ជាតិ
សង្គមជាតិ
ការសិក្សា​៖ មួយ​សប្តាហ៍ ពលរដ្ឋ​ខ្មែរ​ស្លាប់​ជិត​៣០០​នាក់ ដោយសារ​ថ្នាំជក់​
04, Jul 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ មាន​ពលរដ្ឋ​២៩០​នាក់​ស្លាប់​ក្នុង​មួយ​សប្តាហ៍ ដោយសារ​ជំងឺ​ដែល​បណ្តាលមកពី​ការប្រើប្រាស់​ថ្នាំជក់​។ នេះ​ជា​លទ្ធផល​សិក្សា​ប៉ាន់ប្រមាណ​របស់ FCTC ឆ្នាំ​២០១៩ ដែល​ថ្លែង​ដោយ​លោក អឿន បូ​រា​រ័ត្ន​ន៍ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​លទ្ធផល​ប៉ាន់ប្រមាណ​ស្តីពី «​ការសិក្សា​អំពី​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​ថ្នាំ​ផលិតផល​ថ្នាំជក់​មកលើ​សុខភាព សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​» នា​ថ្ងៃទី​៤​កក្កដា នៅ​សណ្ឋាគារ​សាន់វេ​។

 
​លទ្ធផល​នៃ​ការសិក្សា​នេះ បាន​ឲ្យ​ដឹងថា ជា​រៀងរាល់ឆ្នាំ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​១,៥​ម៉ឺន​នាក់ ពី​ការប្រើប្រាស់​ថ្នាំជក់ ដោយ​ក្នុងនោះ​មាន​៣៣ ជា​អ្នកស្លាប់​។ ជំងឺ​ដែល​កើតឡើង​ពី​ថ្នាំជក់ មាន​ជំងឺមហារីក (​មាត់ស្បូន​, ថ្លើម​, សួត​,​ក្រពះ​) ជំងឺ​ទឹកនោមផ្អែម ជំងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​ជំងឺ​សរសៃឈាម​បេះដូង​។ ហើយ​រៀងរាល់ឆ្នាំ ការប្រើប្រាស់​ថ្នាំជក់ បានធ្វើឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​៦៦០​លាន​ដុល្លារ ស្មើនឹង​៣​ភាគរយ​នៃ​ចំណូល​ផលិតផល​ក្នុងស្រុក​សរុប (GDP)​។​
 
​លោក Rodrigo Samtos Feijo មន្ត្រី​បច្ចេកទេស​នៃ WHO FRAMEWORK CONVENTION ON TOBACCO CONTRO (FCTC) លើកឡើងថា ការខាតបង់​សេដ្ឋកិច្ចកម្ពុជា​៣​ភាគរយ​នៃ​ការប្រើប្រាស់​ថ្នាំជក់​នេះ គឺ​បាន​កើនឡើង​ស្ទើរ​ទ្វេដង​បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ផ្សេងៗ​ក្នុង​សកលលោក ដែល​ខាតបង់​សេដ្ឋកិច្ច​ទៅលើ​ការប្រើប្រាស់​ថ្នាំជក់​នេះ​ត្រឹមតែ​១,៨​ភាគរយ​ប៉ុណ្ណោះ​។  លោក បន្តថា ថ្វី​ដ្បិត​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជិត​២​ដង​នៃ​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​កម្ពុជា​ក៏បាន​អនុវត្ត​វិធាន​ការល្អៗ​មួយចំនួន​រួចមកហើយ ដូចជា​ការអនុម័ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់​ក្នុង​ឆ្នាំ​២០១៥ ការបង្កើន​ពន្ធ​លើ​ផលិតផល​ថ្នាំជក់ ហើយ​ជា​លទ្ធផល​ក៏មាន​ការធ្លាក់ចុះ​នៃ​ការប្រើប្រាស់​ថ្នាំជក់​មួយចំនួន​ផងដែរ​។ 
 
​លោក Rodrigo Samtos Feijo បាន​អះអាង​ដូច្នេះ​ថា​៖«​ការប្រើប្រាស់​ថ្នាំជក់​នេះ យើង​ឃើញថា​ចំពោះ​អ្នកក្រីក្រ គឺ​ងាយ​រងគ្រោះ​ច្រើនជាង ដោយសារ​ការប្រើប្រាស់​ថ្នាំជក់ និង​ការជក់បារី​ផងដែរ​។ មិន​ត្រឹមតែ​កម្ពុជា​នោះ សូម្បីតែ​ប្រទេស​ដទៃ យើង​ឃើញថា​អត្រា​នៃ​ការប្រើប្រាស់​ថ្នាំជក់​កើតឡើង​ខ្ពស់​ចំពោះ​អ្នកក្រីក្រ ឬ​អ្នកមាន​ចំណូល​ទាប​។ ចំពោះ​អ្នកក្រីក្រ​មាន​ជួប​ផល​លំបាក​ច្រើន ព្រោះ​ពួកគេ​ត្រូវ​ចំណាយលុយ​ច្រើន​ទៅលើ​ការទិញ​ផលិតផល​ថ្នាំជក់​ទាំង​ហ្នឹង​។ ប្រសិនបើ​ពួកគេ​ធ្វើឱ្យ​ពួកគេ​ខាត់​បង់ប្រាក់ ដែល​មិនអាច​ចំណាយ​ទៅលើ​ចំណីអាហារ ការអប់រំ និង​មិនអាច​ចំណាយ​លើ​អ្វីៗ​ដែលមាន​ប្រយោជន៍​ជាច្រើន​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង និង​គ្រួសារ​របស់​ពួកគេ​»​។  
 
​មន្ត្រី​បច្ចេកទេស​រូបនេះ​បាន​បញ្ជាក់ថា លទ្ធផល​នៃ​ការសិក្សា​ប៉ាន់ប្រមាណ​អំពី​លទ្ធផល នៃ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​នេះ បានធ្វើ​ឡើង​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ WHO UNDP និង FCTC ចាប់ពី​ខែកុម្ភៈ​ឆ្នាំ​២០១៨ ដល់​ខែកុម្ភៈ ឆ្នាំ​២០១៩​។ លទ្ធផល​នៃ​ការសិក្សា​នេះ គឺជា​ឆ្នាំ​ដំបូង​ដែល​ផ្អែកទៅលើ​ទិន្នន័យ​ផ្លូវការ​របស់​ក្រសួង​ពាក់ព័ន្ធ រួមមាន​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ឧស្សាហកម្ម ជាដើម រួមទាំង​ទិន្នន័យ​របស់​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​ផងដែរ​៕ 
 

Tag:
 បារី​
  សុខភាព
© រក្សាសិទ្ធិដោយ thmeythmey.com