបានចំនួន៥០០ដុល្លារ។ 
 
 
លោកនាយកវិទ្យាល័យពេជ្រចិន្តា និយាយទៀតថា បន្លែដាំដោយប្រើជីធម្មជាតិនៅក្នុងអំឡុងជំងឺកូវីដ-១៩នេះ គឺមានសន្ទុះដាំច្រើនជាងការដាំ ក្នុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩ ហើយសម្រាប់ឆ្នាំសិក្សាថ្មី២០២១នេះ វិទ្យាល័យរបស់លោក គ្រោងពង្រីកដាំបន្លែបន្ថែមទៀតផងដែរ។ លោក បរិយាយថា៖«បន្លែដែលដាំនៅក្នុងអំឡុងកូវីដ-១៩ ទាំងអស់នេះ ខាងសាលាដាំបានច្រើនជាងការនៅរៀន [កាលមិនមានជំងឺកូវីដ-១៩]។ យើងមានក្រុមសិស្សខាងកសិកម្មមួយក្រុមចំនួន៩នាក់ដែលមើលការខុសត្រូវក្នុងការដាំ...»។  
 
មិនខុសពីវិទ្យាល័យពេជ្រចិន្តា វិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ ក្នុងខេត្តឧត្តរមានជ័យ ដែលកន្លងមកតែងតែដាំបន្លែមួយចំនួនសម្រាប់លក់ឲ្យពលរដ្ឋ ដើម្បីយកថវិកាទៅទិញសម្ភារសិក្សា និងសៀវភៅដាក់ក្នុងបណ្ណាល័យ  ក៏នៅតែបន្តដាំផងដែរក្នុងអំឡុងជំងឺកូវីដ-១៩រាតត្បាត។ ប៉ុន្តែពេលសាលារៀនបិទទ្វារដោយសារការរាតត្បាតពីជំងឺកូវីដ-១៩ សាលាមិនបានដាំលក់ឲ្យពលរដ្ឋនោះទេ គឺសាលាទុកចែកដល់គ្រូ និងសិស្សទៅវិញ សម្រាប់ជួយដល់ជីវភាពសិស្ស និងគ្រូ។ នេះជាការបញ្ជាក់ពីលោក អៃ សុគន្ធ នាយកវិទ្យាល័យហ៊ុនសែនឧត្តរមានជ័យ។ បើតាមលោកនាយករូបនេះ បន្លែ ដែលដាំក្នុងវិទ្យាល័យ ហ៊ុន សែន ឧត្តរមានជ័យ មានដូចជា សណ្តែកកួរ ស្ពៃចង្កឹះ និង ស្ពៃតឿ។ 
 


 រូបភាពទី២ បន្លែ​ដែល​ត្រូវ​បាន​សិស្សានុសិស្ស និងគ្រូដាំ​នៅ​សម័យ​ជំងឺកូវីដ-១៩ ក្នុង​វិទ្យាល័យ​ហ៊ុន​សែន​ឧត្តរមានជ័យ ខេត្ត​ឧត្តរមានជ័យ ​រូបភាពពី​វិទ្យាល័យ​​ហ៊ុនសែនឧត្តរមានជ័យ​

លោក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា៖«ថវិកាដែលយើងបានមកពីការដាំបន្លែនេះ យើងក៏មិនបានរៀបចំក្នុងការទិញសម្ភារដាក់ក្នុងបណ្ណាល័យឲ្យបានច្រើននោះទេ។ ពេលកូវីដយើងបានដាំតិចតួច ពីព្រោះថា យើងដាំនេះដើម្បីកាត់បន្ថយនៃការចំណាយរបស់គ្រូ និងសិស្ស។ ពេលសិស្ស និងគ្រូស្រោចទៅពេលបានផល សិស្ស និងគ្រូប្រមូលទៅ។ ពេលប្រមូលផលមកយើងចងជាបាច់ចែកគ្នា»។  
 
