COVID-19
ជាតិ
​អាមេរិក​សាទរ​កម្ពុជា​ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ តាម​យន្តការ COVAX
03, Mar 2021 , 9:29 pm        
រូបភាព
ពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ថ្ងៃទី២មីនា ២០២១។ (រូបពី៖ ThmeyThmey)
ពិធីប្រគល់-ទទួលវ៉ាក់សាំងកូវីដ-១៩ ជំហានទី១ ពីមជ្ឈមណ្ឌលកូវ៉ាក់ ថ្ងៃទី២មីនា ២០២១។ (រូបពី៖ ThmeyThmey)
​សហរដ្ឋអាមេរិក​តាម​រយៈ​ស្ថានទូត​របស់ខ្លួន បាន​សាទរ​កម្ពុជា​ចំពោះ​ការទទួលបាន​វ៉ាក់សាំង AstraZeneca/SII ចំនួន​៣២៤ ០០០​ដូ​ស កាលពី​ល្ងាច​ថ្ងៃទី​២ ខែមីនា​។ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​ដែល​បានទទួល​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX)​។​

 
 
«​ការគាំទ្រ​ចំពោះ​ការឆ្លើយតប​របស់​កម្ពុ​ជា ចំពោះ​មេរោគ​កូ​វីដ​-១៩ តាមរយៈ​យន្តការ COVAX បន្ត​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​យូរអង្វែង​ផ្នែក​សុខភាព​សាធារណៈ​របស់​យើង ជាមួយ​ប្រទេស​កម្ពុជា​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ឯកអគ្គរដ្ឋទូត​អាមេរិក លោក W.Patrick Murphy ដោយ​បន្ថែមថា អាមេរិក​ត្រៀមខ្លួន​ជានិច្ច​ក្នុង​កិច្ចសហការ​ជាមួយ​កម្ពុជា​ដើម្បី​យកឈ្នះ​កូ​វីដ​-១៩​។​
 
​កាលពីពេល​ថ្មីៗ​កន្លងមកនេះ សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការផ្តល់​ជំនួយ​សម្រាប់​គ្រា​ដំបូង ចំនួន ២ ពាន់​លាន​ដុល្លារ ក្នុងចំណោម​ប្រាក់​សរុប​ចំនួន ៤ ពាន់​លាន​ដុល្លារ ដល់​គម្រោង​គំនិត​ផ្តួចផ្តើម​នេះ ដែលជា​ការធ្វើ​ឲ្យ​សហរដ្ឋអាមេរិក​គឺជា​ប្រទេស​រួមចំណែក​ធំជាងគេ​តែមួយគត់ ដល់​ការឆ្លើយតប​ជា​អន្តរជាតិ ចំពោះ​មេរោគ​កូ​វីដ​-១៩​។ 
 
​ស្ថានទូត​អាមេរិក បាន​បន្ថែម​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា ការរួមវិភាគទាន ចំពោះ COVAX តាមរយៈ​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ជួយ​ដល់​ការទិញ និង​ការបញ្ជូន​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ ដែលមាន​ប្រសិទ្ធភាព​និង​សុវត្ថិភាព សម្រាប់​ប្រជាជន​ដែល​ងាយ​រងគ្រោះ និង​ប្រឈម​នឹង​ហានិភ័យ​ខ្លាំងជាងគេ នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង​ចំណូល​មធ្យម​នៃ​ពិភពលោក​។ 
 
 
​បន្ថែម​លើ​នេះ តាមរយៈ USAID អាមេរិក បានផ្តល់​ជំនួយ​ក្នុង​ទឹកប្រាក់ ជាង ១១ លាន​ដុល្លារ​អាមេរិក ដែលជា​ជំនួយ​ពិសេស​ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ការពារ ស្វែងរក និង​ឆ្លើយតប​នឹង​ការរីក​រាលដាល​នៃ​ជំងឺ ក៏ដូចជា​ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ផងដែរ​។ 
 
