កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ Zidane មិន​ខ្វល់​ពី​តំណែង តែ​ចង់​ជួយ Real ឈ្នះ​ពាន​លើក​ទី​៣ ក្នុងនាម​ជា​អ្នកចាត់ការ​
01, May 2018 , 9:59 pm        
រូបភាព
រូបភាពពី AFP
រូបភាពពី AFP
ដោយ: ថ្មីៗ
​លោក Zinedine Zidane អ្នកចាត់ការ​ទូទៅ Real Madrid មិន​គិតថា​អនាគត​របស់ខ្លួន​ត្រូវ​ពឹងផ្អែក​ទៅលើ​ការ​ឈ្នះ​ពានរង្វាន់ UEFA Champions League នោះទេ ខណៈដែល​ក្រុម​ការពារ​តំណែង​ជើងឯក​មួយ​នេះ​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម Bayern Munich ក្នុងជំនួប​ជើង​ទី​២ នៅ​រាត្រី​ថ្ងៃទី ១ ខែឧសភា​នេះ វេលា​ម៉ោង ១:៤៥ នាទី [​ម៉ោង​នៅ​កម្ពុជា​]​។​



Real Madrid ដែល​កំពុង​ព្យាយាម​គ្រង​តំណែង​ជើងឯក​ពាន​លំដាប់​ទី​១​អឺរ៉ុប​ឲ្យ​បាន ៣​រដូវ​កាល​ជាប់​គ្នា បាន​យកឈ្នះ​ក្រុម​ជើងឯក​អាល្លឺម៉ង់ Bayern Munich ក្នុង​លទ្ធផល ២-១ នៅ​ជើង​ទីមួយ​ក្នុង​ទឹកដី Allianz Arena​។ សម្រាប់​ការប្រកួត​ជើង​ទី​២ នៅ​កីឡដ្ឋាន Santiago Bernabeu ក្រុម​របស់ Zidane មានប្រៀប​ជាង​កូនក្រុម​របស់លោក Jupp Heynckes ដ្បិត​អាច​រកបាន​ដល់​ទៅ​២​គ្រាប់​ក្រៅ​ដី (​គ្រាប់​បាល់​ចំណេញ​ក្រៅ​ដី​) នៅក្នុង​ដៃ​។​

​បើទោះបី​នាំ​ក្រុម​ឈាន​មកដល់​វគ្គ​នេះ​ក្តី ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់ Zidane ក្រុម​អធិរាជ​ស​ធ្វើ​មិន​បានល្អ​នោះទេ​ក្នុងការ​ប្រកួត​ក្របខណ្ឌ​ក្នុងស្រុក​រដូវ​កាល​នេះ ដោយ​របូត​ពាន La Liga ទៅ Barcelona ទៅហើយ និង​តាម​ពីក្រោយរ​ហួត​១៥​ពិន្ទុ​ថែមទៀត​។ លទ្ធផល​មិន​គាប់ប្រសើរ​នេះ បានធ្វើ​ឲ្យ​អនាគត​របស់​អ្នកចាត់ការ​សញ្ជាតិ​បារាំង​នៅ​អេ​ស្ប៉ា​ញ​ស្ថិតនៅ​ភាព​ស្រ​ពេ​ច ស្រពិល​នៅឡើយ​។​

​នៅពេល​ត្រូវបាន​គេ​សួរថា តើ​លោក​ត្រូវតែ​ឈ្នះ​ពាន Champions League នេះ​ដើម្បី​រក្សា​តំណែង​របស់ខ្លួន​នោះ Zidane បាន​ឆ្លើយថា​៖«​វា​ជា​រឿង​ឯករាជ្យ​មួយ​»​។​
​វីរបុរស​ក្រុម​ជម្រើសជាតិ​បារាំង ដែល​បាន​ឡើង​ដឹកនាំ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​រយៈពេល​ពីរ​ឆ្នាំកន្លះ​មកហើយ បាន​បន្ថែមថា​៖«​ថ្ងៃនេះ​ខ្ញុំ​ជា​គ្រូបង្វឹក​ហើយ​ខ្ញុំ​ចង់​បន្ត​នៅ​ក្លិប​នេះ​។ ប៉ុន្តែ​វា​មិន​សំខាន់​ទេ​ថា​ខ្ញុំ​ត្រូវ​នៅ ឬ​ចាកចេញ អ្វី​ដែលជា​រឿង​ប្រសើរ​ចំពោះ​អ្នក​រាល់គ្នា​គឺ​ការគិត​អំពី​ការប្រកួត​នេះ ទើប​ជា​រឿង​សំខាន់​»​។​

​អ្នកចាត់ការ​រហស្សនាម Zizou វ័យ​៤៥​ឆ្នាំ​រូបនេះ បាន​ជួយ Real Madrid លើក​ពាន​កំពូល​អេ​ស្ប៉ា​ញ​មួយ​លើក និង Champions League ២​លើក​រួចមកហើយ​តាំងពី​ឡើងកាន់តំណែង​កាលពី​ឆ្នាំ ២០១៦ មក​។​

​សូមបញ្ជាក់ថា លោក Jupp Heynckes អ្នកចាត់ការ Bayern Munich បច្ចុប្បន្ន ក៏​ធ្លាប់​ត្រូវ Real Madrid បញ្ឈប់​ពី​តំណែង​ដែរ បើ​ទោះ​លោក​បាន​នាំ​ក្រុម​នេះ​ឈ្នះ​ពាន Champions League កាលពី​ឆ្នាំ ១៩៩៨ ក៏ដោយ​៕

អត្ថបទទាក់ទង



Tag:
 បាល់ទាត់​
  UEFA Champions League
  Zinedine Zidane
  Real Madrid
  Jupp Heynckes
© រក្សាសិទ្ធិដោយ thmeythmey.com