អន្តរជាតិ
អត់​ប្រើ​ស្មា​ត​ហ្វូ​ន​ពេញ​មួយឆ្នាំ អាច​បាន​រង្វាន់​១០​ម៉ឺន​ដុល្លារ​ពី​ក្រុមហ៊ុន​មួយ​នៅ​អាមេរិក​
22, Dec 2018 , 11:39 pm        
រូបភាព
ដោយ: ធីតា
​រស់នៅ​ដោយ​គ្មាន​ស្មា​ត​ហ្វូ​ន​ពេញ​មួយឆ្នាំ តើ​អាចទៅរួច​ដែរឬទេ​? ក្រុមហ៊ុន​ភេសជ្ជៈ​ដ៏​ល្បី​មួយ​នៅ​អាមេរិក Vitaminwater បានប្រកាស​ផ្តល់ប្រាក់​រង្វាន់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​អ្នក​ដែល​អាចធ្វើ​បែបនេះ​ក្នុង​រយៈពេល​៣៦៥​ថ្ងៃ​ពេញ​។​

 
​បញ្ឈប់​ការហៅ​ទៅកាន់​មិត្តភក្តិ ការសន្ទនា​តាម WhatsApp ការលេង​ហ្គេម​ផ្សេងៗ និង​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ឬ Instagram ចេញពី​ស្មា​ត​ហ្វូ​ន​ពេញ​មួយឆ្នាំ​។ នេះ​ជា​លក្ខខណ្ឌ​តម្រូវ​របស់​ក្រុមហ៊ុន Vitaminwater ។​
 
​សម្រាប់​អ្នក​ដែល​បំពេញ​លក្ខខណ្ឌ​ឥតខ្ចោះ ពោលគឺ​នៅ​ឃ្លាត​ពី​ទូរ​សព្ទ​ដៃ​ពេញ​មួយឆ្នាំ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​។ 
 
​ក្រុមហ៊ុន​អាមេរិក​មួយ​នេះ បាន​បញ្ជាក់ថា អ្នក​ដែល​ចង់​ចូលរួម​ប្រកួតប្រជែង​អាចមាន​រយៈពេល​ចុះឈ្មោះ​រហូតដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ដោយ​ចូលទៅ​កាន់​គណនី Twitter ឬ Instagram របស់​ក្រុមហ៊ុន ដែល​ចែករំលែក​រូបថត និង​ការតាំង​ចិត្ត​ចូលរួម​របស់ខ្លួន ជាមួយ Hashtags #nophoneforayear និង #contest ។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ មក​ពេលនេះ ក្រុមហ៊ុន​មិនបាន​បញ្ជាក់​ច្បាស់លាស់​ពី​មធ្យោបាយ​ដែល​ខ្លួន​អាច​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់​បេក្ខជន​នោះឡើយ​។​
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម មួយចំនួន​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់ខ្លួន ប៉ុន្តែ​ពួកគេ​គិតថា នេះ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ ដោយសារតែ​ពួកគេ​យល់ថា វា​ជា​រឿង​ដ៏​ពិបាក​ដែល​តាមដាន​ឲ្យ​ដឹងថា បេក្ខជន​រូប​ណា​គោរព​លក្ខន្តិកៈ​ត្រឹមត្រូវ​ឥតខ្ចោះ​៕

Tag:
 ស្មា​ត​ហ្វូ​ន
© រក្សាសិទ្ធិដោយ thmeythmey.com