អន្តរជាតិ
ក្រសួងសុខាភិបាល​ជប៉ុន​៖​ពលរដ្ឋ​៣​នាក់​ជម្លៀស​ពី​វូ​ហាន មាន​កូ​រ៉ូ​ណាវី​រុស​, ករណី​ឆ្លង​ឡើងដល់​១១
30, Jan 2020 , 10:06 am        
រូបភាព
រថយន្តដឹកពលរដ្ឋជប៉ុនដែលជម្លៀសពីវូហាន ពីព្រលានយន្តហោះ Haneda ក្នុងក្រុង តូក្យូ (AP)
រថយន្តដឹកពលរដ្ឋជប៉ុនដែលជម្លៀសពីវូហាន ពីព្រលានយន្តហោះ Haneda ក្នុងក្រុង តូក្យូ (AP)
ដោយ:
ប្រជាជន​ជប៉ុន​៣​នាក់​ក្នុងចំណោម​ជាង​២០០​នាក់ ដែល​បាន​ជម្លៀសចេញ​ក្រុង វូ​ហាន ប្រទេស​ចិន ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា មាន​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​។ ក្រសួងសុខាភិបាល​ជប៉ុន បានបញ្ជាក់​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ៣០ ខែមករា​។

 
អត្ថបទទាក់ទង
​អ្នកជំងឺ​ទាំង​៣​នាក់​នេះ បាន​មកដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​ពុធ ២៩ ខែមករា តាមរយៈ​ជើង​ហោះ​ជុំទីមួយ​ដើម្បី​ជម្លៀស​ពលរដ្ឋ​ជប៉ុន​ចេញពី​ក្រុង វូ​ហាន នៃ​ប្រទេស​ចិន ដែលជា​ចំណុច​ផ្តើម​នៃ​ការផ្ទុះ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ដែល​បង្កឡើង​ដោយ​កូ​រ៉ូ​ណាវី​រុស​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​៣០ មករា នេះ អ្នកស្លាប់​ព្រោះ​វីរុស​នេះ បាន​កើន​ដល់ ១៧០​នាក់ និង​ឆ្លង​វីរុស​ឡើងដល់​៧​ពាន់​ករណី​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទូរទស្សន៍​ជប៉ុន NHK ក្រសួងសុខាភិបាល​ជប៉ុន បាន​អះអាងថា អ្នក​ឆ្លង​ចំនួន​២​នាក់​ក្នុងចំណោម​៣​នាក់​នេះ ពុំទាន់​បង្ហាញ​រោគសញ្ញា​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។ តួលេខ​នៃ​អ្នក​ឆ្លង​ទាំង​៣​នាក់ បាន​បង្កើន​ករណី​ឆ្លង​ណូ​វែ​ល​កូ​រ៉ូ​ណាវី​រុស​ក្នុងប្រទេស​ជប៉ុន​ឡើងដល់ ១១​នាក់​ហើយ រួមទាំង​មនុស្ស ២ នាក់ ដែល​បាន​ឆ្លង​វីរុស​នេះ ដោយ​ពុំ​ធ្លាប់មាន​ប្រវត្តិ​ទៅកាន់​ប្រទេស​ចិន​។ 
 
​ទាក់ទិន​នឹង​ករណីនេះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​ប្រាប់​សមាជិកសភា​ជប៉ុន​ថា ពលរដ្ឋ​ជប៉ុន​ទាំងបី​នាក់ នឹង​ទទួល​ការព្យាបាល​យ៉ាង​យកចិត្តទុកដាក់​បំផុត​ក្នុង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ពិសេស​មួយ​។ 
 
​សូមបញ្ជាក់ថា ពលរដ្ឋ​ជប៉ុន​សរុប​ចំនួន ២០៦​នាក់ ដែល​ជម្លៀស​ពី​ក្រុង វូ​ហាន បាន​មកដល់​ព្រលានយន្តហោះ Haneda របស់​តូ​ក្យូ កាលពី​ព្រឹក​ថ្ងៃ​ពុធ ២៣ មករា ដោយមាន​អ្នកជំនាញ​វេជ្ជសាស្ត្រ​ជាច្រើន​ត្រួតពិនិត្យ​សុខភាព​ពួកគេ ទាំង​លើ​យន្តហោះ និង​នៅ​ព្រលាន​៕
 

Tag:
 ជប៉ុន​
  វូ​ហាន​
  កូ​រ៉ូ​ណាវី​រុស
© រក្សាសិទ្ធិដោយ thmeythmey.com