កីឡាអន្តរជាតិ
អន្តរជាតិ
មួយ​ឃ្លា «​ស្ត្រី​និយាយ​ច្រើន​» ធ្វើឱ្យ​ប្រធាន​រៀបចំ​អូឡាំពិក​តូ​ក្យូ​អស់តំណែង​
12, Feb 2021 , 4:16 pm        
រូបភាព
​លោក Yoshiro Mori នៅ​ថ្ងៃទី​១២ ខែកុម្ភៈ បាន​ចុះ​ចេញពី​តំណែង​ប្រធាន​គណៈកម្មកា​ធិ​ការរៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ ហើយ បន្ទាប់ពី​លោក​បាន​អត្ថាធិប្បាយ​មិន​សមរម្យ​ពាក់ព័ន្ធ​នឹង​ការ «​រើសអើង​ភេទ​»​។ ទោះ​មានការ​សុំទោស​ក្តី ប៉ុន្តែ​ការបង្ហាញ​ការរើសអើង​របស់ Mori ធ្វើឱ្យ​មានការ​ខឹងសម្បា​រ​យ៉ាងខ្លាំង​ពី​សំណាក់​ប្រជាជន​ជប៉ុន និង​ទូទាំង​ពិភពលោក​។​


​លោក Mori វ័យ​៨៣​ឆ្នាំ បាន​និយាយ​ក្នុង​កិច្ចប្រជុំ​របស់​មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មាធិការ​រៀបចំ​អូឡាំពិក​ជប៉ុន (JOC) ក្រោយ​លាលែង​ថា ប្រសិនបើ​វត្តមាន​លោក​បណ្តាលឱ្យមាន​បញ្ហា នោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមការងារ​តាំងពីដើម​រហូតមកដល់​ពេលនេះ​នឹង​គ្មាន​ន័យ​។​
 
​លោក Saburo Kawabuchi វ័យ​៨៤​ឆ្នាំ​ដែលជា​អតីត​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ជប៉ុន ត្រូវបាន​គេ​ជឿជាក់ថា​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ទទួល​តំណែង​ពី​លោក Mori​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ជប៉ុន Kyodo​។​
 
​លោក Mori ទទួលបាន​ការរិះគន់​យ៉ាងខ្លាំង​លើ​បណ្តាញ​សង្គម បន្ទាប់ពី​លោក​បង្ហាញ​ពី​ការរើសអើង​ភេទ​នៅក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន (JOC) នាពេល​កន្លងមក​។ តាម​ការចុះផ្សាយ​របស់​កាសែត Asahi លោក Mori បាន​និយាយ​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាភិបាល​ស្ត្រី​ថា​«​និយាយ​ច្រើន​និង​រំខាន​» នៅក្នុង​កិច្ចប្រជុំ​នោះ​។​
 
«Mori សូមមេត្តា​លាឈប់​ទៅ​» ឃ្លា​នេះ ត្រូវបាន​បង្ហោះ​នៅ​ពេញ​បណ្តាញ​សង្គម Twitter ក្នុងប្រទេស​ជប៉ុន ដោយ​អ្នកប្រើប្រាស់​ទាំងនោះ​អំពាវនាវ​ដល់​អ្នក​ឧបត្ថម្ភ​ដើម្បី​ដាក់​សម្ពាធ​ដល់​គណៈកម្មាធិការ​រៀប​ចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​បញ្ចប់​តំណែង​លោក Mori តែម្តង​។​
 
​បើ​ទោះ​ធ្លាប់បាន​បដិសេធ​មិន​ចុះ​ចេញពី​តំណែង​ក៏ពិតមែន ប៉ុន្តែ​ចុងក្រោយ​លោក Mori នៅតែ​បោះបង់​កៅអី​ប្រធាន​គណៈកម្មកា​ធិ​ការរៀបចំ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ដដែល ដោយ​លោក​ចាត់ទុក​ស្មារតី​អូឡាំពិក​ជាធំ​៕
 

Tag:
 Yoshiro Mori
  Olympic
© រក្សាសិទ្ធិដោយ thmeythmey.com