កីឡាអន្តរជាតិ
អន្តរជាតិ
អតីតប្រធានក្លិប Barca លោក Bartomeu និងមនុស្សជំនិត ត្រូវដោះលែងបណ្តោះអាសន្ន
03, Mar 2021 , 2:23 pm        
រូបភាព
លោក Josep Maria Bartomeu អតីតប្រធានក្លិប Barcelona នៅថ្ងៃទី៣ ខែមីនាត្រូវបានគេដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន បន្ទាប់ពីលោកត្រូវបានចាប់ខ្លួនដោយសារពាក់ព័ន្ធករណីពុករលួយ។ អតីតទីប្រឹក្សារបស់លោកគឺលោក Jaume Masferrer ក៏បានដោះលែងផងដែរ។


 
លោក Bartomeu រួមជាមួយទីប្រឹក្សារបស់លោក Jaume Masferrer នាយកប្រតិបត្តិក្លិប Óscar Grau និងប្រធានផ្នែកសេវាកម្មផ្នែកច្បាប់លោក RománGómez Ponti សុទ្ធតែត្រូវចាប់ខ្លួនទាំងអស់ បន្ទាប់ពីប៉ូលិសតំបន់កាតាឡូនាបានចូលដល់ទីស្នាក់ការក្លិបនៅកីឡដ្ឋាន Camp Nou ដើម្បីរឹបអូសឯកសារមួយចំនួន ដែលពាក់ព័ន្ធការស៊ើបអង្កេតលើការប្រើប្រាស់លុយមិនត្រឹមត្រូវ និងពុករលួយ។
 
យ៉ាងណាក៏ដោយលោក Bartomeu និងលោក Masferrer ត្រូវបានចៅក្រមសម្រេចដោះលែងបណ្តោះអាសន្នសិនដោយអនុវត្តសិទ្ធិរបស់ពួកគេក្នុងការមិនផ្តល់សក្ខីកម្មនៅថ្ងៃទី២ ខែមីនា ក្រោយពេលសាកសួរនៅតុលាការពីបទដំណើរការរដ្ឋបាលមិនត្រឹមត្រូវ និងអំពើពុករលួយនៅក្លិប Barcelona។ តុលាការជាន់ខ្ពស់នៃតំបន់ Catalonia (TSJC) បានបញ្ជាក់ថា ករណីនេះនៅតែបើកដំណើរការដើម្បីស៊ើបអង្កេតបន្តទៀត។
 
ដោយឡែក នាយកប្រតិបត្តិក្លិប Óscar Grau និងប្រធានផ្នែកសេវាកម្មផ្នែកច្បាប់លោក RománGómez Ponti នៅតែបន្តជាប់ឃុំដដែល។
 
សូមបញ្ជាក់ថា ការឈានដល់ការចាប់ខ្លួនអ្នកទាំង៤ខាងលើ កើតឡើងក្រោយប៉ូលិសស៊ើបអង្កេតរកឃើញថា កាលពីឆ្នាំ២០២០ ក្លិប Barca ដែលស្ថិតក្រោមការដឹកនាំរបស់លោក Bartomeu បានជួលក្រុមហ៊ុន I3 Ventures បង្កើតគេហទំព័រ និងគណនីបណ្តាញសង្គមដើម្បីសរសេររឿងការពារអតីតប្រធានក្លិបរូបនេះ និងសរសេរបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាដែលប្រឆាំងនឹងលោក Bartomeu ដោយក្នុងនោះក៏មានកីឡាករមួយចំនួន រួមទាំង Messi ផង។
 
Barca ត្រូវចោទប្រកាន់ថាបានប្រើប្រាសលុយដើម្បីដំណើរការករណីខាងលើនេះរាប់សែនដុល្លារអាមេរិក និងថែមទាំងប្រើប្រាស់ថវិការក្លិបមិនត្រឹមត្រូវដល់ទៅជិត២លានដុល្លារថែមទៀត កាលពីរដូវកាល ២០១៧-១៨៕
 

Tag:
 Josep Maria Bartomeu
© រក្សាសិទ្ធិដោយ thmeythmey.com