អន្តរជាតិ
យុវជន​ទុយ​នី​ស៊ី ធ្វើ​កុបកម្ម​និង​លួច​ឥ​វ៉ាន់​ពី​អាជីវកម្ម​ក្នុង​ខួប​១០​ឆ្នាំ​នៃ​ការលាលែង​ពី​តំណែង​របស់​អតីត​ប្រធានាធិបតី​
25, Jan 2021 , 7:59 pm        
រូបភាព
​ក្រុមបាតុករ ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុងអំឡុងពេល​បាតុកម្ម​មួយ​នៅក្នុង​ទីក្រុង Siliana នៃ​ប្រទេស​ទុយ​នី​ស៊ី​ដែល​នៅ​ចម្ងាយ​ប្រហែល​១៣០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ទុយ​នី​ស កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​។​
​ក្រុមបាតុករ ប៉ះទង្គិច​គ្នា​ជាមួយ​កងកម្លាំង​សន្តិសុខ​ក្នុងអំឡុងពេល​បាតុកម្ម​មួយ​នៅក្នុង​ទីក្រុង Siliana នៃ​ប្រទេស​ទុយ​នី​ស៊ី​ដែល​នៅ​ចម្ងាយ​ប្រហែល​១៣០ គីឡូម៉ែត្រ​ភាគ​និរតី​នៃ​ទីក្រុង​ទុយ​នី​ស កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១​។​
ដោយ: VOA
​ប្រព័ន្ធ​ផ្សព្វផ្សាយ​អារ៉ាប់ បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​ពី​ហ្វូង​យុវជន​កំពុង​ដុត​ភ្លើង និង​ចូល​លួច​ក្នុង​ធនាគារ​និង​អាជីវកម្ម​ឯកជន​ក្នុង​ថ្ងៃ​ហិង្សា​ទី​ពីរ​នៅតាម​ទីក្រុង​ជាច្រើន​ក្នុងប្រទេស​ទុយ​នី​ស៊ី​។​

 
​ក្រសួងមហាផ្ទៃ​បាន​រាយការណ៍​ថា មាន​មនុស្ស ២៤២ នាក់ ត្រូវបាន​ចាប់ខ្លួន​ក្នុង​អំពើហិង្សា​នោះ​។​
 
​នាយករដ្ឋមន្ត្រី Hichem Meshishi បាន​ថ្លែង​ជា​សាធារណៈ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ ខែមករា​ថា លោក​កំពុង​បង្ហាញ​សំណើ​រុះរើ​គណៈរដ្ឋមន្ត្រី​មួយ​ទៅកាន់​សភា ដើម្បី​ព្យាយាម​កាត់បន្ថយ​អំពើពុករលួយ ភាព​អត់​ការងារ​ធ្វើ និង​វិបត្តិ​សេដ្ឋកិច្ច ដែល​កំពុង​ញាំញី​ប្រទេស​នេះ​។​
 
​លោក​និយាយថា ប៉ុន្មាន​ខែ​ខាងមុខ នឹង​ជាការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយ ហើយ​កំណែទម្រង់សេដ្ឋកិច្ច​ត្រូវតែ​ធ្វើឡើង រួមជាមួយ​នឹង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​កែប្រែ​ភាពអយុត្តិធម៌​ក្នុងសង្គម និង​ការអភិវឌ្ឍ​មិន​គ្រប់គ្រាន់​។ លោក​បន្ថែមថា គេ​ក៏​ត្រូវការ​កិច្ចសហប្រតិបត្តិការ​ច្រើនជាង​មុន​នៅ​ថ្នាក់​រដ្ឋមន្ត្រី ដែល​នេះ​ជាហេតុ​ផល​នាំឱ្យមាន​ការរុះរើ​គណៈរដ្ឋមន្ត្រី​។​
 
​សង្គម​វិទូ​នយោបាយ​ជនជាតិ​អេ​ហ្ស៊ី​បលោក Said Sadek និយាយ​ជាមួយ​វី​អូ​អេ​ពី​ប្រទេស​ទុយ​នី​ស៊ីថា អ្នកធ្វើ​កុបកម្ម​ភាគច្រើន​ជា​«​ក្មេង​ជំទង់​និង​បុរស​វ័យក្មេង​» ហើយ​ប៉ូលិស​បាន​«​ស្ទាក់ស្ទើរ​ក្នុងការ​បង្ក្រាប​ពួកគេ​ដោយសារ​មានការ​រិះគន់​ពី​គណបក្សនយោបាយ​ថា ជា​អំពើ​សាហាវឃោរឃៅ​»​។​
 
