ជាតិ
«កោះហាន» សហគមន៍អេកូទេសចរណ៍នៅស្ទឹងត្រែងដែលមានព្រៃលិចទឹក ឆ្នេរខ្សាច់ សត្វស្លាប និងកសិ-ទេសចរណ៍
25, Jan 2021 , 8:59 am        
រូបភាព
រូបភាពពីវីដេអូផ្សព្វផ្សាយសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
រូបភាពពីវីដេអូផ្សព្វផ្សាយសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន
ដោយ:
សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានសក្តានុពលទេសចរណ៍សម្បូរបែប ដូចជាព្រៃលិចទឹក ឆ្នេរខ្សាច់ សត្វស្លាប និងមានសក្តានុពលកសិ-ទេសចរណ៍ផង។ ទោះមានសក្តានុពលយ៉ាងនេះក្ដីតែសហគមន៍មួយនេះបែរជាភ្ញៀវទេសចរមើលរំលងទៅវិញ។ សហគមន៍នេះ ស្ថិតនៅភូមិជាំធំ ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ មានចម្ងាយ ២២គីឡូម៉ែត្រពីខេត្តស្ទឹងត្រែង។



សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន មានសក្តានុពលទេសចរណ៍ជាច្រើន រួមមាន ឆ្នេរខ្សាច់សក្បុសធំល្វឹងល្វើយក្នុងរដូវប្រាំង ព្រៃលិចទឹក សត្វស្លាប ផ្ទាំងថ្មមាត់ច្រាំងទន្លេរំលេចសម្រស់ទាក់ទាញ ទឹកទន្លេថ្លាឆ្វង់ និងជាផ្នែកមួយក្នុងតំបន់រ៉ាមសាទន្លេមេគង្គផងដែរ។
 
បើតាមលោក អ៊ុន ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង សហគមន៍អេកូទេសចរណ៍សម្រស់កោះហានមានបម្រើសេវាកម្ម ផ្ទះស្នាក់ ជិះទូកកម្សាន្តតាមដងទន្លេ ម្ហូបអាហារសហគមន៍ ការបោះតង់ ជាពិសេសទេសចរក៏អាចជួលកង់ជិះកម្សាន្តក្នុងសហគមន៍ផងដែរ។
 
ទោះមានសក្តានុពលធម្មជាតិសម្បូរបែបយ៉ាងនេះក្ដី ប៉ុន្តែសហគមន៍អេកូទេសចរណ៍មួយនេះ ត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិមើលរំលង។ លោក អ៊ុន ប៉ោសឿន ថ្លែងដូច្នេះថា៖ «ក្នុងសហគមន៍នៅមានភ្ញៀវទេសចរទៅលេងតិចតួចដែរទេ ដោយភាគច្រើនជាភ្ញៀវទេសចរតាមក្រុមហ៊ុនប៉ុណ្ណោះ»។ 


 រូបភាពដោយលោក ពិសិដ្ឋ ឌីណា

លោក សេង សុធា អ្នកសម្របសម្រួលក្នុងសហគមន៍លើកឡើងស្រដែងគ្នានេះដែរថា សហគមន៍នេះពីមុនមិនសូវមានទេសចរទៅកម្សាន្តទេ ទើបចាប់ផ្ដើមមានទេសចរទៅលេងក្នុងពេលថ្មីៗនេះ។ លោក សេង សុធា លើកឡើងដូច្នេះថា៖  « ក្នុងរដូវកាលថ្មីនេះមានភ្ញៀវមកច្រើនដែរ គឺចាប់តាំងពីខែធ្នូ ២០២០មក ក្នុងមួយថ្ងៃមានទេសចរមិនក្រោម៥០នាក់ ទៅ១០០នាក់ទេទៅកម្សាន្ត »។ ភ្ញៀវទេសចរទៅកម្សាន្តសហគមន៍នេះ ភាគច្រើនចូលចិត្តជិះទូកមើលធម្មជាតិ ដើរកម្សាន្តក្នុងសហគមន៍ និងបោះតង់ស្នាក់នៅជាដើម។ នេះជាការបន្ថែមរបស់លោក សុធា។
 
ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង លើកឡើងថា បច្ចុប្បន្នមន្ទីរទេសចរណ៍ ក៏ដូចជាអង្គការពាន់ព័ន្ធកំពុង ជំរុញសេវាកម្មបន្ថែម ជំរុញកសិ-ទេសចរណ៍ក្នុងសហគមន៍ និងកំពុងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍បន្ថែមទៀត ដើម្បីទាក់ទាញទេសចរឲ្យទៅកម្សាន្តនៅសហគមន៍មួយនេះ៕


 រូបភាពដោយលោក ពិសិដ្ឋ ឌីណា
 

រូបភាពដោយលោក ពិសិដ្ឋ ឌីណា
 
 

Tag:
 កោះហាន
 ស្ទឹងត្រែង
  ទេសចរណ៍ធម្មជាតិ
  ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com