សមាគម​វា​រី​វប្បករ​កម្ពុជា ទាមទារ​ឱ្យ​ក្រសួងកសិកម្ម​ពិនិត្យ​ឱ្យបាន​ខ្ពស់​លើ​គុណភាព​ត្រី នាំចូល​ពី​វៀតណាម
ជាតិ
សេដ្ឋកិច្ច
សមាគម​វា​រី​វប្បករ​កម្ពុជា ទាមទារ​ឱ្យ​ក្រសួងកសិកម្ម​ពិនិត្យ​ឱ្យបាន​ខ្ពស់​លើ​គុណភាព​ត្រី នាំចូល​ពី​វៀតណាម
08, Feb 2021 , 10:59 pm        
រូបភាព
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​
រូបពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​
​ភ្នំពេញ​៖ សមាគម​វា​រី​វប្បករ​កម្ពុជា  ទាមទារ​ឱ្យ​ក្រសួងកសិកម្ម និង​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងអស់ ត្រួតពិនិត្យ​ឱ្យបាន​ខ្ពស់​លើ​គុណភាព​ប្រភេទ​ត្រី​នីមួយៗ ដែល​នាំចូល​ពី​វៀតណាម​។ ការទាមទារ​របស់​ស​មា​គម​វា​រី​វប្បករ​កម្ពុជា ក្រោយពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អនុញ្ញាត​ឱ្យមាន​ការនាំ​ចូល​នូវ​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ ពី​ប្រភេទ​វៀតណាម​វិញ​។​



​សូម​ស្តាប់​សំឡេង​របស់លោក លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា ក្នុង​បទ​សម្ភាស​ជាមួយ​កញ្ញា អ៊ូ សុខ​មាន នៃ​សារព័ត៌មាន​ថ្មីៗ​ខាង​តទៅ​៖ 




 
​លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា មិន​ជំទាស់​នឹង​ក្រសួងកសិកម្ម ដែល​អនុញ្ញាតឱ្យ​មានកា​រ​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​ឡើយ​។  ប៉ុន្តែ លោក​សោកស្តាយ ចំពោះ​ការអនុញ្ញាតឱ្យ​នាំចូល​ត្រី​ទាំងនេះ ខណៈ​ការចិញ្ចឹម​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង​ត្រី​ឆ្តោ របស់​វា​រី​វប្បករ​នានា​នៅក្នុង​ស្រុក​មានការ​កើនឡើង ដែល​ត្រី​ទាំងនេះ កំពុង​នៅ​ពេញ​ស្រះ​។ 
 
​លោក​សុខ រ៉ា​ដែន បាន​ស្នើឱ្យ​ក្រសួងកសិកម្ម ឬ​មន្ត្រី​ជំនាញ ត្រូវ​រឹតត្បិត​នូវ​បរិ​មាណនៃ​ការនាំ​ចូល​ត្រី​ពី​វៀតណាម និង​ត្រួតពិនិត្យ​ឱ្យបាន​ខ្ពស់បំផុត​លើ​គុណភាព​ប្រភេទ​ត្រី​នីមួយៗ ដើម្បី​ចង់ដឹងថា មាន​សារ​ធាតុគីមី​ហាមឃាត់​ណាមួយ​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​ឬទេ​?  
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ThmeyThmey.Com នា​រសៀល​ថ្ងៃទី​៨​កុម្ភៈ ប្រធាន​សមាគមន៍​វា​រី​វប្បករ​កម្ពុជា​រូបនេះ​និយាយ​ដូច្នេះ​៖« ឱ្យមាន​ការនាំ​ចូល​ត្រី​ចុះ ប៉ុន្តែ​ត្រូវមាន​ការត្រួតពិនិត្យ​លើ​គុណភាព​!​ទីមួយ​. ថា​តើ​ត្រី​[​ដែល​នាំចូល​ពី​វៀតណាម​នេះ​]​មាន​ដាក់​ថ្នាំ​អង់​ទី​ប៊ី​យូ​ទីក​កម្រិតណា​? [...] ទី​ពីរ​. ត្រី​ដែល​នាំចូល​ពី​វៀតណាម គឺមាន​សារធាតុ​អ្វីដែល​ធ្វើឱ្យប៉ះពាល់​ដល់​អ្នកទទួល​ទាន​»​។ 
 
​លើសពីនេះ លោក សុខ រ៉ា​ដែន ទាមទារ​ឱ្យ​ក្រសួងកសិកម្ម ណែនាំ​ឱ្យ​ឈ្មួញ​ដែល​នាំចូល​ត្រី​ពី​វៀតណាម​ទាំងអស់ ងាក​មក​ប្រមូល​ទិញ​ត្រី ពី​វា​រី​វប្បករ​ក្នុងស្រុក​ឱ្យអស់​សិន ចាំ​បន្ត​នាំចូល​ពី​វៀតណាម​ទៀត​។ 
 
​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម​វិញ ក្រោយ​មានការ​ផ្អាក​នាំចូល​ត្រី​ទាំង​បួន​ប្រភេទ​នេះ អស់​រយៈពេល​ជិត​មួយខែ​កន្លងមក​។ ការអនុញ្ញាតឱ្យ​ឈ្មួញ​នាំចូល​ពី​ត្រី​ទាំងនេះ​ពី​វៀតណាម​វិញ គឺធ្វើឡើង​បន្ទាប់ពី​ភាគី​វៀតណាម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​មក​កម្ពុជា ដោយបាន​លើកឡើងថា កម្ពុជា​គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​សេរីភាព​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​
 
​ក្រសួងកសិកម្ម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​៨​កុម្ភៈ​ថា ឈ្មួញ​ដែល​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​វិញ​នេះ ត្រូវធ្វើឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ទន្ទឹមនឹងនេះ ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់ ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា អាជីវករ​នាំចេញ​-​នាំចូល​ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង​និង​ទទួលស្គាល់​លិខិតបទដ្ឋាន​បច្ចេកទេស​។​
 
​តាមរយៈ​យន្តការ​គណៈកម្មការ​ជំរុញ​វា​រី​វប្បក​កម្ម​កម្ពុជា ក្រសួងកសិកម្ម សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​នឹង​បន្ត​ដោះ​ស្រោ​យ​បញ្ហា​ប្រឈម​របស់​វា​រី​វប្បករ ដើម្បី​អភិវឌ្ឍ​វិស័យ​វារីវប្បកម្ម និង​ពង្រឹង សមត្ថភាព​ប្រកួតប្រជែង​របស់​វា​រី​វប្បករ ស្របតាម​គោលការណ៍​ពាណិជ្ជកម្ម​សេរី ព្រមទាំង​ធានា​ដល់​ការការពារ​សុខភាព មនុស្ស សត្វ បរិស្ថាន និង​ជំរុញ​កំណើន​ពាណិជ្ជកម្ម​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ខាងលើ​៕ 
 
 

Tag:
 កសិកម្ម​
  ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com