អន្តរជាតិ
ប្រធានអាស៊ានព្រុយណេ ជជែកជាមួយសមាជិកឯទៀតដើម្បីចេញសេចក្តីថ្លែងការណ៍ស្ដីពីមីយ៉ាន់ម៉ា រូបថត Xinhua
× យោធាមីយ៉ាន់ម៉ា នៅថ្ងៃទី១ ខែកុម្ភៈ បានធ្វើរដ្ឋប្រហារលើរដ្ឋាភិបាលស៊ីវិល និងបានចាប់ខ្លួនសមាជិកបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យជាច្រើននាក់។ ទាក់ទិននឹងបញ្ហានេះ ព្រុយណេ ក្នុងនាមជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ ២០២១ បានលើកឡើងថា ខ្លួន កំពុងជជែកជាមួយប្រទេសអាស៊ានផ្សេងទៀតដើម្បីចេញសេចក្តីថ្លែងការណ៍អាស៊ានស្តីពីបញ្ហានយោបាយនៅមីយ៉ាន់ម៉ា។
ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេនក្នុងឆ្នាំ២០២១ ក្រសួងការបរទេសព្រុយណេ បានឆ្លើយសំណួររបស់ទូរទស្សន៍ Channel News Asia យ៉ាងដូច្នេះថា៖ «ព្រុយណេ ដែលជាប្រធានអាស៊ាន កំពុងផ្តល់យោបល់ឲ្យប្រទេសសមាជិកអាស៊ានផ្សេងទៀត គាំទ្រសេចក្តីថ្លែងការណ៍អាស៊ាន»។
គិតត្រឹមរសៀលថ្ងៃទី១ ខែកុម្ភៈនេះ នៅសល់តែសមាជិកអាស៊ានពីរប៉ុណ្ណោះ នោះគឺឡាវ និងវៀតណាម ដែលមិនទាន់បញ្ចេញប្រតិកម្ម ទាក់ទិននឹងការធ្វើរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា។
ក្នុងនាមជាសមាជិកអាស៊ានដូចគ្នា សម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា នឹងមិនលូកដៃចូលកិច្ចកាផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាឡើយ ព្រោះវាជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាមិត្តក្នុងក្របខណ្ឌអាស៊ាន។ ចំណែកថៃវិញ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ក៏បានបញ្ជាក់ថា វាជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ាផងដែរ។
ក្រៅពីកម្ពុជា និងថៃ ឥណ្ឌូណេស៊ីឯណោះវិញ បានអំពាវនាវឲ្យមីយ៉ាន់ម៉ា គោរពតាមគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន ដោយរួមបញ្ចូលទាំង ការគោរពនីតិរដ្ឋ អភិបាលកិច្ចល្អ គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងធម្មនុញ្ញ។ បើតាមក្រសួងការបរទេសឥណ្ឌូណេស៊ី យោធាមីយ៉ាន់ម៉ា គួរចរចាជាមួយរដ្ឋាភិបាលស៊ីវិល ជាជាងប្រើកម្លាំងយោធា។
ដោយឡែកម៉ាឡេស៊ី បានអំពាវនាវឲ្យភាគីទាំងពីរ ដោះស្រាយបញ្ហាសន្តិវិធី ដើម្បីបញ្ចៀសផលវិបាកផ្សេងៗដល់ប្រជាជន ស្របពេលកូវីដ-១៩ កំពុងតែរាលដាល។ ចំណែកសិង្ហបុរីវិញ ក៏បានបង្ហាញពីការព្រួយបារម្ភនៃស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ាផងដែរ ដោយសង្ឃឹមភាគីទាំងអស់ នឹងដោះស្រាយបញ្ហាដោយកិច្ចចរចា និងទទួលបានលទ្ធផលដោយសន្តិភាព។ រីឯរដ្ឋមន្ត្រីការបរទេសហ្វីលីពីនវិញ បានហៅបញ្ហានយោបាយមីយ៉ាន់ម៉ាថា ជាការដើរកូនអុក ជាជាងការធ្វើរដ្ឋប្រហារយោធា ដើម្បីគោរពរដ្ឋធម្មនុញ្ញឆ្នាំ២០០៨៕
© រក្សាសិទ្ធិដោយ thmeythmey.com