សម្រាប់វិទ្យាល័យព្រះស៊ីសុវត្ថិ ដែលធ្លាប់បានដាំបន្លែត្រកួន ស្ពៃតឿ ស្ពៃខៀវ ស្ពៃក្រញាញ់ សាលាដ ខាត់ណា ឆៃថាវ និង ការ៉ុតកន្លងមក ក៏នៅតែបន្តដាំបន្លែប្រភេទទាំងនេះក្នុងបរិបទកូវីដ-១៩។ ប៉ុន្តែ ដាំបន្លែ ដែលដាំក្នុងវិទ្យាល័យនេះ មានចំនួនតិចជាង កាលពីមិនទាន់មានជំងឺកូវីដ-១៩។  
 
វិទ្យាល័យព្រះស៊ីសុវត្ថិ មិនបានលក់បន្លែទាំងអស់នោះ ឲ្យទៅពលរដ្ឋដូចនឹងសាលារៀនខាងលើឡើយ។ ប៉ុន្តែ ខាងសាលា បានលក់ឲ្យគ្រូ និងចែកជូនដល់សិស្សានុសិស្ស។ នេះជាការបញ្ជាក់ពីលោក ឈន វឿន ជាគ្រូបន្ទុកផ្នែកកសិកម្មនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ 
 

 រូបភាពទី៣ បន្លែ​​ដាំ​នៅ​ក្នុង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិក្នុងអំឡុង​ជំងឺកូវីដ-១៩​រាតត្បាត​ឆ្នាំ​២០២០ ​រូបភាពពីលោក ឈន វឿន គ្រូ​បន្ទុក​ផ្នែក​កសិកម្ម​នៅ​វិទ្យាល័យព្រះស៊ីសុវត្ថិ​
លោក ឈន វឿន ថ្លែងថា៖«ការពិតយើងមិនបានលក់ឲ្យខាងណានោះទេ គឺយើងលក់ឲ្យតែបុគ្គលិក និងគ្រូក្នុងតម្លៃថោកៗ តាមតែគ្រូគាត់ចង់ឲ្យ។ សាលាគ្រាន់តែបានទិញពូជសម្រាប់ដាំបន្តទៀត។ សាលាដាំបន្លែទាំងនោះដោយសារតែសាលាមិនចង់ឲ្យវាដាច់ គឺសាលាចង់តែបន្តដាំរហូត»។ លោក លើកឡើងទៀតថា មូលហេតុដែលសាលាបន្តដាំបន្លែ ដោយសារតែចង់ឲ្យសិស្សទទួលបានចំណេះដឹងផ្នែកការដាំដំណាំដើម្បីតម្រង់ទិសឲ្យសិស្សនៅថ្ងៃអនាគត។ 
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ថ្វីដ្បិតសាលារៀននីមួយៗរងវិបត្តិដោយសារជំងឺរាតត្បាតដ៏កាចសាហាវ ក្រសួងអប់រំនៅតែបន្តជំរុញឲ្យសាលារៀននីមួយៗបង្កើតសួនបន្លែនៅតាមសាលារៀនដើម្បីឲ្យសិស្សមានបំណិនជីវិត។ 
 
«ក្រសួងអប់រំ យុវជន និងកីឡាបន្តជំរុញកម្មវិធីបំណិនជីវិតដូចជាសកម្មភាពបង្កើន និងបង្កើតសួនបន្លែតាមរយៈគណ:គ្រប់គ្រងសាលារៀនដែលដឹកនាំសាលារៀនប្រកបដោយការច្នៃប្រឌិតខ្ពស់ ដូចជាសហការជាមួយមាតាបិតា និងសហគមន៍ ក៏ដូចជាសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាពាក់ព័ន្ធតាមទីតាំងភូមិសាស្ត្រជាក់ស្តែង»។ នេះជាការរៀបរាប់របស់អ្នកនាំពាក្យក្រសួងអប់រំ៕ 
 
 

Tag:
 កូវីដ-១៩
 កសិកម្ម
 សាលារៀន
© រក្សាសិទ្ធិដោយ thmeythmey.com