ជាតិ
សង្គមជាតិ
សាសនា / ធម៌
ក្រសួងវប្បធម៌ កោះហៅក្រុមយុវជនសម្តែងរឿងកំប្លែង «ទុំទាវ២០២១» ទៅបំភ្លឺ
04, Feb 2021 , 3:42 pm        
រូបភាព
ស្ថាប័នមានសមត្ថកិច្ចមួយរបស់ក្រសួងវប្បធម៌ គឺក្រុមប្រឹក្សាពិន័យនិងលើកសរសេរ បានចេញលិខិតផ្លូវការ នៅថ្ងៃរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កោះហៅយុវជន-យុវតីមួយក្រុម ដែលបាននាំគ្នាសម្តែងរឿង «ទុំទាវ២០២១» បែបកំប្លែង ឲ្យចូលទៅបំភ្លឺ។ លិខិតនោះ បញ្ជាក់ថា អ្នកសម្តែងរឿង «ទុំទាវ២០២១» ត្រូវទៅបំភ្លឺនៅបន្ទប់លេខាធិការដ្ឋានក្រុមប្រឹក្សាពិន័យនិងលើកសរសើរនៅស្តីការក្រសួងវប្បធម៌ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។



គ្រាន់តែរឿង «ទុំទាវ២០២១» ត្រូវបានបង្ហោះលើបណ្តាញសង្គមភ្លាម សាធារណជន ដោយមានទាំងព្រះសង្ឃផងនោះ បានប្រតិកម្មនិងស្នើឲ្យក្រសួង-ស្ថាប័នមានសមត្ថកិច្ច ចាត់វិធានការលើក្រុមយុវជន-យុវតីនោះ ដ្បិតយល់ថា រឿងនេះ ធ្វើឲ្យប៉ះពាល់ដល់សាសនានិងវប្បធម៌។ គេ ឃើញរឿងខ្លីនេះ ត្រូវបានបង្ហោះដំបូង លើទំព័រហ្វេសប៊ុកឈ្មោះ Hokima កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយផ្ទុះការរិះខ្លាំង មានយុវតី២នាក់ ស្ថិតក្នុងចំណោមក្រុមអ្នកសម្តែងរឿង «ទុំទាវ២០២១» បានបង្ហោះវីដេអូលើទំព័រហ្វេសប៊ុក Hokima ដើម្បីសុំទោសចំពោះការសម្តែងរឿងនេះ។ ជាងនេះទៅទៀត ទំព័រហ្វេសប៊ុក Hokima ក៏បានសរសេរសារសុំទោសដែរ។ ពួកគេ បានសុំទោស មុនក្រុមប្រឹក្សាពិន័យនិងលើកសរសើរ ចេញលិខិតអញ្ជើញពួកគេ ឲ្យចូលបំភ្លឺ។

នៅថ្ងៃទី៤ ខែកុម្ភៈនេះ ទំព័រហ្វេសប៊ុក Hokima បានលុបវីដេអូរឿង «ទុំទាវ២០២១» ចេញវិញ៕

អត្ថបទទាក់ទង

Tag:
 ក្រសួងវប្បធម៌
  ទុំទាវ២០២១
© រក្សាសិទ្ធិដោយ thmeythmey.com