​ចំពោះ​ការទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ ពី​យន្តការ​កូ​វ៉ា​ក់ ត្រូវបាន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកឡើង​ពី កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​សហគមន៍​អន្តរជាតិ​នាពេល​កន្លងមក ។ សម្តេច​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ « នេះ​គឺ​ការជឿទុកចិត្ត និង​ដោយយោង​លើ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩»​។ 
 
​ក្រៅពី​កម្ពុជា នៅ​តំបន់​អាស៊ី​មាន​ប្រទេស​ដែល​ទទួលបាន​វ៉ាក់សាំង​ដំបូង​គេ​តាមរយៈ​COVAX គឺ​កូរ៉េខាងត្បូង ដែល​បាន​ទិញ​ជាង​១១​ម៉ឺន​ដូ​ស កាលពី​ថ្ងៃទី​២៦​កុម្ភៈ ឆ្នាំ​២០២១ ប៉ុន្តែ​ជា​ការបញ្ជាទិញ​។ ចំណែក​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ តាមរយៈ COVAX មាន​នី​ហ្សេ​រី​យ៉ា ហ្គា​ណា កូត​ឌី​វ័រ និង​អង់​ហ្គោ​ឡា​។ 
 
​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣២៤,០០០​ដូ​ស របស់​ក្រុមហ៊ុន​អា​ស្ត្រា​ហ្ស៊ី​ណិ​កា (AstraZeneca) ដែល​ទទួលបាន​អាជ្ញា​បណ្ណ ផលិត​ដោយ​វិទ្យាស្ថាន​សេ​រ៉ុ​ម (Serum Institute) នៃ​ប្រទេស​ឥណ្ឌា បាន​ដឹក​មកដល់​កម្ពុជា នា​យប់​ថ្ងៃទី​២​មីនា ឆ្នាំ​២០២១​។ 
 
​ក្នុង​ពិធី​ប្រគល់​និង​ទទួល វ៉ាក់សាំង​កូ​វីដ​-១៩ ជំហាន​ទី​១ ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់នៅ​ថ្ងៃទី​២​មីនា លោកស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ នាយិកា​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា អះអាងថា វ៉ាក់សាំង​ថ្មី​នេះ នឹង​អាចជួយ​ឲ្យ​កម្ពុជា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​កូ​វីដ​-១៩ ហើយ​វិល​ទៅ​សភាព​ប្រក្រតី​ថ្មី​មួយទៀត​។ 
 
«​វ៉ាក់សាំង​ថ្មី​នេះ​បង្កើត​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​ផ្លាស់ប្តូរ​ទិសដៅ​នៃ​ការឆ្លង​រាលដាល​ជា​សកល​នេះ​។ ដោយសារតែ​បុគ្គលិក​សុខាភិបាល​និង​បុគ្គលិក​ជួរមុខ​ដទៃទៀត នឹង​ទទួលបាន​វ៉ាក់សាំង យើង​នឹង​អាច​មើលឃើញ​ជា​បណ្តើរៗ​នូវ​ការវិល​ទៅរក​ជីវិត​ជា​ប្រក្រតី​ថ្មី​មួយ រួមទាំង​ការទទួលបាន​សេវា​សុខភាព ការអប់រំ និង​ការពារ​កាន់តែ​ប្រសើរ​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ហ្វ័​រូ​ហ្គ ហ្វ​យូ​ហ្សិថ ដោយ​បញ្ជាក់​បន្ថែមថា កិច្ច​ខំប្រឹងប្រែង​នេះ គឺធ្វើឡើង​ស្របតាម​ស្មារតី​ពង្រីក​ការ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សកល ដោយ​មិនត្រូវ​ទុក​អ្នកណាម្នាក់​ចោល​ឡើយ​៕
 

Tag:
 វ៉ាក់សាំង​
  COVAX
© រក្សាសិទ្ធិដោយ thmeythmey.com