ជាតិ
សង្គមជាតិ
ចូលឆ្នាំចិន៖ ក្រសួងសុខាភិបាលប្រាប់ឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការពិសាស្រា និងចំណីអាហារ
07, Feb 2021 , 10:33 am        
រូបភាព
 អាជីវកម្ម​​លក់​គ្រឿង​សំណែន​ និងគ្រឿង​តុបតែ​ង​​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំចិន​នៅរាជធានីភ្នំពេញ
អាជីវកម្ម​​លក់​គ្រឿង​សំណែន​ និងគ្រឿង​តុបតែ​ង​​សម្រាប់​ថ្ងៃ​បុណ្យចូលឆ្នាំចិន​នៅរាជធានីភ្នំពេញ
ដោយ:
 
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្ននឹងការពិសាស្រា និងចំណីអាហារផ្សេងៗ ដើម្បីជៀសវាងការពុល នាថ្ងៃចូលឆ្នាំចិនខាងមុខ។ ក្រសួងសុខាភិបាលបានណែនាំបែបនេះ ដោយមិនចង់ឲ្យមានករណីពុលស្រា ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់ ដូចកន្លងមកទេ។



ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ប្រាកដជាមានពលរដ្ឋជួបជុំក្រុមគ្រួសារពិសាស្រា និងអាហារ និងទៅដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងកន្លែងផ្សេងៗជាដើម។ ហេតុដោយមើលឃើញថា ករណីពុលស្រា និងចំណីអាហារភាគច្រើន កើតឡើងក្នុងឱកាសជួបជុំគ្នាបែបនេះ ទើបក្រសួងណែនាំពលរដ្ឋកុំពិសាស្រាដែលគ្មានការផលិតត្រឹមត្រូវ និងកុំបរិភោគអាហារណាដែលហួសកាលកំណត់ប្រើប្រាស់។

ក្រសួងសុខាភិបាលបានណែនាំដល់ម្ចាស់អាជីវកម្មផលិតស្រា និងលក់ស្រា ហាមលាយសារធាតុមេតាណុលដែលហួសកម្រិតកំណត់ ដើម្បីបង្ការទប់ស្កាត់ការពុលស្រា និងចំណី។ ដើម្បីទប់ស្កាត់ករណីពុលស្រា ក្រសួងសុខាភិបាលបង្គាប់ឲ្យអាជ្ញាធរចាត់តាំងកម្លាំងគ្រប់គ្រង ឃ្លាំមើល និងទប់ស្កាត់ការលាយស្រា និងលក់ស្រាដែលគ្មានបច្ចេកទេសត្រឹមត្រូវ។ ទន្ទឹមនេះអាជ្ញាធរត្រូវណែនាំដល់ពលរដ្ឋពីផលអាក្រក់នៃការលាយសារធាតុមេតាណុលក្នុងស្រា។

ក្រសួងសុខាភិបាលបានណែនាំឲ្យពលរដ្ឋដែលមានបញ្ហា និងរោគសញ្ញាទាក់ទងនឹងការពុលស្រា ឬពុលចំណីអាហារផ្សេងៗ ដូចជាឈឺក្បាល,ក្អួត,ឈឺពោះ, វិលមុខ,ស្រវាំងភ្នែក,សន្លប់,ប្រកាច់,ពិបាកដកដង្ហើម ត្រូវទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដើម្បីឲ្យគ្រូពេទ្យពិនិត្យ និងព្យាបាល។

ករណីពុលស្រាក្នុងខែធ្នូ ឆ្នាំ២០២០កន្លងមកនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានបណ្តាលឲ្យមនុស្ស១៥នាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកពុលស្រាសរុបចំនួន១៦៤នាក់៕

អត្ថបទទាក់ទង
 


Tag:
 ស្រា
  ចំណីអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com