COVID-19
អន្តរជាតិ
បក្សប្រឆាំងថៃ ត្រៀមដាក់សំណើបោះឆ្នោតដកសេចក្ដីទុកចិត្តរដ្ឋមន្ត្រី១០រូប
25, Jan 2021 , 12:30 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (កណ្តាល) និងសមាជិកគណៈរដ្ឋមន្ត្រី។ រូបភាព៖ AFP
លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា (កណ្តាល) និងសមាជិកគណៈរដ្ឋមន្ត្រី។ រូបភាព៖ AFP
ដោយ:
ក្រុមបក្សប្រឆាំងថៃ កំពុងរៀបចំដាក់សំណើក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តពីសមាជិកគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា។ បក្សប្រឆាំងចោទរដ្ឋមន្ត្រីចំនួន១០រូប ថា ថ្លោះធ្លោយក្នុងការគ្រប់គ្រងអំពើពុករលួយ បញ្ហាសង្គម ក៏ដូចជាគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ មិនសូវបានល្អ។


រដ្ឋមន្ត្រីចំនួន១០រូប មកពីបក្ស Palang Pracharath បក្សប្រជាធិបតេយ្យ និងបក្សBhumjaithai ដែលចូលរួមបង្កើតរដ្ឋាភិបាលចម្រុះជាមួយលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ស្ថិតនៅក្នុងបញ្ជីឈ្មោះរដ្ឋមន្ត្រីដែលបក្សប្រឆាំងដាក់ក្នុងសំណើរបោះឆ្នោតដកសេចក្តីទុកចិត្ត។ កាលពីខែកុម្ភៈឆ្នាំ២០២០ លោក ប្រាយុទ្ធ និងរដ្ឋមន្ត្រីចំនួន៤រូបផ្សេងទៀត រួចខ្លួនពីការបោះឆ្នោតដកសេចក្តីទុកចិត្តម្ដងហើយ។

ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwon រដ្ឋមន្ត្រីមហាផ្ទៃ Anupong Paojinda រដ្ឋមន្ត្រីសុខាភិបាល Anutin Charnvirakul រដ្ឋមន្ត្រីពាណិជ្ជកម្ម Jurin Laksanawisit អនុរដ្ឋមន្ត្រីមហាផ្ទៃ Niphon Bunyamanee រដ្ឋមន្ត្រីការងារ Suchart Chomklin និងរដ្ឋមន្ត្រីដឹកជញ្ជូន Saksayam Chidchob សុទ្ធតែមានឈ្មោះក្នុងបញ្ជីរដ្ឋមន្ត្រីដែលបក្សប្រឆាំងចង់ដកចេញពីតំណែង។

ក្រុមបក្សប្រឆាំងបានជួបគ្នានៅថ្ងៃទី២៤ ខែមករា ដើម្បីពិនិត្យសម្រេចសំណើរបោះឆ្នោតកដកសេចក្តីទុកពីរដ្ឋមន្ត្រី មុននឹងបញ្ជូនឯកសារនេះ ទៅប្រធានរដ្ឋសភា។ លោក Pita Limjaroenrat មេដឹកនាំបក្សឆ្ពោះទៅមុខ (MFP) និយាយថា ការជជែកដេញដោលក្នុងរដ្ឋសភា នឹងផ្តោតទៅលើបរាជ័យរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ច សង្គម នយោបាយ ក៏ដូចជាអំពើពុករលួយ។ លោក Pita អះអាងថា មិនសំខាន់ឡើយបើរដ្ឋាភិបាលរួចខ្លួន អ្វីដែលសំខាន់គឺប្រជាជនបានដឹងឮ និងកាត់បន្ថយភាពស្របច្បាប់របស់រដ្ឋាភិបាល។

យោងតាមកាសែត Bangkok Post អំឡុងប្រជុំដែលគ្រោងរៀបចំនៅខែក្រោយ បក្ស MFP និងបក្ស Seri Ruam ថៃ នឹងផ្តោតទៅលើលោក ប្រាយុទ្ធ ចំពោះបញ្ហាឆ្លងដែនរបស់ពលករអន្តោប្រវេសន៍ដែលជាប្រភពនៃការផ្ទុះជំងឺឆ្លងកូវីដ-១៩។ ចំណែកបក្សភឿថៃវិញ នឹងលើកឡើងពីកន្លែងលេងល្បែងខុសច្បាប់។ រដ្ឋមន្ត្រីមហាផ្ទៃ រដ្ឋមន្ត្រីការងារ និងលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ផ្ទាល់ នឹងត្រូវឆ្លើយតបចំពោះបញ្ហានេះដែរ។  

ចំណែកលោក Jurin ដែលជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងជាមេដឹកនាំបក្សប្រជាធិបតេយ្យ នឹងត្រូវចោទសួរពីការស្តុកម៉ាស់ទុកអំឡុងពេលមានតម្រូវការខ្ពស់។ ដូចគ្នានេះដែរ លោក Niphon អនុរដ្ឋមន្ត្រីមហាផ្ទៃនឹងត្រូវឆ្លើយសំណួរចំពោះទីតាំងឧស្សាហកម្មចិនដ៏ចម្រូងចម្រាស់ ដែលរងការប្រឆាំងយ៉ាងខ្លាំងពីប្រជាជនក្នុងតំបន់នៅតាមឆ្នេរនៅខេត្ត Songkhla ។

មេដឹកនាំបក្ស Bhumjaithai  លោក Anutin នឹងរងសំណួរចំពោះតួនាទីរបស់លោកជារដ្ឋមន្ត្រីសុខាភិបាល រីឯលោក Saksayam រដ្ឋមន្ត្រីដឹកជញ្ជូន នឹងត្រូវឆ្លើយសំណួរជុំវិញការតម្លើងថ្លៃរថភ្លើង។ ដំបូងឡើយ ក្រុមបក្សប្រឆាំងចង់ដេញដោលលោក Anutin ចំពោះការទប់ស្កាត់ទៅនឹងជំងឺឆ្លងកូវីដ-១៩ តែបក្សភឿថៃអះអាងថា សំណួរនេះគួរតែបង្វែរទៅលោក ប្រាយុទ្ធ តែម្នាក់គត់ ដោយសារលោក ប្រាយុទ្ធចេញក្រឹត្យអាសន្ន ដូចនេះលោកជាអ្នកទទួលខុសត្រូវ៕



Tag:
 ថៃ
  ប្រាយុទ្ធ ចន្ទអូចា
© រក្សាសិទ្ធិដោយ thmeythmey.com