អន្តរជាតិ
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​នៅ​បរទេស ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋប្រហារ​
02, Feb 2021 , 11:56 am        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ា បាតុកម្មក្រៅស្ថានទូតខ្លួននៅទៅក្រុងបាងកក។ រូបភាព៖ AFP
ពលរដ្ឋមីយ៉ាន់ម៉ា បាតុកម្មក្រៅស្ថានទូតខ្លួននៅទៅក្រុងបាងកក។ រូបភាព៖ AFP
ដោយ:
​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​នៅ​បរទេស បាន​ជួបជុំគ្នា​នៅមុខ​ស្ថានទូត​មី​យ៉ាន់​ម៉ា​ដើម្បី​តវ៉ា​នឹង​ការធ្វើ​រដ្ឋប្រហារ​ដោយ​យោធា​ប្រឆាំង​រដ្ឋាភិបាល​ស៊ីវិល​។ បាតុករ​ទាមទារ​ឲ្យ​ក្រុម​យោធា​ដោះលែង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏ដូចជា​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ម្ចាស់ផ្ទះ​ប្រឆាំងនឹង​រដ្ឋប្រហារ និង​មិនត្រូវ​ទទួលស្គាល់​រដ្ឋាភិបាល​យោធា​ថ្មី​នេះឡើយ​។​

 
​ខណៈ​ប្រជាជន​មី​យ៉ាន់​ម៉ា​ក្នុងស្រុក​រក្សា​ភាពស្ងប់ស្ងាត់​នៅឡើយ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​នៅ​បរទេស​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការដណ្ដើម​អំណាច​របស់​យោធា​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។ គេ​បានឃើញ​មានការ​ជួបជុំ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ទីក្រុង​តូ​ក្យូ​របស​ជប៉ុន និង​នៅ​នេ​ប៉ាល់​ជាដើម​។ 
 
​នៅ​ទីក្រុង​បាងកក ប្រជាជន​មី​យ៉ាន់​ម៉ា ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក និង​ជា​អ្នកគាំទ្រ​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បាន​ជួបជុំ នៅមុន​ស្ថានទូត​មី​យ៉ាន់​ម៉ា​ដោយ​ពាក់​អាវយឺត​របស់​បក្ស​(NLD) និង​ម៉ាស់​មាន​រូប​ផ្កាយ និង​ហង្ស​ដែលជា​និមិត្តសញ្ញា​របស់​បក្ស​នេះ​។ បាតុករ បាន​ប៉ះទង្គិច​បន្តិចបន្តួច​ជាមួយ​ប៉ូលិស​ថៃ ដែល​ធ្វើឱ្យ​មនុស្ស​២​នាក់​របួស​។ 
 
«​យើង​ខឹង​ខ្លាំងណាស់​។ ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដឹងថា​ឧ​ត្ត​ម​សេនីយ៍​ទាំងនោះ​អាក្រក់​ប៉ុណ្ណា​។ យើង ចង់​ឲ្យ​ដោះលែង​ម្តាយ​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Naing Li Noo ពលករ​ចំណាកស្រុក​ម្នាក់​ដែល​ជិះ​ម៉ូតូ​មក​បាតុកម្ម​។ នៅ​មី​យ៉ាន់​ម៉ា ពលរដ្ឋ​មួយចំនួន​ហៅ​លោកស្រី​ស៊ូ​ជី ជា​ម្តាយ​។ លោក​Li Noo ប្តេជ្ញា​ថា​នឹង​បាតុកម្ម​នៅមុខ​ស្ថានទូត​ជាថ្មី ដោយ​អះអាងថា​មិន​ខ្លា​ចនឹង​បាត់បង់​អ្វី​ឡើយ​។ នេះ​បើតាម​កាសែត Bangkok Post ។​
 
​ដូចគ្នានេះដែរ Khum Soe Thu ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ម្នាក់​ដែល​រស់នៅ​ថៃ​ជាង​១០​ឆ្នាំ​មកហើយ​និយាយថា បាតុកម្ម​នេះ​មិនមែន​ត្រឹមតែ​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ស៊ូ​ជី ឡើយ​។ ពលរដ្ឋ​រូបនេះ និយាយថា បាតុកម្ម​នេះ​គឺ​ទាមទារ​ឲ្យ​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​គ្មាន​ការរើសអើង​អ្វី​ឡើយ​ជាពិសេស​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​។​
 
​ក្រៅតែពី​ថៃ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​មួយក្រុម​ក៏​ជួបជុំ​បាតុកម្ម​មុខ​សាកលវិទ្យាល័យ​របស់​អង្គការសហប្រជាជាតិ​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។ នៅ​រដ្ឋធានី​ក​ដ្ឋ​ម​ណ្ឌូ ក្រុម​សង្គម​ស៊ីវិល​នេ​ប៉ាល់ ក៏​នាំគ្នា​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​នៅ​មី​យ៉ាន់​ម៉ា​ដែរ​។ 
 
​លោក Kavi Chongkittavorn អតីត​និពន្ធ​នាយក​សារព័ត៌មាន​The Myanmar Time និង​ជា​អ្នកកាសែត​ដ៏​ល្បី​ដែល​តាមដាន​បញ្ហា​អាស៊ាន និយាយថា រដ្ឋប្រហារ​នេះ​មាន​ផល់ប៉ះពាល់​អវិជ្ជមាន ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច​មី​យ៉ាន​ម៉ា​។ លោក​ថា រដ្ឋាភិបាល​ស៊ីវិល​ខិតខំ​ប្រឹងប្រែង​ក្នុងការ​សម្រួល និង​បង្កើត​បរិយាកាស​អំណោយ​ផល​ដល់​ការវិនិយោគ ប៉ុន្តែ​ការវិវត្ត​ស្ថានការណ៍​នយោបាយ​បែបនេះ នឹង​ពន្យឺត​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​។ 
 
​យោធា​មី​យ៉ាន់​ម៉ា បាន​ឡើង​គ្រប់គ្រង​អំណាច​ជាថ្មី​តាមរយៈ​រដ្ឋប្រហារ​មួយ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ​។ យោធា​អះអាង​បានដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​អាសន្ន និង​អះអាង​ពី​ការរៀបចំ​ការបោះឆ្នោត​នៅ​រយៈពេល​មួយឆ្នាំ​ខាងមុខ ។ រដ្ឋប្រហារ ធ្វើឡើង​ដោយសារ​យោធា​មី​យ៉ាន់​ម៉ា អះអាងថា មាន​ការលួចបន្លំ​សន្លឹក​ឆ្លោ​ត​ជាង ១០​លាន​ករណី​ទាក់ទិន​នឹង​ការបោះឆ្នោត​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០៕
 
 
 
 
 
 

Tag:
 ​ថៃ​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com