អន្តរជាតិ
រដ្ឋបាលអាមេរិកថ្មី ជំរុញឲ្យចិនឈប់ដាក់សម្ពាធលើតៃវ៉ាន់ទាំងយោធា និងការទូត
24, Jan 2021 , 7:59 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
ក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៣ ខែមករា បានជំរុញឲ្យចិន ឈប់ដាក់សម្ពាធ និងគំរាមតៃវ៉ាន់បន្តទៀត និងងាកមកចរចាផ្លូវទូតជាមួយតៃវ៉ាន់ល្អជាង។ ការប្រកាសរបស់អាមេរិកបែបនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអាកាសរបស់ចិន បានហោះចូលដែនអាកាសរបស់តៃវ៉ាន់ជាថ្មី។

 
នៅថ្ងៃទី២៣ ខែមករា តៃវ៉ាន់បានរាយការណ៍ថា កងទ័ពអាកាសចិន បានហោះចូលក្នុងតំបន់ការពារផ្លូវអាកាសរបស់ខ្លួន ដោយវត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកH-6K ចំនួន ៨គ្រឿង, យន្តហោះចម្បាំង J-16 ចំនួន ៤គ្រឿង និងយន្តហោះចម្បាំង Y-8។ ហេតុការណ៍នេះ បានធ្វើឲ្យតៃវ៉ាន់ត្រៀមប្រព័ន្ធមីស៊ីលការពារផ្លូវអាកាស ដើម្បីតាមដានមើលស្ថានការណ៍។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិតៃវ៉ាន់។ 
 
បន្ទាប់ពីសេចក្តីថ្លែងការណ៍ខាងលើ អាមេរិក បានជំរុញឲ្យចិនឈប់ដាក់សម្ពាធលើតៃវ៉ាន់តទៅទៀត។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក នៅថ្ងៃទី២៣ ខែមករា លោក Ned Price នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងជំរុញឲ្យទីក្រុងប៉េកាំងបញ្ឈប់ ការដាក់សម្ពាធទាំងសេដ្ឋកិច្ច ការទូត និងយោធា លើតៃវ៉ាន់»។ បើតាមក្រសួងការបរទេសអាមេរិក ទីក្រុងប៉េកាំងគួរចរចាជាមួយតំណាងតៃប៉ិ ជាជាងប្រើសកម្មភាពយោធា។ 
 
ទន្ទឹមនេះ អ្នកនាំពាក្យក្រសួងការបរទេសរូបនេះ បានប្រាប់ចិនថា អាមេរិក នៅតែបន្តពង្រីកទំនាក់ទំនងជាមួយតៃវ៉ាន់ពីរដ្ឋបាលមុន។ ក្នុងន័យនេះ លោក Price ចង់បញ្ជាក់ថា ក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ នឹងបង្កើនវិបុលភាព, សន្តិសុខ និងតម្លៃរួមគ្នា នៅក្នុងតំបន់ឥណ្ឌូ-បាស៊ីហ្វិក ជាពិសេសគឺលទ្ធិប្រជាធិបតេយ្យ។ មិនត្រឹមតែប៉ុណ្ណោះ អាមេរិក នឹងបន្តជួយតៃវ៉ាន់ ឲ្យមានសមត្ថភាពការពារខ្លួនគ្រប់គ្រាន់ និងការពារសន្តិភាពនៅលើច្រកសមុទ្រតៃវ៉ាន់។ 
 
ជាការឆ្លើយតប រដ្ឋាភិបាលតៃវ៉ាន់ បានថ្លែងសារអរគុណ រដ្ឋបាលអាមេរិកថ្មី ដែលគាំទ្រតៃវ៉ាន់។ ចំណែករដ្ឋាភិបាលចិន មិនទាន់ឆ្លើយតបនឹងអាមេរិកនៅឡើយទេ។ 
 
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ យន្តហោះចម្បាំងចិនជាច្រើនគ្រឿង បានហោះចូលដែនអាកាសរបស់តៃវ៉ាន់ជាច្រើនលើក ដែលពេលខ្លះ តៃវ៉ាន់ បានបញ្ជូនយន្តហោះចម្បាំងទៅឃ្លាំមើលថែមទៀត។  
 

Tag:
 អាមេរិក
  តៃវ៉ាន់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com