ជាតិ
សំអាងការចំណាំបែបធម្មជាតិ សម្តេច ហ៊ុន សែន ព្យាករកម្ពស់ទឹកច្បាស់ជាងរដ្ឋមន្ត្រី
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧត្តុនិយម លោក លឹម គានហោ បានព្យាករកម្ពស់ទឹកចាញ់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
«ឯកឧត្តម លឹម គានហោ គាត់ចាញ់ខ្ញុំហើយ»។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន ដែលធ្លាប់ប្រាប់ទៅលោក លឹម គានហោ ពីរឿងកម្ពស់ទឹកនឹងស្រកចុះវិញ ។ ប៉ុន្តែរដ្ឋមន្ត្រីធនធានទឹក តបវិញថា កម្ពស់ទឹកនឹងកើនឡើងថែមទៀត ដោយសារតែអាកាសធាតុនៃប្រព័ន្ធសម្ពាធទាបពីខាងលើ បន្តអូសកាត់កម្ពុជា។
តែជាក់ស្ដែងនោះ កម្ពស់ទឹកនៅតំបន់មួយចំនួន បានស្រកចុះវិញ ដូចនឹងអ្វីដែលសម្ដេច ហ៊ុន សែន ធ្លាប់បានប្រាប់លោក លឹម គានហោ ។ ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតប៊ែលធី នៅព្រឹកថ្ងៃទី២ តុលា សម្ដេច ហ៊ុន សែន បាននិយាយថា មូលហេតុដែលសម្ដេច ហ៊ានអះអាងថាទឹកស្រកបែបនេះ ដោយសំអាងទៅលើការចំណាំតាមបែបធម្មជាតិរបស់ខ្លួន។
«ថ្ងៃមួយ ស្រាប់តែខ្ញុំទៅ(ញ៉ាំ) បាយថ្ងៃត្រង់ ឃើញត្រីឈ្វៀត ដល់អ៊ីចឹង ខ្ញុំបានវ៉ៃ(ផ្ញើសារ) ទៅឯកឧត្តម លឹម គានហោ ថា ត្រីឈ្វៀតចេញហើយ ទឹកមិនឡើងទៀតទេ។ គាត់ (លោក លឹម គានហោ) បានវ៉ៃ(ផ្ញើសារ) ត្រឡប់មកវិញថា សម្ពាធនៅខាងលើច្រើនណាស់ ព្យុះនៅច្រើនណាស់ (ទឹក)នឹងមានការកើនឡើង»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាល ។
បើតាមការចំណាំរបស់លោកនាយរដ្ឋមន្ត្រីកម្ពុជារូបនេះ នៅពេលត្រីឈ្វៀត ចេញបង្ហាញខ្លួននោះ គឺបានន័យថា កម្ពស់ទឹកនៅទ្រឹង ឬស្រកចុះ។ ប៉ុន្តែបើសិនជា ត្រីក្លាំងហាយ ចេញបង្ហាញនោះ ទឹកស្រកអស់ ហើយរាំងស្ងួត។
បើតាមរបាយការណ៍ព្យាកររបស់ក្រសួងធនធានទឹក និងឧត្តុនិយម ដែលចេញនៅថ្ងៃទី ២ តុលានេះ បង្ហាញថា ស្ថានភាពកម្ពស់ទឹក ទន្លេមេគង្គ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ចតុមុខ និងអ្នកលឿង បានចាប់ផ្ដើមស្រកជាចុះហើយ។ ចំណែកកម្ពស់ទឹកទន្លេបាសាក់-កោះខែល ,ទន្លេសាប-ព្រែកក្ដាម និងបឹងទន្លេសាប-កំពង់លួង ក៏ស្រកចុះដូចគ្នាដែរ៕
Tag:
ហ៊ុន សែន
លឹម គានហោ
អាកាសធាតុ
ធម្មជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com