ជាតិ
នគរបាលជាតិ ប្រាប់​មូលហេតុ​ពិត អំពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេចក្រុមព្រះ​
21, Jun 2018 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកបើក​រថយន្តឈ្នួល​មួយ (​តា​ក់ស៊ី​) បាន​បើក​បុក​រថយន្ត​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ហើយ​មូលហេតុ​ចម្បង ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​ដោយសារតែ​អ្នកបើករថយន្ត​ឈ្នួល​នោះ បានដាក់​អ្នកដំណើរ​លើស​ចំនួន និង​បាន​បើក​លើស​ល្បឿន​កំណត់​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ហឹម យ៉ាន អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​និយាយ​ក្នុង​សន្និសីទកាសែត នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​នេះ ស្តីពី​លទ្ធផល​នៃ​ការស៊ើបអង្កេត​ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេចក្រុមព្រះ យ៉ាង​ដូច្នេះ​ថា​៖«​ការដឹក​អ្នកដំណើរ​លើស​ចំនួន​កំណត់ និង​បើកបរ​យ៉ាង​លឿន​នេះ គឺ​ធ្វើ​ឲ្យ​អ្នកបើក​តា​ក់ស៊ី​នោះ ពិបាក​បញ្ជា​ចង្កូតរថយន្ត និង​ពិបាក​ជាន់​ហ្វ្រាំង ហើយក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​»​។

​អគ្គ​ស្នងការរង​រូបនេះ បាន​លើកឡើងថា អ្នកបើក​តាក់​ស៊ី​ខាងលើ បានដាក់​អ្នកដំណើរ​ចំនួន​៤​នាក់ ឲ្យ​អង្គុយ​នៅ​ខាងក្រោយ និង​ដាក់​អ្នកដំណើ​២​នាក់​នាក់​ទៀត ឲ្យ​អង្គុយ​ក្នុងកា​ប៊ិន​ជាមួយ​ខ្លួន ដែល​ធ្វើ​ឲ្យ​កា​ប៊ិន​ឡាន​ចង្អៀត ហើយ​ពិបាក​នឹង​បញ្ជា​ចង្អូ​ត​ឡាន​។ លោក បន្តថា ចំណែក​ល្បឿន​វិញ គឺ​អ្នក​បើ​តាក់ស៊ី​នោះ បើក​ដល់​ទៅ​១០០​គីឡូម៉ែត្រ​ឯណោះ ក្នុង​១​ម៉ោង​។

​លោក ហឹម យ៉ាន សង្កត់ធ្ងន់​បែបនេះ​ថា​៖«​អគ្គស្នងការ​នគរបាល​ជាតិ សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បង្កឡើង​ដោយ​អ្នកបើក​តាក់ស៊ី ដែលមាន​ការធ្វេសប្រហែស ក្នុងការ​បើកបរ​។ ព័ត៌មាន​ក្រៅពីនេះ យើង​សូម​បដិសេធ​ទាំងស្រុង​»​។

​បច្ចុប្បន្ន អ្នកបើក​តាក់ស៊ី ដែលមាន​ឈ្មោះ ម៉ិ​ល សារ៉េត អាយុ​៣៤​ឆ្នាំ ដែលបើក​បុក​រថយន្ត​សម្តេចក្រុមព្រះ ត្រូវបាន​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចេញ​ដីកា​ឲ្យ​ឃុំខ្លួន ទោះជា​កំពុង​សម្រាក​ព្យាបាល​របួស​ក្នុង​មន្ទីរពេទ្យ​ក៏ដោយ​។ សមត្ថកិច្ច ថែមទាំង​ដាក់​ខ្នោះជើង​របស់​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​នោះ​ថែមទៀត​។

​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើតឡើង​កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ បាន​បង្ក​ឲ្យ​អ្នក​ម្នាង អ៊ុក ផល្លា ជា​អ្នក​ម្នាង​របស់​សម្តេចក្រុមព្រះ សោយ​ទិវង្គត​។ ចំណែក​សម្តេចក្រុមព្រះ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​។​

​ការធ្វើ​សន្និសីទកាសែត​ស្តីពី​គ្រោះថ្នាក់​ចរាចរណ៍​លើ​សម្តេចក្រុមព្រះ គឺធ្វើឡើង​បន្ទាប់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ស្នើ​ឲ្យ​សមត្ថកិច្ច បើក​ការស៊ើបអង្កេត​។ គណបក្ស​រាជានិយម​មួយ​នេះ ហាក់​សង្ស័យ​និង​ងឿងឆ្ងល់​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កើត​ឡើងលើ​សម្តេចក្រុមព្រះ រហូតដល់​ទៅ​៣​លើក​៕ 

អត្ថបទទាក់ទង




Tag:
 សម្តេចក្រុមព្រះ​
  ប៉ូលិស​
  គ្រោះថ្នាក់​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com