បទវិភាគ
ប្រវត្តិសាស្ត្រ៖ តើហេតុអ្វីបានជាខ្មែរមិនសូវ«មាន» ឬថា ហេតុអ្វីបានជាខ្មែរក្រ?
× ភ្នំពេញ៖ បញ្ហាខ្មែរក្រ ឬខ្មែរខ្ជិល ត្រូវបានមតិមួយចំនួនលើកឡើងជារឿយៗ។ ប៉ុន្តែ ហេតុផលជាក់ស្តែងយ៉ាងណានោះ គ្មាននរណាហ្នឹងពិតប្រាកដឡើយ។ នៅក្នុងសំណេរនេះ កាសែតនគរវត្តបង្កើតឡើងនៅឆ្នាំ១៩៣៦ សាកល្បងពន្យល់ពីបញ្ហាដែលនាំឲ្យខ្មែរក្រ។
«បរិយាយថ្ងៃសៅរ៍» គឺបទវិចារណកថាថ្ងៃសៅរ៍ (Editorial du Samedi) ដែលសរសេរដោយ«អាចារ្យកុយ»និង«អាចារ្យកង»បានដាស់ស្មារតីខ្មែរឱ្យភ្ញាក់រលឹកកុំឱ្យចាញ់ប្រៀបជាតិសាសន៍ដទៃ។ អត្ថបទនេះត្រូវបានបោះពុម្ពដោយសារពត៌មាននគរវត្ដលេខទី១៤ ថ្ងៃសៅរ៍ ខែមិនាឆ្នាំ១៩៣៧ ។ សារពត៌មាន«នគរវត្ដ»ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៦, ជាសារព័ត៌មានប្រចាំសប្ដាហ៍ ដែលមានលោក ប៉ាច ឈឺន ជាចាងហ្វាង។
ខ្មែរនៅស្រុកខ្មែរ សព្វថ្ងៃនេះ ក្រជាងសាសន៍ដទៃ ដែលចូលមកនៅស្រុកជាមួយខ្មែរទៅទៀត។ ហេតុដែលក្រជាងគេនោះ គឺមានច្រើនចំពូក។ ស្រុកខ្មែរយើងសព្វថ្ងៃនេះ
មានរបរធនធានជាច្រើនណាស់ មានត្រី ពេញតែទន្លេ ព្រែក បឹង មានឈើពេញតែព្រៃ។ ដំណាំដុះឯងក៏មានច្រើន ដូចជាផ្លែឈើ បន្លែ និងម្ជូរក្ដី សឹងមានគ្រប់មុខនៅក្នុងព្រៃ ...(ប៉ុន្តែមិនឧស្សាហ៍)។
មួយយ៉ាងទៀត ខ្មែរយើងចិត្ដល្អជ្រុលជាងសាសន៍ដទៃពេកណាស់ ធ្វើបុណ្យធ្វើទានក៏ច្រើនជាងគេ។ បើក្នុងគ្រួសារនីមួយៗមានមួយនាក់មានសម្បត្ដិគ្រាន់បើជាងគេនោះ បងប្អូនជិតឆ្ងាយទាំងប៉ុន្មានបោលចូលមកនៅស៊ីដោយសារអ្នកនោះឯង ដល់ទៅហិនហោចលិចលង់ទាំងអស់គ្នា គ្មានចិត្ដចេះខ្មាសអៀនមិនចេះគិតរកការធ្វើសោះ។ បើអ្នកនោះឯងមិនឱ្យបងប្អូនមកនៅស៊ីចុកដោយសារផង មុខជាបងប្អូនទាំងនោះមានពាក្យនិន្ទាមិនខានឡើយ ពោលថាចិត្ដមិនបាននឹងបងប្អូន បើបងប្អូនចិត្ដមិនបានទៀត ក៏គង់នៅមានវត្ដលោកនឹងស្នាក់ស៊ីចុកបានតាមចិត្ដដែរ ហើយវត្ដលោកនោះទៀត មានច្រើនណាស់សព្វថ្ងៃនេះ យ៉ាងកណ្ដាលត្រឹម៣ ក្នុងមួយឃុំៗ។
ហេតុធំបំផុតដែលនាំឱ្យខ្មែរក្រនោះ គឺបណ្ដាខ្មែរសឹងគ្រប់រូប គិតតែពីផ្លូវសប្បាយ ដើរលេងសើចនាំឱ្យចាយវាយមិនចេះគិត បើមានប៉ុន្មាន ចាយប៉ុណ្ណោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com