ជាតិ
ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ ចំណាយ​ជិត​១០​លាន​ដុល្លារ
27, Jan 2021 , 6:29 pm        
រូបភាព
•​ ​ភ្នំពេញ​៖ រដ្ឋាភិបាល​កម្ពុជា ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ស្ទើរតែ​ទាំងស្រុង ក្នុង​ការធ្វើជំរឿន​ប្រជាជន​លើ​ទី​៤ ក្នុង​ឆ្នាំ​២០១៩ ដោយមាន​ការជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​មួយចំនួន រួមទាំង​បច្ចេកទេស​ពី​មូលនិធិ​ប្រជាជន​អង្គការសហប្រជាជាតិ (UNFPA) អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​អាល្លឺម៉ង់ (GIZ) សហភាព​អឺរ៉ុប (EU) ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍ​អន្តរជាតិ​ស៊ុយអែត SIDA និង រដ្ឋាភិបាល​ចិន​។ នេះ​បើតាម​របាយការណ៍​ការ​ណ៍​ជាតិ​ស្ដីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ប្រជា​ជាន​កម្ពុជា​ឆ្នាំ​២០១៩ ដែល​ប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​។​

 
​ជំរឿន​ប្រជាជន​ឆ្នាំ​២០១៩ បានធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ ក្រោម​ការគ្រប់គ្រង​រប​ស់​គណៈកម្មាធិការ​ជាតិ​ជំរឿន ដោយ​ចំណាយ​ថវិកា​ជាង​៩​លាន​៩​សែន​ដុល្លារ ដែលជា​ថវិកាជាតិ​ស្ទើរ​ទាំងស្រុង រួមទាំង​ការជួយ​ពី​ដៃគូ​សហការ​ចំនួន​៥​បន្ថែមទៀត​។ ការធ្វើជំរឿន​លើក​ទី​៤​នេះ មាន​មន្ត្រី​ជាង​៥​ម៉ឺន​នាក់ បាន​ចុះ​ត្រួតពិនិត្យ​និង​សម្ភាស​ប្រជាជន​ជាង​៣,៦​លាន​គ្រួសារ នៅ​ទូទាំងប្រទេស ដោយ​ប្រើ​រយៈពេល​១១​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​១៣​មីនា ឆ្នាំ​២០១៩​។​
 
​លទ្ធផល​ផ្លូវការ​នៃ​ការធ្វើជំរឿន បង្ហាញថា កម្ពុ​ជាមាន​ប្រជាជន​ជាង​១៥,៥៥​លាន​នាក់ ក្នុងនោះ​បុរស​ជាង​៧,៥៧​លាន​នាក់ និង​ស្រី្ត​ជិត​៨​លាន​នាក់​៕
 
 

Tag:
 ជំរឿន
© រក្សាសិទ្ធិដោយ thmeythmey.com