COVID-19
ជាតិ
ពលរដ្ឋខ្មែរជិត ១ ៥០០នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩
13, Feb 2021 , 1:59 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងSinopharm ដែលចិនផ្ដល់ឱ្យកម្ពុជា នៅថ្ងៃទី១០ កុម្ភៈ ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្ដេច ហ៊ុន សែន ចាក់វ៉ាក់សាំងSinopharm ដែលចិនផ្ដល់ឱ្យកម្ពុជា នៅថ្ងៃទី១០ កុម្ភៈ ២០២១ នាមន្ទីរពេទ្យកាល់ម៉ែត។
ដោយ:
ភ្នំពេញ៖ គិតត្រឹមថ្ងៃ១២ កុម្ភៈ មានពលរដ្ឋកម្ពុជា ចំនួន១ ៤៩២នាក់ហើយ បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងចំណោមអ្នកស្ម័គ្រចិត្តសរុប ១ ៩៤៧នាក់។ ក្នុងចំណោមអ្នកដែលបានចាក់វ៉ាក់សាំងទាំង ១ ៤៩២នាក់ មានស្ត្រីចំនួន ៤៩៣នាក់។ តួលេខនេះ ត្រូវបានបញ្ជាក់ដោយ អ្នកស្រី ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅលើទំព័រហ្វេសប៊ុកក្រសួងសុខាភិបាល។ 

 
កម្ពុជា ចាប់ផ្តើមការចាក់វ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ដែលជាជំនួយរបស់ចិន ចាប់តាំងពីថ្ងៃទី១០ កុម្ភៈមក។ វ៉ាក់សាំងដែលប្រើប្រាស់ដំបូងនៅកម្ពុជានេះ  អាចចាក់បានតែលើអ្នកមានអាយុ ពី១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ។ ទាក់ទងនឹងវ៉ាក់សាំងនេះដែរ កាលពីថ្ងៃទី១២កុម្ភៈ ក្រសួងសុខាភិបាល បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពីរប្រភេទទៀត ដោយមួយជាវ៉ាក់សាំងផលិតដោយប្រទេសចិន ឈ្មោះ សីណូវ៉ាក់ (Sinovac’s COVID-19) និងមួយជាវ៉ាក់សាំងផលិតដោយចក្រភពអង់គ្លេស ឈ្មោះ អាសស្រ្តា ស៊ីណេកា (AstraZeneca’s COVID-19)។ ប៉ុន្តែគេមិនទាន់ដឹងថា វ៉ាក់សាំងពីរប្រភេទនេះ នឹងមកដល់កម្ពុជានៅពេលណាឡើយ។
 
គួរបញ្ជាក់ថា ក្រសួងសុខាភិបាលបានកំណត់មន្ទីរពេទ្យចំនួន៤ សម្រាប់រៀបចំកម្មវិធីចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ដល់ឥស្សរជន មន្ត្រីរាជការ កងកម្លាំងនគរបាលជាតិ រួមទាំងអ្នកសារព័ត៌មាន។  មន្ទីរពេទ្យកាល់ម៉ែត សម្រាប់សមាជិកព្រឹទ្ធិសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។ មន្ទីរពេទ្យព្រះអង្គឌួងសម្រាប់បុគ្គលិក មន្ត្រីរាជការព្រឹទ្ធិសភា រដ្ឋសភា និងទីស្តីការគណរដ្ឋមន្ត្រី។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់កងកម្លាំងនគរបាលជាតិនៅក្រសួងមហាផ្ទៃ ព្រមទាំងបុគ្គលិក មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា។ មន្ទីរពេទ្យកុមារជាតិ សម្រាប់មន្ត្រីរាជការនៃក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យ និងក្រុមអ្នកសារព័ត៌មាន៕

Tag:
 កូវីដ
 វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com