ជាតិ
លោក តាំង ឌីក ធ្វើសម្ភារប្រើប្រាស់ពីឫស្សីរយៈពេល៤០ឆ្នាំ និងមិនចង់ប្ដូរអាជីពឡើយ
24, Jan 2021 , 8:59 am        
រូបភាព
សៀមរាប៖ លោក តាំង ឌីក ជាអ្នករស់នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចាប់អាជីពធ្វើសម្ភារប្រើប្រាស់ពីបំពង់ឫស្សី រយៈពេល៤០ឆ្នាំហើយ។ ទោះបីជា ប្រកបរបរមួយនេះយូរឆ្នាំក៏ពិតមែន តែលោក គ្មានបំណងនឹងផ្លាស់ប្ដូរឡើយ ព្រោះជារបរតាំងពីដូនតាមកម្ល៉េះ។



សូមអញ្ជើញលោក អ្នកនាង ទស្សនាបទសម្ភាសរវាង កញ្ញា ផាត ដាណេ អ្នកសារព័ត៌មានThmeyThmey25 និងលោក តាំង ឌីក ខាងក្រោមដូចតទៅ៖
 
 
វត្ថុប្រើប្រាស់ ដែលលោក តាំង ឌីក បានធ្វើពីដើមឫស្សី មានដូចជា បំពង់ទឹកត្នោត កែវទឹក (តយ) ខ្លុយ ច្រម និងបំពង់បឺតជាដើម ត្រូវបានទិញដោយម្ចាស់ភោជនីយដ្ឋាន និងរមណីយដ្ឋាន ក្នុងស្រុក ហើយខ្លះក៏ត្រូវបាននាំចេញទៅលក់នៅបរទេសផងដែរ។ សម្ភារប្រើប្រាស់បែបប្រពៃណីទាំងនេះ ភាគច្រើនភ្ញៀវទិញយកទៅកែច្នៃ សម្រាប់ដាក់តាំងជាគ្រឿងលម្អ ដើម្បីបន្ថែមសោភ័ណភាពក្នុងហាងរបស់ពួកគេ។ នេះតាមការលើកឡើងរបស់លោក តាំង ឌីក។
 
អាជីវករវ័យ៥៦ឆ្នាំរូបនេះ យល់ថារបរនេះនៅតែមានការពេញនិយម ប៉ុន្តែក្នុងបរិបទផ្សេងគ្នា ព្រោះគេទិញទៅមិនមែនយកប្រើប្រាស់នោះទេ។ មួយថ្ងៃលោក តាំង ឌីក និងភរិយា អាចធ្វើបានបំពង់បឺតចំនួន២០០ដើម និងបំពង់ទឺកត្នោត ត្រឹម២៥-៣០បំពង់ប៉ុណ្ណោះ។
ថ្វីដ្បិតតែសម្ភារទាំងនេះ មានការពេញនិយម ប៉ុន្តែលោក តាំង ឌីក លក់មិនដាច់រាល់ថ្ងៃឡើយ នៅពេលមានភ្ញៀវបញ្ជាទិញ ទើបលោកធ្វើជូនតាមកំណត់។ តាមរយៈរបរមួយនេះ លោក តាំង ឌីក អាចរកចំណូលបានត្រឹម៣០ម៉ឺនប៉ុណ្ណោះក្នុងមួយខែ។ 
 



ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ThmeyThmey25 លោក តាំង ឌីក បានលើកឡើងដូច្នេះថា៖«របរនេះជារបស់យើងជាធម្មជាតិ។ អ្នកស្រែយើងមានតែប៉ុណ្ណេះឯង យើងត្រូវស្រឡាញ់វា យើងធ្វើទៅ»។ លោក បន្តថា លោក មិនចង់ផ្លាស់ប្ដូររបរឡើយ ព្រោះនេះជារបររបស់លោក ដូច្នេះចេះតែធ្វើទៅ។
 
លោក តាំង ឌីក បញ្ជាក់ថា បច្ចុប្បន្នឫស្សីសម្រាប់ធ្វើសម្ភារទាំងនេះ ពិបាករកទិញណាស់ មិនសម្បូរដូចពីមុនឡើយ។ លោក ទិញឫស្សីពីគេមក១ដើមតម្លៃ ១៥០០០រៀល ហើយកាត់ធ្វើបាន១៥ ទៅ១៧ គល់សម្រាប់ធ្វើបំពង់ទឹកត្នោត និងចុងសម្រាប់ធ្វើកែវទឹក (តយ) ហើយឫស្សីដើមតូចសម្រាប់ធ្វើច្រម បំពង់បឺត និងខ្លុយជាដើម។ បំពង់ទឹកត្នោត លោក លក់បាន១តម្លៃ៤៥០០រៀល ទៅ៥ពាន់រៀល ហើយកែវទឹក (តយ) លក់បាន១តម្លៃ២ពាន់រៀល និងទុយោ១តម្លៃ៣០០រៀល៕














 

Tag:
 តាំង ឌីក
 បំពង់ឫស្សី
 SME
 បទសម្ភាស
 វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com