អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង​ ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ក្រោយ​អនុវត្ត​ការងារ​ខុស​នីតិវិធី​
ជាតិ
ព្រំដែន
អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង​ ត្រូវ​ផ្អាក​ការងារ​បណ្ដោះអាសន្ន ក្រោយ​អនុវត្ត​ការងារ​ខុស​នីតិវិធី​
15, Feb 2021 , 4:31 pm        
រូបភាព
​លោក សាត គឹម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង បានសម្រេច​ផ្អាក​ការងារ​លោក គឹម ពន្លក អធិការ​ស្រុក​កំរៀង ខេត្តបាត់ដំបង ជា​បណ្ដោះអាសន្ន ក្រោយពី​អនុវត្ត​ការងារ​ខុស​នីតិវិធី​។



​ស្នងការ​ខេត្តបាត់ដំបង បានចេញ​លិខិត​បង្គាប់​ឱ្យ លោក គឹម ពន្លក ត្រូវ​បង្ហាញមុខ នៅ​ការិយាល័យ​បុគ្គលិក រៀងរាល់​ម៉ោង​ធ្វើការ ដើម្បី​កែប្រែ​កំហុសឆ្គង និង​រង់ចាំ​ការសម្រេច​ជាថ្មី អំឡុងពេល​ផ្អាក​ការងារ​បណ្តោះអាសន្ន​នេះ ។​
 
​ការសម្រេច​ផ្អាក​ការងារ​មន្ត្រីនគរបាល​រូបនេះ ធ្វើឡើង​ក្រោយពី​សម្ដេច ហ៊ុន សែន ព្រមាន​ដក​ស័ក្តិ និង​បណ្ដេញ​មន្ត្រី​ណា ដែល​ដោះលែង​មេខ្លោង នាំ​មនុស្ស​ឆ្លងកាត់​ផ្លូវ​របៀង​ខុសច្បាប់​។ តាមរយៈ​សារ​សំឡេង​ជិត​៣០​នាទី សម្ដេច បាន​បញ្ជាក់ថា មាន​មន្ត្រី​នៅ​ច្រកព្រំដែន ខេត្តបាត់ដំបង បាន​ដោះលែង​ក្រុម​មេខ្លោង​នាំ​ពលករ​ឆ្លងដែន​គេចវេះ ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​
 
​ក្រៅពី​ព្រមាន​បែបនេះ សម្ដេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អនុវត្ត​វិធានការ​តឹងរឹង​លើ​មេខ្លោង​នាំ​មនុស្ស​ឆ្លងដែន​ខុសច្បាប់ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការជួញដូរ​មនុស្ស​។​
 
«​ក្រៅពីនោះ​ខ្ញុំ​សូម​ចេញ​បទបញ្ជា​ឱ្យ​មន្ត្រី​អនុវត្តន៍​ច្បាប់​ទាំងអស់​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ពួក​មេខ្លោង​ដែល​បាន​នាំ​មនុស្ស​ឆ្លងកាត់​ព្រំដែន​ដោយ​គេច​ផុតពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​»​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន ដែល​បញ្ជា​ឱ្យ​អាជ្ញាធរ​ជាប់​ព្រំដែន​ថៃ វៀតណាម និង​ឡាវ សហការគ្នា​យ៉ាង​ជិតស្និទ ដោយ​ទប់ស្កាត់​ការ​ឆ្លងដែន​ខុសច្បាប់ តាម​ច្រករបៀង ដែល​នាំ​គ្រោះថ្នាក់​ជាយថាហេតុ​ផ្សេងៗ​៕
 

Tag:
 ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com