ជាតិ
រដ្ឋធម្មនុញ្ញអាចត្រូវធ្វើវិសោធនកម្មជាលើកទី៩ ?
× ភ្នំពេញ៖ រដ្ឋាភិបាល បង្ហាញពីបំណងនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញម្តងទៀត។ បំណងនេះបានតម្រូវឲ្យរដ្ឋាភិបាលបង្កើតក្រុមការងារមួយ ដោយសមាសភាពភាគច្រើន សុទ្ធតែជាឥស្សរជន ដែលមានជំនាញផ្នែកច្បាប់ ដើម្បីស្រាវជ្រាវពីរដ្ឋធម្មនុញ្ញ។ ការបង្កើតក្រុមការងារនេះ ធ្វើឡើងតាមរយៈសេចក្តីសម្រេចរបស់រដ្ឋាភិបាល កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២0១៧។
ប្រការ២នៃសេចក្តីសម្រេចខាងលើ បានកំណត់ដូច្នេះថា៖«ក្រុមការងារនេះ ជាសេនាធិការរបស់សម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ក្នុងការស្រាវជ្រាវរដ្ឋធម្មនុញ្ញ ដើម្បីផ្តួចផ្តើមនូវជម្រើសនានា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញតាមការចាំបាច់»។ បើតាមសេចក្តីសម្រេច ក្រុមការងារនេះ មានលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន រួមទាំងអនុប្រធាន៣រូប និងសមាជិក៨រូប។
យ៉ាងណាក៏ដោយ សេចក្តីសម្រេចនោះពុំបានបញ្ជាក់ទេថា មាត្រាមួយណា ដែលរដ្ឋាភិបាល មានចេតនាក្នុងការធ្វើវិសោធកម្ម។ ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយ រួមទាំងសាធារណជនខ្លះ កំពុងតែសង្ស័យថា សម្រាប់ស្ថានការណ៍នេះ មាត្រា១១៨នៃរដ្ឋធម្មនុញ្ញ ដែលចែងអំពីរាជរដ្ឋាភិបាលកម្ពុជា ទំនងជាគោលដៅ នៃការធ្វើវិសោធនកម្ម។
សូមរម្លឹកថា ចាប់តាំង១៩៩៣មក រហូតដល់ពេលនេះ រដ្ឋធម្មនុញ្ញ ត្រូវបានធ្វើវិសោធនកម្មចំនួន៨លើកហើយ។ ដើម្បីដោះស្រាយការជាប់គាំងនយោបាយ កាលពីឆ្នាំ២០០៤ រដ្ឋសភា បានបង្កើតច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលសំដៅដល់ការធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com