បេសកកម្មស៊ើបអង្កេតរបស់អង្គការសុខភាពពិភពលោក (WHO) ទៅកាន់ចិនដើម្បីរកប្រភពជំងឺកូវីដ-១៩ នឹងពិនិត្យលើគ្រប់ច្រកល្ហកទាំងអស់ដើម្បីស្វែងយល់ពីជំងឺនេះ។ សមាជិកម្នាក់នៃក្រុមការងារ WHO ប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ ដោយបន្ថែម ប៉ុន្តែបេសកកម្មនេះ មិនមែនដើម្បីរកកំហុសរបស់ប្រទេសណាឡើយ។
នៅថ្ងៃទី១៧ ធ្នូ WHO ប្រកាសថា ក្រុមអ្នកជំនាញមានសមាជិក១០នាក់ នឹងធ្វើដំណើរទៅកាន់ទឹកដីចិនរយៈពេល៥ទៅ៦សប្តាហ៍ ដើម្បីពិនិត្យភស្តុតាង ដែលរួមមានសំណាកតេស្តរបស់មនុស្ស និងសត្វដែលប្រមូលដោយអ្នកស្រាវជ្រាវចិន ក្នុងគោលដៅរកប្រភពជំងឺកូវីដ-១៩ ។
លោក Fabian Leendertz សមាជិកម្នាក់នៃបេសកកម្មខាងលើនិយាយថា ការស៊ើបអង្កេតនេះមិនមែនស្វែងរកប្រទេស ឬអាជ្ញាធរដែលធ្វើខុសនោះទេ។ បេសកកម្មនេះមានបំណងក្នុងការស្វែងយល់ពីអ្វីដែលបានកើតឡើង និងដើម្បីបង្ការហេតុការណ៍បែបនេះនាពេលអនាគត តាមរយៈការកាត់បន្ថយគ្រោះថ្នាក់។ លោក Leendertz ជាអ្នកជំនាញជំងឺឆ្លងមកពីវិទ្យាស្ថាន Robert Koch ដែលជាភ្នាក់ងារគ្រប់គ្រងជំងឺឆ្លងរបស់អាល្លឺម៉ង់។
យោងតាមអ្នកជំនាញរូបនេះ បេសកកម្មនឹងចាប់ផ្តើមនៅក្រុងវូហាន ទីដែលជំងឺផ្ទុះឡើង ព្រោះមានទិន្ន័យបឋមច្បាស់លាស់ ហើយក្រុមការងារនឹងតាមដានរាល់តម្រុយទាំងអស់ដែលមាន។ លោកបន្ថែមថា ទោះជាការស៊ើបអង្កេតធ្វើឡើងមួយឆ្នាំក្រោយការផ្ទុះនៃជំងឺនេះក្តី ក៏ក្រុមការងារមានលទ្ធភាពក្នុងការរកព័ត៌មានដដែល តែលោកទទួលស្គាល់ថា ការស៊ើបអង្កេតភ្លាមៗក្រោយការផ្ទុះឡើង ជារឿងប្រសើរបំផុត។
ទោះជាយ៉ាងណាក្តី អ្នកជំនាញរូបនេះប្រាប់ឲ្យសាធារណៈជន កុំទាន់រំពឹងទទួលបានលទ្ធផលគ្រប់គ្រាន់ពីការស៊ើបអង្កេតនេះ។ លោកបង្ហាញសង្ឃឹមថា បេសកកម្មនឹងត្រឡប់មកពីចិនដោយមានផែនការច្បាស់លាស់ក្នុងការស៊ើបអង្កេតដំណាក់កាលពី២ បន្តទឿតដោយស្វែងរកព្រឹត្តិការណ៍ដែលវីរុសចាប់ផ្តើមឆ្លងពីសត្វទៅមនុស្ស។
ជារួម អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ប្រជៀវ ជាសត្វដែលផ្ទុកវីរុសនៃជំងឺកូវីដ-១៩ ប៉ុន្តែពួកគេពុំដឹងថាសត្វអ្វីដែលឆ្លងវីរុសនេះពីប្រជៀវ និងចម្លងមកមនុស្សឡើយ ឬវីរុសឆ្លងដោយផ្ទាល់ទៅមនុស្សឡើយ។
អំឡុងពេលបំពេញបេសកកម្ម ក្រុមអ្នកជំនាញមកពីប្រទេសផ្សេងគ្នា នឹងពិនិត្យសំណាកមនុស្សដែលរក្សាដោយអាជ្ញាធរចិន ក៏ដូចជាសំណាកឈាម ដើម្បីពិនិត្យថា តើមនុស្សបានប៉ះពាល់វីរុសនេះ មុនពេលការប្រកាសពីការឆ្លងដោយអាជ្ញាធរចិននៅខែធ្នូ ឆ្នាំ២០១៩ឬយ៉ាងណា? ចំណែកផ្សារទិញលក់សត្វព្រៃ Huanan ក្នុងទីក្រុងវូហាន ក៏ស្ថិតក្នុងគោលដៅស៊ើបអង្កេតដែរ។
ការស៊ើបអង្កេតខាងលើនេះ អាចនឹងត្រូវការរយៈពេលខ្លះ ហើយក្រុមការងារមួយផ្នែកធំ ក៏នឹងត្រូវជំនួយពីអ្នកជំនាញចិនដែរ ដើម្បីធានាពីតម្លាភាពសម្រាប់ពិភពលោកទាំងមូល។