​លោក Sadek បន្ថែមថា ជនជាតិ​ទុយ​នី​ស៊ី​ជាច្រើន​មិន​សប្បាយ​ចិត្តនឹង​ស្ថានភាព​បច្ចុប្បន្ន ទាំង​សេដ្ឋកិច្ច​និង​នយោបាយ ហើយ​មនុស្ស​ជាច្រើន​យល់ថា អ្នកនយោបាយ មិន​ខ្វល់​ពី​ជោគវាសនា​របស់​ប្រជាជន​សាមញ្ញ​។​
 
​លោក Sadek ថ្លែងថា​៖ «​បដិវត្តន៍ Arab Spring ដែលមាន​ទម្រង់​បែប​កុប​កម្មនេះ កំពុង​ជួបនឹង​បញ្ហា​ជាច្រើន ទោះបីជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោកខាងលិច​បាន​ផ្សព្វផ្សាយ​និង​បង្ហាញ​រូបភាព​ថា វា​ជោគជ័យ​ក៏ដោយ​។ នៅក្នុង​ប្រទេស ប្រជាជន​មិនមាន​អារម្មណ៍ ឬ​ឃើញ​ជោគជ័យ​ណា​នោះទេ​។ ពួកគេ​មិនមាន​នំប៉័ង ពួកគេ​មិនមាន​ទឹក ហើយ​សន្តិសុខ​ក្នុងប្រទេស​ក៏​ជា​បញ្ហា​»​។​
 
​រដ្ឋាភិបាល​បានប្រកាស​បិទ​ដំណើរការ​ប្រទេស​រយៈពេល​បួន​ថ្ងៃ​កាលពី​សប្តាហ៍​មុន ដោយ​និយាយថា វិធានការ​នេះ គឺ​ដោយសារតែ​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា បាន​កើនឡើង​។ ទោះយ៉ាងណា​អ្នកវិភាគ​មួយចំនួន​និយាយថា ការបិទ​ដំណើរការ​ប្រទេស គឺ​ដើម្បី​បង្ការ​លទ្ធភាព​កើតមាន​អំពើហិង្សា​នៅ​ថ្ងៃ​គម្រប់​ខួប​នៃ​ការចាកចេញ​របស់​ប្រធានាធិបតី​មុន គឺ​លោក Ben Ali កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១១​។​
 
​ប្រទេស​ទុយ​នី​ស៊ី បាន​ប្រឈម​នឹង​បញ្ហា​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​តាំងពី​លោក Ben Ali ចុះចេញ​មកម្ល៉េះ ហើយ​វិបត្តិ​វីរុស​កូ​រ៉ូ​ណា បានធ្វើ​ឲ្យ​ប្រទេស​នេះ ខ្វះ​ថវិកា​។ ជនជាតិ​ទុយ​នី​ស៊ី​ក៏​និយាយ​ដែរ​ថា រដ្ឋាភិបាល​មិនមាន​ថវិកា​គ្រប់គ្រាន់​ដើម្បី​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ខ្លួន​ទេ​។​
 
​បដិវត្តន៍ «Arab Spring» ក្នុងប្រទេស​ទុយ​នី​ស៊ី បាន​ផ្ទុះឡើង​នៅក្នុង​ខែធ្នូ ឆ្នាំ​២០១០ បន្ទាប់ពី​អ្នកលក់​បន្លែ​វ័យក្មេង​ម្នាក់​ឈ្មោះ Mohammed Bouaziz ដុត​ខ្លួនឯង​ដើម្បី​តវ៉ា​នឹង​ស្ថានភាព​សេដ្ឋកិច្ច និង​ភាពឃោរឃៅ​របស់​ប៉ូលិស​។ វា​គឺជា​បដិវត្ត​លើកទីមួយ​ក្នុង​ពិភព​អារ៉ាប់ ដែល​បាន​ផ្ទុះ​ដែរ​នៅ​ប្រទេស​ផ្សេងទៀត​ដូចជា អេ​ហ្ស៊ី​ប លី​ប៊ី យេ​ម៉ែន និង​ស៊ី​រី​។​
 
​ទោះបីជា​មានការ​ផ្តួលរំលំ​រដ្ឋាភិបាល​ផ្តាច់ការ​នានា​ដូចជា​រដ្ឋាភិបាល​របស់​លោក Zein el Abidine Ben Ali ក្នុងប្រទេស​ទុយ​នី​ស៊ី​កាលពី​ឆ្នាំ​២០១១​ក៏ដោយ ក៏​ការទាមទារ​និង​សេចក្តីប្រាថ្នា​ជាច្រើន​របស់​អ្នក​តវ៉ា មិនត្រូវ​បានធ្វើឱ្យ​សម្រេច​ទេ ដែល​នាំ​ឲ្យ​មានការ​ផ្ទុះ​កំហឹង​ពី​សាធារណជន​ម្តងម្កាល ដូច​កុបកម្ម​ថ្មីៗ​នេះ និង​អំពើហិង្សា​នៅក្នុង​ខែមករា​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com