អាជ្ញាធរ ចាប់មេខ្យល់៨៩នាក់ ដែលភាគច្រើន នាំពលករគេចពីការធ្វើចត្តាឡីស័ក
COVID-19
ជាតិ
អាជ្ញាធរ ចាប់មេខ្យល់៨៩នាក់ ដែលភាគច្រើន នាំពលករគេចពីការធ្វើចត្តាឡីស័ក
24, Feb 2021 , 6:30 pm        
រូបភាព
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ភ្នំពេញ៖ លោក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មេខ្យល់៨៩ ដែលនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចេញចូលប្រទេសកម្ពុជានិងថៃ ត្រូវបានចាប់ខ្លួន ហើយក្នុងចំណោមមេខ្យល់ទាំង៨៩នាក់នោះ ភាគច្រើន បាននាំពលករគេចវេះពីការធ្វើចត្តាឡីស័ក ពេលនាំពលករចូលមកកម្ពុជា។



ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ លោក ឆាយ គឹមខឿន បានមានប្រសាសន៍ថា ការចាប់មេខ្យល់៨៩ទាំងនាក់នោះ (ស្រី៧នាក់) គឺគិតពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១។ លោក បន្តថា ភាគច្រើននៃមេខ្យល់ទាំងនោះ គឺនាំពលករចេញចូលប្រទេសកម្ពុជានិងថៃ ហើយក្នុងនោះមានមេខ្យល់តិចជាង១០នាក់ បាននាំពលករចេញចូលកម្ពុជានិងវៀតណាម។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិរូបនេះ ថ្លែងថា៖«មេខ្យល់ ដែលឃ្លាត់ខ្លួនបាននឹងត្រូវចាត់ការតាមផ្លូវច្បាប់។ ពួកគេទាំងនោះ ខ្លះត្រូវបានបញ្ជូនទៅតុលាការ ហើយមួយចំនួនទៀតកំពុងធ្វើចត្តាឡីស័ក»។ លោក បន្ថែមថា៖«មេខ្យល់ទាំង៨៩នាក់ហ្នឹង ជាអ្នកនាំពលករឆ្លងដែនខុសច្បាប់និងគេចពីចត្តាឡីស័ក។  ប៉ុន្តែភាគច្រើនមេខ្យល់ទាំងនោះគឺនាំពលករគេចវេះពីចត្តាឡីស័ក តែខ្ញុំមិនច្បាស់ចំនួនជាក់លាក់នោះទេ»។

ជាមួយគ្នានេះ លោក អំពាវនាវដល់ពលករទាំងអស់បញ្ឈប់ការឆ្លងដែនខុសច្បាប់និងកុំព្យាយាមគេចវេះពីការធ្វើចត្តាឡីស័ក។

អនុក្រឹត្យថ្មី ពិន័យប្រាក់ពី១០លានរៀលដល់៥០លានរៀល លើអ្នកដែលនាំអ្នកដទៃ គេចវេះពីការធ្វើចត្តាឡីស័ក។ ចំពោះអ្នកដែលគេចវេះមិនចូលធ្វើចត្តាឡីស័ក និងអ្នក គេចចេញពីការធ្វើចត្តាឡីស័ក ក្នុងអំឡុងកំពុងធ្វើចត្តាឡីស័ក នឹងត្រូវពិន័យប្រាក់ពី១លានរៀលដល់៥លានរៀល។

គិតចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ពលរដ្ឋខ្មែរដែលវិលត្រឡប់ពីប្រទេសថៃវិញមានជាង១,៦ម៉ឺននាក់ ក្នុងនោះមានស្រីជាង៦ពាន់នាក់។ រយៈពេលដូចគ្នានេះដែរ កម្ពុជាទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ពីអាជ្ញាធរថៃបានជាង៨០០នាក់។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗ (Thmey Thmey) ទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍៕

អត្ថបទទាក់ទង
 

Tag:
 មេខ្យល់
  ពលករ
  ឆ្លងដែនខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com